បរិច្ចាក

ការលើកកម្ពស់ជីវភាព និងបង្កើនការចូលរួមពីប្រជាមូលដ្ឋាន

ព្រៃឈើ និងតំបន់ដីសើមផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍មូលដ្ឋាន និង     សហគមន៍ជនជាតិដើមភាគតិចដូចជា ការផ្តល់ជាអាហារ វត្ថុធាតុដើម ជួយរក្សាលំនឹងបរិស្ថាន ផ្តល់ជាគុណតម្លៃផ្នែកវប្បធម៌ និងជំនឿជាដើម។ ប្រជាសហគមន៍មូលដ្ឋានភាគច្រើនដែលពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃគឺជាកសិករ។ ដោយសារតែមានជីវភាពក្រីក្រ និងចំណេះដឹងក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅមានកម្រិតទាបបានបង្ខំអោយពួកគេប្រព្រឹត្តនូវសកម្មភាពល្មើសច្បាប់ដូចជា ការកាប់ព្រៃឈើ ការបរបាញ់សត្វព្រៃ និងធ្វើការនេសាទខុសច្បាប់ជាដើម។  ប្រជាសហគមន៍ភាគច្រើនមិនមានប្លង់រឹងដែលជាប័ណ្ណកម្មសិទ្ធិដីធ្លីទេ ដូចនេះពួកគេអាចប្រឈមនឹងការបណ្តេញចេញពីដីដែលពួកគេកំពុងរស់នៅ។ អសន្តិសុខដែលកើតមានពីកត្តានេះអាចជម្រុញឱ្យមានការប្រើប្រាស់ធនធានគ្មាននិរន្តរភាព ហើយជាលទ្ធផលគឺមានការទន្ទ្រានដីចូលតំបន់ការពារ និងធ្វើឱ្យបាត់បង់ព្រៃឈើដែលបានចំណាយពេលវេលាយ៉ាងយូរក្នុងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។

ទោះបីជាប្រជាសហគមន៍មូលដ្ឋានរស់នៅជិតស្និទ្ធ និងពឹងផ្អែកខ្លាំងលើធនធានធម្មជាតិនៅតំបន់ទាំងនោះក្តី ប៉ុន្តែកម្រិតចំណេះដឹង និង​ការយល់ដឹងពីបញ្ហាជីវចម្រុះនៅមានកម្រិតទាប។ សេវាកម្ម និងមធ្យោបាយបន្ថែមដើម្បីបង្កើនការយល់ដឹងពីបញ្ហាបរិស្ថានក៏នៅមានការខ្វះខាតផងដែរ។ ការលើកកម្ពស់ការយល់ដឹងដល់      សាធារណៈអំពីសារៈសំខាន់នៃជីវចម្រុះ និងធ្វើកំណត់នូវតម្រូវការរបស់សហគមន៍មូលដ្ឋានដូចជាការកែលម្អជីវភាពរស់នៅ​ឱ្យមានភាពប្រសើរឡើង គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធានានូវប្រសិទ្ធភាពនៃវិធានការដើម្បីសម្រេចគោលដៅអភិរក្ស។

កង្វះទឹក និងការថយចុះនៃធនធានធម្មជាតិដោយសារការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ពីព្រោះភាគច្រើនពួកគេពឹងផ្អែកលើធនធានធម្មជាតិ។ ការកាត់បន្ថយមូលហេតុនៃការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយផលប៉ះពាល់របស់វា និងការជួយសហគមន៍មូលដ្ឋានក្នុងការសម្របខ្លួនទៅនឹងកាលៈទេសៈថ្មី គឺជាកត្តាចាំបាច់បំផុត។ ដើម្បីធានាមុខងារនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់តម្រូវការចាំ​បាច់​ជា​មូលដ្ឋាន​​ដូចជាម្ហូបអាហារ ទឹក និងប្រេងជាដើមដែលតម្រូវឱ្យមានការស្តារប្រព័ន្ធ អេកូឡូស៊ីដែលសឹករិចរិលដើម្បីជួយដល់សហគមន៍មូលដ្ឋានក្នុងការកសាងភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។

បង្កើនការចូលរួមរបស់ប្រជាជនកម្ពុជាក្នុងការអភិរក្សជីវចម្រុះតាមរយៈការលើកកម្ពស់ការយល់ដឹង និងការកែលម្អជីវភាពរស់នៅរបស់ពួកគេឱ្យមានភាពប្រសើរឡើង។

  1. ផ្តួចផ្តើម និងពង្រឹងទំនាក់ទំនងរវាងការអភិរក្សជីវចម្រុះ និងសុខុមាលភាពរបស់ប្រជាជន
  2. ធ្វើការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់សហគមន៍មូលដ្ឋាន សាលារៀន និងសាធារណជនទូទៅអំពីសារៈសំខាន់នៃសត្វស្លាប ជីវចម្រុះ និងការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថាន
  1. ធ្វើការស្រាវជ្រាវ និងអនុវត្តគម្រោងដែលមានប្រយោជន៍ទាំងការអភិរក្សជីវចម្រុះ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។
  2. លើកកម្ពស់កិច្ចផ្តួចផ្តើមក្នុងការគ្រប់គ្រងរួមគ្នានៅក្នុងតំបន់សត្វស្លាបសំខាន់ៗ និងតំបន់ការពារធម្មជាតិ។
  3. ផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាសហគមន៍មូលដ្ឋានចេះសម្របខ្លួន និងកសាងភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។
  4. ធ្វើសកម្មភាពផ្សេងៗដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃសត្វស្លាបជីវចម្រុះ និងការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថានដល់សហគមន៍ មូលដ្ឋាន សាលារៀន និងសាធារណជនទូទៅ។