ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ជីវចម្រុះសំខាន់ៗឥណ្ឌូ-ភូមា ដែលជាតំបន់មួយសម្បូរទៅដោយសត្វ និងរុក្ខជាតិ។ យោងតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវចម្រុះឆ្នាំ២០១៦ ប្រទេសកម្ពុជាមានសត្វស្លាបចំនួន ៦០១ ប្រភេទ ត្រីចំនួន ១៣៥៧ ប្រភេទ ថលជលិកចំនួន ៧២ ប្រភេទ សត្វល្មូនចំនួន ១៧៣ ប្រភេទ ថនិកសត្វចំនួន ១៦២ ប្រភេទ និងរុក្ខជាតិចំនួន ៣១១៣ ប្រភេទដែលបានចុះបញ្ជី។ ទោះជាយ៉ាងណាក៏ដោយប្រភេទសត្វ និងរុក្ខជាតិថ្មីៗជាច្រើននៅតែត្រូវបានរកឃើញជាបន្តបន្ទាប់។ ដោយសារតែប្រភេទសត្វ និងរុក្ខជាតិជាច្រើនបានដើរតួនាទីយ៉ាងចម្បងនៅក្នុងប្រព័ន្ធអេកូឡូស៊ី ការអភិរក្សប្រភេទសត្វ និងរុក្ខជាតិទាំងនោះពីការវិនាសផុតពូជបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថានប្រព័ន្ធមុខងារនៃបរិស្ថាននីមួយៗ។
ការបរបាញ់ ការបំពុលសត្វ ការបំផ្លាញទីជម្រក ការបំពុល ការនាំចូលប្រភេទរាតត្បាត និងការប្រែប្រួលអាកាសធាតុត្រូវបានចាត់ទុកថាជាកត្តាគំរាមកំហែងដ៏ចម្បងចំពោះប្រភេទសត្វ និងរុក្ខជាតិទាំងអស់។ សត្វត្រយង ដែលជាប្រភេទសត្វស្លាបជិតផុតពូជបំផុត និងសត្វត្មាតបាននឹងកំពុងទទួលរងការគំរាមកំហែងដោយការបំពុលសត្វ ការរំខាន និងការបម្លែងទីជម្រក។ សត្វខ្សឹប ក៏កំពុងប្រឈមនឹងការវិនាសផុតពូជដោយសារតែការបម្លែងជម្រករបស់ពួកវាទៅជាវាលស្រែប្រាំង។ ទីជម្រកធម្មជាតិរបស់ចាបតេតកម្ពុជា ដែលជាប្រភេទសត្វស្លាបមានតែនៅក្នុងប្រទេសកម្ពុជា និងទើបតែត្រូវបានគេរកឃើញថ្មីៗបាននឹងកំពុងទទួលរងការគំរាមកំហែងដោយគម្រោងនគរូបនីយកម្ម។ ខណៈពេលដែលគោព្រៃបានផុតពូជទៅហើយ ចំនួនប្រភេទថនិកសត្វដែលរងការគំរាមកំហែងជាសកលដូចជាដំរីអាស៊ី ខ្លាធំ/ខ្លាដំបង ខ្ទីង ទន្សោង រមាំង ស្វាកន្ទុយស ខ្លាឃ្មុំតូច ពង្រូល និងផ្សោតក្បាលត្រងោកក៏កំពុងតែថយចុះជាបន្តបន្ទាប់ ហើយអាចនឹងជួបប្រទះជោគវាសនាស្រដៀងគ្នានឹងគោព្រៃដែរប្រសិនបើគ្មានការអភិរក្ស។ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការបាត់បង់ទីជម្រកធម្មជាតិរបស់ពពួកមច្ឆា គឺជាកត្តាគំរាមកំហែងដ៏ចម្បងចំពោះធនធានមច្ឆជាតិកម្ពុជាដែលនាំឱ្យមានការបាត់បង់នូវប្រភេទមច្ឆជាតិសំខាន់ៗជាច្រើនពីទីជម្រករបស់វាដែលស្ថិតក្នុងតំបន់ដីសើម និងសមុទ្រ។
ទប់ស្កាត់ការវិនាសផុតពូជរបស់ប្រភេទសត្វស្លាបជិតផុតពូជ និងជីវចម្រុះផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា
ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអភិរក្សរបស់ប្រភេទសត្វស្លាបជិតផុតពូជ និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា
- កំណត់ និងអនុវត្តសកម្មភាពអភិរក្សដែលសមស្របដើម្បីអភិរក្សប្រភេទសត្វស្លាបជិតផុតពូជនៅកម្ពុជា។
- ការស្រាវជ្រាវ និងការតស៊ូមតិអំពីសត្វស្លាប និងថនិកសត្វនៅក្នុងប្រទេសកម្ពុជា។
- កំណត់ និងអនុវត្ដសកម្មភាពអភិរក្សដែលសមស្របសម្រាប់ប្រភេទដែលរងការគំរាមកំហែងជាសកលយ៉ាងហោចណាស់៣ប្រភេទ។
- ការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃនៅកម្ពុជា។
- គាំទ្រការបង្ក្រាបបទល្មើសសត្វព្រៃ និងសកម្មភាពស្តារនីតិសម្បទា។
- បង្កើនសមត្ថភាពអង្គការជីវិតធម្មជាតិនៅកម្ពុជាដើម្បីជួយគាំទ្ររដ្ឋាភិបាលដែលជាជនបង្គោលក្នុងការទទួលខុសត្រូវបន្ថែមទៀតលើការអភិរក្សប្រភេទសត្វ។