មានអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្ដរជាតិដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាង ៣០០០ ស្ថាប័នកំពុងដំណើរការនៅក្នុងប្រទេស កម្ពុជា។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះជួយគាំទ្រលើវិស័យផ្សេងៗគ្នាជាច្រើនដូចជា សុខាភិបាល ការអភិវឌ្ឍន៍សហគមន៍ ការអប់រំ ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្នុងនាមជាអង្គការភាពជាដៃគូអភិរក្សធម្មជាតិអន្តរជាតិ អង្គការជីវិតសត្វស្លាបអន្តរជាតិបានមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ហើយបានស្វែងរកអង្គការក្រៅរដ្ឋាភិបាលជាតិដែលសមស្របមួយដើម្បីធ្វើជាអង្គការដៃគូរបស់ខ្លួន។ គួរឱ្យសោកស្តាយដែលមិនមានអង្គការក្នុងស្រុកណាមួយបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលតម្រូវឡើយ ដោយហេតុផលនេះអង្គការជីវិតសត្វស្លាបអន្តរជាតិបានបង្កើតកម្មវិធីរបស់ខ្លួនផ្ទាល់នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣។ អស់រយៈពេលជាង១២ឆ្នាំមកហើយដែលគេទទួលស្គាល់ថាការអភិរក្សជីវចម្រុះ និងការអនុវត្តគម្រោងនៅតែពឹងផ្អែកខ្លាំងលើអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។ អង្គការក្រៅរដ្ឋាភិបាលជាតិភាគច្រើនអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ខណៈដែលរបាយការណ៍វិទ្យាសាស្រ្តភាគច្រើនត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញបរទេស និងមិនមានចងក្រងជាភាសាខ្មែរដែលនេះជាកត្តាកំណត់នូវលទ្ធភាពនៃការបង្កើតអង្គការក្រៅរដ្ឋាភិបាលជាតិមួយឱ្យទទួលបានជោគជ័យ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជាអង្គការក្រៅរដ្ឋាភិបាលជាតិដ៏ រឹងមាំមួយនៅកម្ពុជា ដែលដើរតួនាទីនាំមុខគេក្នុងការអភិរក្សជីវចម្រុះដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្រ្ត។ កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការកសាងសមត្ថភាពរបស់អង្គការក្រៅរដ្ឋាភិបាលត្រូវតែអនុវត្តឡើងដើម្បីពង្រឹងតួនាទីរបស់ខ្លួនដែលជាអង្គការជាតិផ្តោតលើវិទ្យាសាស្ត្រ។
ក្លាយជាអង្គការក្នុងស្រុកផ្អែកលើវិទ្យាសាស្រ្តមួយដែលអាចអនុវត្តគម្រោងអភិរក្ស និងផ្តល់នូវព័ត៌មានអំពីសត្វស្លាប និងជីវចម្រុះដែលគួរឱ្យទុកចិត្តបាន
- កសាងសមត្ថភាពស្ថាប័នដើម្បីចូលរួម និងមានឥទ្ធិពលលើរដ្ឋាភិបាល និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ
- បង្កើនសមត្ថភាពស្ថាប័នរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជាដើម្បីធានានូវអភិបាលកិច្ចល្អ និងគាំទ្រដល់ការរីកចម្រើនរបស់អង្គការ
- ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា
- វាយតំលៃបង្កើត និងអនុវត្តផែនការកសាងសមត្ថភាពធនធានមនុស្ស។
- គាំទ្រដល់ការកសាងសមត្ថភាពកម្រិតខ្ពស់ដល់បុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា។
- ឱកាសក្នុងការកសាងសមត្ថភាពកម្រិតខ្ពស់ដល់បុគ្គលិកស្នូលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជាដើម្បីបង្កើនជំនាញរបស់ពួកគេទៅតាមស្តង់ដារអន្តរជាតិ។
- ធានានូវការដំណើរការនៃក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រង។
- ធានាឱ្យគណៈកម្មការប្រតិបត្តិមានដំណើរការ។
- ធានានូវទំនាក់ទំនងយ៉ាងទៀងទាត់រវាងក្រុមប្រឹក្សាភិបាលគ្រប់គ្រង និង គណៈកម្មការប្រតិបត្តិ។
- បង្កើតគោលនយោបាយចាំបាច់ដើម្បីធានានូវអភិបាលកិច្ចល្អ។
- ជ្រើសរើស និងពង្រីកសមាជិកភាពរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា។
- ដាក់ពាក្យសុំធ្វើជាដៃគូរបស់បណ្តាញជាតិ និងអន្តរជាតិ។
- បង្កើតយុទ្ធសាស្ត្រក្នុងការស្វែងរកមូលនិធិជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។
- កសាងសមត្ថភាពរបស់គណៈកម្មការប្រតិបត្តិក្នុងការរៀបចំសំណើស្វែងរកមូលនិធិដើម្បីដាក់ស្នើទៅម្ចាស់ជំនួយ (ដើម្បីទទួលបានមូលនិធិកម្រិត)។
- កសាងសមត្ថភាព និងផ្តួចផ្តើមសកម្មភាព ឬសេវាកម្មដើម្បីស្វែងរកមូលនិធិមិនកំណត់ (រួមទាំងថ្លៃសមាជិកភាព)។