បរិច្ចាក
ព័ត៌មាន

វេទិកាសាធារណៈលើកទី៣ ៖ ពង្រឹងកិច្ចសហការ និងប្រសិទ្ធភាពគ្រប់គ្រងនៅតំបន់រ៉ាមសារស្ទឹងសែន

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថានរៀបចំវេទិកាអ្នកពាក់ព័ន្ធស្ដីពី “ការពង្រឹងកិច្ចសហការការពារធនធានធម្មជាតិនៅតំបន់រ៉ាមសារស្ទឹងសែន” នៅស្នាក់ការផាត់សណ្ដាយ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការផ្ដល់ឪកាសជជែកពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា និងកំណត់យុទ្ធសាស្រ្ដនិងផែនការសកម្មភាពរួមជុំវិញការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ការអប់រំនិងផ្សព្វផ្សាយ ការគ្រប់គ្រងកាកសំណល់និងទឹកស្អាត និងការលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងតំបន់រ៉ាមសារស្ទឹងសែន។ កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយ លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប និងមានការអញ្ញើញចូលរួមពីលោក ប៉ែន ធារ៉ាត់ អនុប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ លោក ប៉ែន សាវ៉េង នាយរងផ្នែករដ្ឋបាលជលផល លោក ប៊ូ វរសក្ស អគ្គនាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា និងមានការចូលរួមពីប្រធានការិយាល័យតំបន់ស្នូលស្ទឹងសែន អង្គការដៃគូសំខាន់ៗដូចជា អង្គការសម្ព័ន្ធដើម្បីអភិរក្សជលផល (FACT) ក្រុមហ៊ុនគម្រោងខ្លាត្រី (Fishing Cat) អង្គការអភិរក្សអន្ដរជាតិ (CI) អង្គការ Save the Children អង្គការ VSO Cambodia អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗប្រមាណជា ៣៧ រូប ស្រី ០៣ រូប។

កិច្ចប្រជុំនេះបានផ្ដល់ឪកាសសម្រាប់ការចែករំលែកពីពត៍មានគម្រោង វឌ្ឍនភាពការងារសំខាន់ៗ និងបទពិសោធន៍ល្អៗដែលបានឆ្លុះបញ្ចាំងលើជំរុញលើការសហការរួមទៅលើការការពារធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការគ្រប់គ្រងកាកសំណល់និងទឹកស្អាត និងពង្រឹងការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹងសែនឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ លោក ហុង ចំណាន ក៏បានចង្អុលបង្ហាញពីការកំណត់នូវផែនការសកម្មភាព និងយុទ្ធសាស្រ្ដឆ្លើយតបទៅលើកង្វល់នៃបទល្មើសនេសាទក្នុងតំបន់ (ជាពិសេសបទល្មើសឆក់ត្រីត្រជាក់ និងក្ដៅ) ដោយបានជម្រុញកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន មន្រ្ដីជំនាញ និងសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់និងចុះអន្ដរាគមន៍បន្ទាន់លើករណីប្រើប្រាស់ឧបករណ៍ឆក់គ្រប់ទម្រង់ក្នុងតំបន់ និងជម្រុញឲ្យមានការអនុវត្ដការកសាងសំណុំរឿងទៅតុលាការលើករណីដែលជនល្មើសនៅតែប្រព្រឹត្ដក្រោយទទួលបានកិច្ចសន្យាអប់រំជាច្រើនសារ។ ផែនការសកម្មភាពនេះមានការយល់ស្រប និងគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរមូលដ្ឋាន និងអ្នកចូលរួមទាំងអស់ ហើយនឹងបន្ដតាមដានលទ្ធផលនៃការអនុវត្ដរហូតដល់វេទិកាប្រជុំបន្ទាប់ក្នុងខែធ្នូ ខាងមុខនេះ។

បន្ថែមលើពីនេះ លោក ហុង ចំណាន បានសម្ដែងការកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំនេះឡើង ដែលជាវេទិកាសាធារណៈសម្រាប់អ្នកពាក់ព័ន្ធអាចចូលរួមចែករំលែក និងជជែកពិភាក្សាពីកង្វល់ និងបញ្ហានានាដែលកំពុងកើតមានទាំងក្នុងសហគមន៍ និងតំបន់រ៉ាមសារស្ទឹងសែន រួមទាំងឃុំផាត់សណ្ដាយទាំងមូលផងដែរ។

អរគុណ Critical Ecosystem Partnership Fund ដែលបានឧបត្ថម្ភហិរញ្ញវត្ថុដល់សកម្មភាពនេះ។

ពាក្យសម្គាល់៖