បរិច្ចាក
ព័ត៌មាន

សិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅ​តែ​ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗដូចជា ទន្សោង ខ្ទីង និងប្រភេទសត្វដែលកំពុង​រង​ការ​គំរាម​កំហែង​ជាសកលជាច្រើនទៀត!

សត្វព្រៃចំនួន 28ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង​​អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនិងកំណត់​អត្ត​សញ្ញា​ណ។

ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅ​តែ​ជា​ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និង​ស្វា​កន្ទុយ​ស​​ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់​ក្នុងការថែរក្សាលំនឹង​ប្រព័ន្ធ​អេកូឡូស៊ីនៅក្នុងព្រៃ។

ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់​ទី​ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតក​បៃ​តង​ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ​ពីប្រភេទ​ថនិក​សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការ​អភិរក្ស​ក្រោម​គម្រោង​រេដបូក​លំផាត់។

លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទដែលមាន​ទំហំ​ផ្សេង​ៗ​គ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ​មានមាឌធំជាងគេនៅលើពិភពលោក រហូត​ដល់​ប្រភេទ​សត្វក្តាន់ញ៉ែង ដែលជាប្រភេទ​​អំបូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផង​ដែរ​។​ ហើយ​ក៏​មាន​ប្រភេទសត្វព្រៃ​ជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះ​ខ្ពស់​ក្នុង​បញ្ជី​ក្រហម​​របស់​អង្គ​ការ​​សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមាន​សត្វ​ពីរ​ប្រភេទស្ថិត​ក្នុង​ស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែល​ងាយ​នឹង​ឈាន​ដល់​ការ​ផុត​ពូជ​បើ​សិន​ជាមិនមានការការពារទេនោះ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការសិក្សានេះបញ្ជាក់​ថា​ ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្ត​គម្រោងរេដបូក​នេះពិតជាមាន​សារៈសំខាន់​ជាសកល។ វត្តមាន​នៃ​ប្រភេទ​សត្វដ៏អស្ចារ្យ ​ដូច​ជាខ្ទីង និងទន្សោង បានបង្ហាញ​ពី​តម្រូវការកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្សរួម​គ្នា​ដើម្បី​ការពារជម្រក​ព្រៃឈើដ៏សំខាន់ដែល​នៅ​សេសសល់​នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយ​និង​ប្រភេទសត្វ​ជិត​ផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បី ការពារតំបន់​ទេស​ភាព​​ដ៏វិសេសនេះ សម្រាប់កូនចៅ​ជំនាន់ក្រោយរបស់យើង»។

ឯកឧត្តម ខ្វៃ អាទិត្យា  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រាសាសន៍ថា៖ «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។  កន្លងមកក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត។ លទ្ធផលនៃការសិក្សារួមគ្នាកន្លងមកនេះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានលើកកម្ពស់ជីវភាពប្រជាសហគមន៍កាន់តែប្រសើរនៅក្នុងតំបន់ទាំងនោះ ស្របតាមយុទ្ធសាស្រ្តនិងគោលនយោ បាយជាតិ របស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។

អ្នកស្រី Kerry Pelzman  នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បានលើកឡើងថា៖ «កិច្ចសហការរបស់ USAID ជាមួយក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង​ ចំពោះការអភិរក្សជីវៈចម្រុះ​នៅកម្ពុជា និងទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យនៅត្រឹមសូន្យ។ USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលពង្រឹងភាពក្លាហានដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ ស្របពេលជាមួយគ្នានៃការចូលរួមការពារធនធានធម្មជាតិ និងប្រភេទសត្វជិតផុពូជរបស់កម្ពុជាផងដែរ»។

ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់​ប្រទេស​កម្ពុជា និង​មាន​ប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែន​ជម្រ​ក​​​​ នេះក៏ទ្រទ្រង់ជីវិត​សត្វ​ជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយង​ចង្កំ​ក​ស​​ ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ។ តំបន់ទេសភាព​នេះ​ក៏បាន​ទ្រទ្រង់​ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និងជុំវិញ​តំបន់​ព្រៃឈើនេះ​ផង​ដែរ។ ពួក​គាត់​​​ភាគច្រើនរស់នៅពឹងផ្អែក​យ៉ាងខ្លាំងលើ​អនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ី​នៅ​ក្នុង​ដែន​​ជម្រក​សត្វព្រៃ​សម្រាប់ចិញ្ចឹមជីវិត។

ក៏ប៉ុន្តែក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ត្រូវបានរងផល​ប៉ះ​ពាល់យ៉ាង​ខ្លាំង​ដោយ​សកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំ ដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរិចរិលព្រៃឈើ និង​ការ​បាត់បង់ជីវៈចម្រុះ​។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមាន ការទន្ទ្រានព្រៃឈើ​សម្រាប់​ការ​ពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននឹងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃ​នៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ សង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំងតាមរយៈការអនុវត្តគម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង។ គម្រោងរេដបូកនេះផងដែរ នឹងជួយការពារព្រៃឈើសម្រាប់ស្តុកទុកកាបូន បង្កើនឱកាសវិនិយោគ ពង្រីកសកម្មភាពអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍។ សកម្មភាពទាំងនេះរួមមាន ការ​ស្តារទីជម្រកនៅតំបន់ព្រៃដីសើម ការពង្រឹងការចូលរួមរបស់សហគមន៍ មូលដ្ឋានក្នុងការល្បាត និងរួមគ្នា​គ្រប់គ្រង​ធនធានធម្មជាតិរបស់ពួកគេ ការលើកកម្ពស់កម្មវិធីដាំស្រូវសរីរាង្គ​មិត្តភាព​សង្រ្គោះសត្វព្រៃ (អាយ​ប៊ីសរ៉ាយស៍) កម្មវិធីស្វាយចន្ទីគ្មានការ កាប់បំផ្លាញព្រៃឈើ និងការពង្រឹង ភាព​អង់អាច​ដល់​យុវជន​ក្នុង​ការអភិរក្ស​ជាដើម។

អំពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះ

គោលដៅសំខាន់មួយនៃគម្រោងរេដបូកគឺការផ្តល់អត្ថប្រយោជន៍បន្ថែមក្នុងការ​ការពារ​ព្រៃឈើ និង​ជីវៈ​ចម្រុះ​។​ អង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលពីមុនគឺជាកម្មវិធីរបស់ប្រចាំកម្ពុជារបស់ BirdLife International និងក្រសួង​បរិស្ថានមាន​ទិន្ន​ន័យលម្អិតអំពីប្រភេទសត្វស្លាប​ដែលមាន​អាទិភាពខ្ពស់រយៈពេលជាង​ដប់ឆ្នាំ​មក​ហើយ​ ក៏ប៉ុន្តែ នេះគឺជាការវាស់ស្ទង់ទិន្នន័យ​តាមម៉ាស៊ីនថត​ស្វ័យប្រវត្តិទ្រង់ទ្រាយធំ​លើកដំបូង ដែលផ្តោត​លើ​ប្រ​ភេទ​ថនិកសត្វ។ ហេតុដូច្នេះហើយ ការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនេះ ត្រូវបានធ្វើឡើង​ជា​លក្ខ​ណៈ​ប្រព័ន្ធ ដែលគ្រប​ដណ្តប់​លើផ្ទៃដី ១២៧២ គីឡូម៉ែត្រការ៉េ នៃតំបន់គម្រោងរេដបូក។ ជាមួយនឹងកាមេរ៉ាចំនួន ៤០ ត្រូវបាន ដាក់ក្នុងរយៈពេល ៧៤២៨ ថ្ងៃសម្រាប់ថតយករូបភាព ការសិក្សានេះ​បាន​បង្ហាញ​ថា លំផាត់​នៅ​តែ​ជា​ជម្រក ដ៏សំខាន់ និងជាកន្លែងដ៏រឹងមាំសម្រាប់ប្រភេទសត្វ​ដែលងាយ​រង​គ្រោះជាច្រើន រួមទាំងថនិកសត្វ​ជា​​ច្រើនប្រភេទដែលពេលនេះ ត្រូវបានបាត់បង់យ៉ាងគួរឱ្យ​សោកស្តាយ​ពីកន្លែងភាគច្រើននៅភូមិភាគអាស៊ី​អាគ្នេយ៍។ លទ្ធផលនៃការស្រាវជ្រាវនេះក៏ផ្តល់​នូវព័ត៌មានមូលដ្ឋានដ៏រឹងមាំមួយ សម្រាប់ការបន្តតាមដានពី​ប្រសិទ្ធ​ភាពនៃ សកម្មភាពអភិរក្សក្រោម​គម្រោងរេដបូកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៅមុខទៀតផងដែរ។

អានរបាយការណ៍សង្ខេបនៅទីនេះ៖ https://drive.google.com/file/d/1yRCIXln99CiCWL3_ETfg1_G2fCLGSuet/view

ទាញយករូបភាពសត្វព្រៃពីម៉ាស៊ីនថតនៅទីនេះ៖ https://drive.google.com/drive/folders/1XPOMAWC61gY1svb8uF2Awdhef1RcmgHW

ពាក្យសម្គាល់៖