បរិច្ចាក
ព័ត៌មាន

ករណសិក្សា៖ យុវតីម្នាក់ដឹកនាំការផ្សព្វផ្សាយយែនឌ័រនៅក្នុងសហគមន៍បាឡត

ពួកយើងសូមណែនាំ កញ្ញា សែ ពិសី អាយុ ២៥ ឆ្នាំ មកពីភូមិបាឡត ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងបំផុសគំនិត និងលើកទឹកចិត្តសហគមន៍របស់នាង តាមរយៈភាពក្លាហាន និងភាពដឹកនាំ។

កាលពីខែមេសា ឆ្នាំ២០២៥ នេះ ពិសីបានចូលរួមវគ្គបណ្តុះបណ្តាលយែនឌ័រជាមួយសមាជិកសហគមន៍ផ្សេងទៀត ដែលរៀបចំឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)។ ពិសី ជាយុវតីក្លាហានជាងគេក្នុងចំណោមអ្នកចូលរួមទាំងអស់។ ក្រោយពេលចប់វគ្គបណ្តុះបណ្តាល ពិសី បានធ្វើការសម្រេចចិត្តធ្វើជាគ្រូបង្គោលស្ម័គ្រចិត្ដផ្នែកយែនឌ័រប្រចាំភូមិបាឡត។

ជាមួយការងារស្ម័គ្រចិត្ដនេះ ពិសីបានចុះចែករំលែកចំណេះដឹងយែនឌ័រដល់អ្នកភូមិចំនួន ២លើកជារៀងរាល់ ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិសមធម៌ កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងលើកទឹកចិត្តឲ្យស្ត្រីចូលរួមច្រើនជាងមុនក្នុងការសម្រេចចិត្ត។ ក្រៅពីនេះ ពិសីក៏ជាសមាជិកក្រុមល្បាតស្ត្រី ដែលតែងតែចូលរួមជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបាឡត ដើម្បីអង្កេតតាមដានទីជម្រក និងជីវចម្រុះកម្រផ្សេងទៀតក្នុងសហគមន៍ និងតំបន់រ៉ាមសារបឹងទន្លេឆ្មារនៃបឹងទន្លេសាបផងដែរ។

ពិសីបាននិយាយថា៖ “ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការចែករំលែកចំណេះដឹងយេនឌ័រ និងការចូលរួមក្នុងការល្បាតជីវចម្រុះ។ វាផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ព្រោះបុរស និងស្ត្រីឥឡូវនេះយល់បានច្បាស់អំពីសមធម៌ និងរួមគ្នាធ្វើការអភិរក្ស ដើម្បីអោយកូនចៅជំនាន់ក្រោយបានឃើញព្រៃលិចទឹក សត្វស្លាបទឹក និងត្រី។”

គួរបញ្ជាក់ផងដែរថា បញ្ហាយែនឌ័រនៅតំបន់បឹងទន្លេសាបមានបញ្ហាប្រឈមខ្លាំង បើប្រៀបធៀបទៅនឹងសហគមន៍នៅលើតំបន់ដីគោកផ្សេងទៀត ដោយសារមានឧបសគ្គរាំងស្ទះដល់ស្រ្ដីច្រើន ដូចជាកត្តាភូមិសាស្ត្រដាច់ស្រយាល ភាពក្រីក្រខ្ពស់ កម្រិតនៃការយល់ដឹងខ្ពស់ និងផ្នត់គំនិតទំនៀមទំលាប់សង្គមដែលរើសអើងស្រ្ដីជាដើម។ ដើម្បីចូលរួមចំណែកលើកកម្ពស់ស្រ្ដី និងបង្កើតឪកាសដស់ស្រ្ដីក្នុងការចូលរួមក្នុងសហគមន៍ ជាពិសេសលើការការពារធនធានធម្មជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បាននឹងកំពុងអនុវត្ដគម្រោងផ្សព្វផ្សាយ និងលើកកម្ពស់យែនឌ័រ ក្នុងសហគមន៍បាឡត តាមរយៈការអប់រំផ្សព្វផ្សាយ និងជំរុញឪកាសចូលរួមដល់ស្រ្ដីក្នុងសហគមន៍។

យើងមានមោទនភាពក្នុងការគាំទ្រពិសី និងគ្រូបង្គោលយេនឌ័រចំនួន ៨ រូប ផ្សេងទៀត ដែលគម្រោងបានពង្រឹងសមត្ថភាពសម្រាប់ផ្សព្វផ្សាយក្នុងសហគមន៍ក្នុងតំបន់បឹងទន្លេសាបកន្លងមក តាមរយៈគម្រោងលើកកម្ពស់យែនឌ័រ តាមរយៈថវិកាគាំទ្រពីមូលនិធិ Critical Ecosystem Partnership Fund (CEPF)។

ពាក្យសម្គាល់៖
, , ,