ការដាក់បង្ហាញខ្សែភាពយន្តខ្លីស្តីពី “ស្រូវមិត្តក្រៀល” ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥

ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥៖ ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International) និងមូលនិធិ Mandai Nature មានមោទនភាពក្នុងការដាក់សម្ពោធខ្សែភាពយន្តខ្លីបង្ហាញអំពី “គម្រោងស្រូវមិត្តក្រៀល” ដែលជាគំនិតផ្តួចផ្តើមនៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ និងដើម្បីជាផ្នែកមួយនៃការចូលរួមអបអរដល់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥។ ខ្សែភាពយន្តនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងការអនុវត្តរបស់គម្រោងក្នុងរយៈពេល៣ឆ្នាំមកនេះ ជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។
សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំនិងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះជាយ៉ាងណា សត្វក្រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីគ្នេយ៍ ។ បច្ចុប្បន្ន សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា ដែលចំនួននេះបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ។ អ្នកស្រាវជ្រាវជឿជាក់ថាការធ្លាក់ចុះនេះបណ្ដាលមកពីអត្រាការស្លាប់កើនឡើងខ្ពស់និងការធ្លាក់ចុះនៃការពងកូនដោយជោគជ័យដោយសារតែកត្តាគំរាមកំហែងផ្សេងៗ។
ឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសត្វក្រៀល “គម្រោងស្រូវមិត្តក្រៀល” ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩។ គម្រោងនេះលើកកម្ពស់ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះដើម្បីជួយការពារទីជម្រករបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម គម្រោងស្រូវមិត្តកៀលផ្តល់អត្ថប្រយោជន៍សម្រាប់ជីវៈចម្រុះក្នុងតំបន់ដីសើម និងប្រជាពលរដ្ឋ។ នៅឆ្នាំ២០២៥ ផ្ទៃដីដាំដុះរបស់គម្រោងបានពង្រីកដល់ជាង១៨៥ ហិកតា។
ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកគឺជាយុទ្ធនាការមួយធ្វើឡើងចំនួនពីរដង ក្នុងមួយឆ្នាំ នៅខែឧសភា និងខែតុលា ដែលទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វស្លាបទេសន្ដរប្រវេសន៍ និងទីជម្រករបស់ពួកគេ។ ជារៀងរាល់ឆ្នាំ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកប្រមូលផ្តុំមនុស្ស និងអង្គការរាប់ពាន់នៅជុំវិញពិភពលោក ដើម្បីអបអរទិវានេះ បង្កើនការយល់ដឹងអំពីកត្តាគំរាមកំហែងដែលសត្វស្លាបទាំងនេះបានប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ខ្សែភាពយន្តខ្លីនៃគម្រោងស្រូវមិត្តក្រៀលគឺជាការសាទរដ៏សក្តិសមបំផុតសម្រាប់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ “ចែករំលែកទីជម្រក – ការបង្កើតទីប្រជុំជន និងសហគមន៍មេត្រីភាពសត្វស្លាប”។
លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានមានប្រសាសន៍ថា “បន្ទាប់ពីសាកល្បងអស់រយៈពេលបីឆ្នាំ លទ្ធផលវិជ្ជមាននៃគម្រោងនេះបានលើកទឹកចិត្តយើងយ៉ាងខ្លាំង។ យើងមានគោលបំណងក្នុងការពង្រីកគម្រោងនេះដើម្បីទទួលបានសមិទ្ធផលកាន់តែធំក្នុងការអភិរក្សសត្វក្រៀល និងជីវិភាពរបស់សហគមន៍។ យើងសូមអញ្ជើញសាធារណជនទាំងអស់ចូលរួមទស្សនាខ្សែភាពយន្តនេះ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើង និងដើម្បីចូលរួមគាំទ្រដល់គម្រោងអភិរក្សនេះ”។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា “យើងសូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃគម្រោងស្រូវសត្វក្រៀលនេះ។ ក្រសួងបរិស្ថានធ្វើការអភិរក្សធនធានធម្មជាតិដោយសហការជាមួយដៃគូអភិវឌ្ឍជាពិសេសសហគមន៍មូលដ្ឋាន តួយ៉ាងការអភិរក្សសត្វក្រៀលពឹងផ្អែកលើការគាំទ្រនិងចូលរួមពីសំណាក់សហគមន៍មូលដ្ឋាន។ គម្រោងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទប្រសើរឡើង ជួយកាត់បន្ថយការប្រើប្រាស់សារធាតុគីមី និងផ្តល់ជាប្រភពអាហារបន្ថែមសម្រាប់សត្វក្រៀលផងដែរ។ ក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងស្រូវមិត្តក្រៀល និងលើកទឹកចិត្តឱ្យសាធារណជនចូលរួមបរិភោគអង្ករនេះ ដើម្បីទទួលបានសុខភាពល្អ ជួយដល់ប្រជាកសិករយើង ក៏ដូចជាចូលរួមអភិរក្ស និងការពារអនាគតរបស់សត្វក្រៀល។
សូមទស្សនាខ្សែភាពយន្តខ្លីរបស់ “គម្រោងស្រូវមិត្តក្រៀល” ដូចតទៅ៖