បរិច្ចាក
ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានរួម ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារ បន្ថែមទៀត

លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទ ដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល នៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤ កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រក​សត្វព្រៃឆែបក្នុងខេត្ត ព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្ត មណ្ឌលគិរី។ គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រ​ភេទ​​​​ជិតផុតពូជបំផុតក្នុងបញ្ជី ក្រហមនៃអង្គការ IUCN។

ជាមួយ លទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើនឡើង នូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការអបអរសាទរចំពោះ សញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ ខណៈ ដែលពិភពលោកតែងប្រារព្ធទិវាអន្តរជាតិនៃការយល់ដឹងអំពី សត្វត្មាតនៅសប្តាហ៍ទី១ នៃខែកញ្ញាជារៀងរាល់ឆ្នាំ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នក អភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។ ឯកឧត្តមមានប្រសាសន៍ថា  ៖«ក្នុងនាមក្រសួង បរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារ អភិរក្ស សត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារ ព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។

ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការវិលត្រលប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់ រយៈពេលជាង ៥ឆ្នាំ។ ទន្ទឹមនឹងនេះដែរ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជម្រក សត្វព្រៃ សំបូរនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នាបាន កើនឡើងទ្វេរដង សម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាលសម្រាប់រយៈពេលពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១ នេះ។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមចូលរួមអបអរសម្រាប់ដំណឹងដ៏ល្អនេះដែលវា ពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយក្រសួងបរិស្ថាន ក្រុម ការងារនៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា និងក្រុមអ្នកជំនាញវិទ្យាសាស្រ្តនៃអង្គការដៃគូរ ទាំងអស់ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំបន្ថែមទៀតសំដៅជំរុញឱ្យចំនួនសត្វស្លាបទាំងនេះមានកំណើន​ឡើងវិញនៅ ថ្ងៃខាងមុខ»។ លោកបានថ្លែងទៀតថា៖ «លទ្ធផលជាច្រើនដែលស្ថាប័នជំនាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ប្រជាជនមូលដ្ឋាន និងដៃគូទាំងអស់សម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាកត្តារួម ចំណែកយ៉ាងសំខាន់ដល់ការរស់រានរបស់សត្វត្មាតសំខាន់ៗទាំងនេះ។​ វាជាការវិវត្តដ៏វិជ្ជមានមួយដែលផ្តល់ជាក្តីសង្ឃឹម សម្រាប់ការអភិរក្សដើម្បីអភិវឌ្ឍន៍នៅកម្ពុជា»។

ទោះជាយ៉ាងណាក៏ដោយ  ក្នុងឱកាសនៃទិវាអន្តរជាតិដើម្បីយល់ដឹងអំពីសត្វត្មាតនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត និងស្រាវជ្រាវ សត្វត្មាតកម្ពុជា ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះវត្តមានសត្វត្មាតនៅកម្ពុជាដែលកំពុងទទួលរង​ការ​គំរាមកំហែងជិត ផុតពូជ។ ​បញ្ហាប្រឈមចម្បងៗរបស់សត្វត្មាត រួមមាន ការបាត់បង់ទីជម្រក​ ការបំពុល ការពុលនឹងសារធាតុគីមីដែលគេ ប្រើប្រាស់សម្រាប់គោលដៅផ្សេង និងសកម្មភាពរំខានដោយមនុស្ស វត្តមានថ្នាំព្យាបាលសត្វ Diclofenac ការបរាជ័យនៃការ ពងកូន និង កង្វះ​ចំណីអាហារ។ ដើម្បីការពារ និងស្តារចំនួនសត្វត្មាតឱ្យ មានចំនួនកើនឡើងវិញ យើងចាំបាច់ត្រូវរួមគ្នារៀបចំ និងអនុវត្តជាបន្ទាន់នូវវិធានការអភិរក្សសមស្របនានា សំដៅជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការពារធនធាន ព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត សម្រាប់ផ្តល់ជាទីជម្រកដល់សត្វត្មាត និងសត្វព្រៃ និងជីវៈចម្រុះផ្សេងៗ ទៀត ក៏ដូចជាដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់កម្ពុជាទៅនឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ​។ មិនតែប៉ុណ្ណោះ ការធានា បាននូវការរស់រានរបស់សត្វត្មាតមានសារៈសំខាន់ណាស់ ព្រោះសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ដោយ សារតែវាជាភ្នាក់ងារសម្អាតសាកសពសត្វក្នុងបរិស្ថានធម្មជាតិ ដែលជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗពី សត្វងាប់។

លោក Alistair Mould ប្រធានប្រតិបត្តិ អង្គការសមាគមអភិរក្សសត្វព្រៃ និងជាសហប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ​បានមានប្រសាសន៍ថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និង សហគមន៍មូលដ្ឋានដើម្បីបង្កើនការយល់ដឹង និងការពារទប់ស្កាត់សកម្មភាពបំពុលគ្រប់ប្រភេទដើម្បីជួយសង្គ្រោះសត្វត្មាត នៅកម្ពុជាពីការផុតពូជ»។​

សូមរំឭកថា លទ្ធផលជំរឿនសត្វត្មាតថ្នាក់ជាតិគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាសត្វត្មាតមានចំនួនសរុបចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល, ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។ កាលបរិច្ឆេទសម្រាប់ការធ្វើជំរឿន សត្វត្មាតទូទាំងប្រទេសលើកទី០៤ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។

ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះ ពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ សកម្មភាពសិក្សាស្រាវជ្រាវនិងអភិរក្សសត្វត្មាត​នៅប្រទេសកម្ពុជា បានចាប់ ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ដែលនៅពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ក្បាល ដែលជាទិន្ន​ន័យ​ធ្វើជំរឿនលើកដំបូង។ ​ទិន្នន័យជំរឿនឆ្នាំ២០១០ ចំនួនសត្វត្មាតបានកើន​ដល់ ២៨៩ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាតមានការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់​​បច្ចុប្បន្ន​ ចំនួនសត្វត្មាតទាំងបី ប្រភេទមានចន្លោះពី ១២០ ទៅ១៤០ក្បាល។ ដោយឡែកចំនួនសំបុកដែលបានរកឃើញនិងការពារក៏មានការធ្លាក់ចុះពី ២៧សំបុក នៅក្នុងឆ្នាំ២០១៥ មកសល់ត្រឹម ១៤សំបុក ក្នុងឆ្នាំ២០២១នេះ។ សំបុកត្មាតផេះដ៏តិចតួចត្រូវបានរកឃើញខណ:ដែល ចំនួនសរុបសត្វនេះមានច្រើនជាងគេនៅកម្ពុជា។

លោក ប៊ូ វរសក្ស នាយកស្តីទីអង្គការជីវិតធម្មជាតិនៅកម្ពុជាននិងជានាយកកម្មវិធីអង្គការBirdLife បានមានប្រសាសន៍ថា៖ «នៅដែនជម្រកសត្វព្រៃលំផាត់ សំបុកត្មាតចុងក្រោយបានរកឃើញក្នុងឆ្នាំ២០១៦។ ការថយចុះនៃចំនួនសំបុកត្មាតទូទាំង ប្រទេសជាកត្តាគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវនិងបង្កើនវិធានដើម្បីការពារសំបុកបន្ថែមទៀត។ យើងខ្ញុំ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាសហគមន៍ឱ្យចូលរួមទប់ស្កាត់ការកាប់បំផ្លាញ ដើមឈើធំៗដែលត្មាត ជ្រើសរើសដើម្បីកាច់សំបុក និងការឡើងយកពងកូនសត្វ​ជាដើម»។​

ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម​ការពារ និងអភិរក្សសត្វត្មាតដែលជា ប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក​ លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការ បរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃ ជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix  និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ​ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ឯកឧត្តម​ នេត្រ ភក្ត្រា

រដ្ឋលេខាធិការនិងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​

012 483 283

ពាក្យសម្គាល់៖