ការចែករំលែកបទពិសោធន៍រវាងសហគមន៍បឹងទន្លេសាប និងដីសណ្ដរមេគង្គក្រោម
នៅចុងខែកក្កដា ឆ្នាំ២០២៥ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានដឹកនាំទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍រយៈពេលពីរថ្ងៃ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង (CPA) នៃតំបន់រ៉ាមសារស្ទឹងសែន (បឹងទន្លេសាប) ជាមួយ គណៈកម្មការកសិករស្រូវមិត្តក្រៀល និងក្រុមសន្សំប្រាក់ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ដកំពត។

ទស្សនកិច្ចសិក្សានេះប្រព្រឹត្តឡើងនៅទីតាំងអនុវត្តគម្រោងស្រូវមិត្តក្រៀល ស្ថិតក្នុងភូមិអន្លង់ព្រីង ស្រុកកំពង់ត្រាច និងមានអ្នកចូលរួមចំនួន ២០ នាក់ ក្នុងនោះមាន ស្រ្តីដឹកនាំចំនួន ៨ នាក់។
ក្នុងរយៈពេលពីរថ្ងៃ អ្នកចូលរួមបានផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍អំពី៖
✅ ការរួមបញ្ចូលសមភាពយេនឌ័រនៅក្នុងសកម្មភាពសហគមន៍
✅ ការពង្រឹង និងគ្រប់គ្រងក្រុមសន្សំប្រាក់
✅ ការកែលម្អការគ្រប់គ្រងសហគមន៍សម្រាប់និរន្តរភាព
✅ ការកែលម្អកិច្ចសហការសម្រាប់ការការពារជីវចម្រុះទាំងនៅបឹងទន្លេសាប និងដីសណ្ដរមេគង្គក្រោម


សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងទទួលបានការធ្វើបទអំពីខ្សែរសង្វាក់ផលិតកម្មស្រូវមិត្តក្រៀល និងស្វែងយល់ពីពូជស្រូវដែលដាំដុះដោយកសិករស្រូវមិត្ដក្រៀល ក៏ដូចជាទីតាំងស្រែដែលអនុវត្ដគម្រោងនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។
ស្របពេលជាមួយគ្នានេះដែរ គណៈកម្មការកសិករស្រូវមិត្តក្រៀលក៏បានសិក្សាស្វែងយល់អំពីផលិតផលត្រីទន្លេ (Tonle Fish) ពីសហគមន៍ទួលនាងសាវផ្លូវហ្លួង ដោយទទួលបានចំណេះដឹងអំពីការគ្រប់គ្រងធនធានត្រី និងការអភិរក្សផ្អែកលើសហគមន៍។


ចំនុចពិសេសនៃដំណើរទស្សនកិច្ចនេះគឺ វគ្គចែករំលែកអំពីការចូលរួមរបស់ស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ ដឹកនាំដោយ លោកស្រី ហ៊ុន ឆេងគា ប្រធានសហគមន៍ និងជាគ្រូបង្រៀនយេនឌ័រ។ លោកស្រីបានលើកសំខាន់អំពីភាពខុសគ្នារវាង ភេទ និង យេនឌ័រ ការរារាំងដែលស្រ្តីប្រឈមមុខ និងឱកាសសម្រាប់ស្រ្តីក្នុងសហគមន៍ ដូចជា៖
-ជាអ្នកដឹកនាំក្រុមសន្សំប្រាក់
-ចូលរួមក្នុងក្រុមកែច្នៃត្រីទន្លេ
-ជាសមាជិកក្រុមល្បាតស្រ្តី
-ជាគ្រូបង្រៀនយេនឌ័រ





