បរិច្ចាក

អភិរក្សទីជម្រក

ប្រទេសកម្ពុជាស្ថិតនៅតំបន់ជីវចម្រុះសំខាន់ៗដែលសម្បូរទៅដោយប្រភេទសត្វជាច្រើនដែលជាគោលដៅអភិរក្ស។ តំបន់សត្វស្លាបសំខាន់ៗ គឺជាកន្លែងដែលមានសារៈសំខាន់ជាអន្តរជាតិសម្រាប់ការអភិរក្សសត្វស្លាប និងជីវចម្រុះផ្សេងទៀត។ នៅប្រទេសកម្ពុជាមានតំបន់សត្វស្លាបសំខាន់ៗចំនួន៤០កន្លែង ដែលត្រូវបានវាយតម្លៃដោយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាក្នុងឆ្នាំ២០០៣។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះចាំបាច់ឱ្យមានការវាយតម្លៃឡើងវិញ និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពបច្ចុប្បន្នរបស់វាដើម្បីធានាការអនុវត្តការងារអភិរក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ តំបន់សត្វស្លាបសំខាន់ៗ គឺជាផ្នែកមួយនៃតំបន់ជីវចម្រុះសំខាន់ៗ ដែលតំបន់ទាំងនោះរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ដល់ការវិនាសផុតពូជជាសកល។ តំបន់សត្វស្លាបសំខាន់ៗត្រូវបានកំណត់ឡើងដោយការប្រើប្រាស់សត្វស្លាបធ្វើជាលក្ខណៈវិនិច្ឆ័យ ខណៈពេលដែលតំបន់ជីវចម្រុះសំខាន់ៗត្រូវបានកំណត់ឡើងដោយការប្រើប្រាស់លក្ខណៈវិនិច្ឆ័យស្តង់ដារនៃពពួករុក្ខជាតិ សត្វ​ និងប្រព័ន្ធអេកូឡូស៊ី។ គេរំពឹងទុកថាតំបន់សត្វស្លាបសំខាន់ៗជាច្រើនអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយទៅជាតំបន់ជីវចម្រុះសំខាន់ៗ ដោយផ្អែកលើស្តង់ដារតំបន់ជីវចម្រុះសំខាន់ៗដូចជាប្រភេទសត្វផ្សេងៗ និងលក្ខណៈផ្នែកជីវចម្រុះជាដើម។

យោងតាមក្រសួងបរិស្ថាន ប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិសរុបចំនួន៤៩។ តំបន់ទាំងនេះរួមមានតំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌជាតិ តំបន់ស្នូលឋបនីយជីវមណ្ឌល និងតំបន់ឧទ្យានជាតិសមុទ្រ។ តំបន់សត្វស្លាបសំខាន់ៗភាគច្រើនស្ថិតនៅក្រោមការការពារផ្នែកច្បាប់របស់ក្រសួងបរិស្ថាន ពីព្រោះពួកគេស្ថិតនៅក្នុងតំបន់ការពារ    ធម្មជាតិថ្នាក់ជាតិ។ ជាអកុសល ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លីបានគំរាមកំហែងដល់ទីជម្រកសំខាន់ៗទាំងនោះ។ គន្លឹះចម្បងក្នុងការអភិរក្សសត្វ គឺការការពារទីជម្រករបស់ពួកវា ប៉ុន្តែទីជម្រកសំខាន់ៗរបស់ប្រភេទសត្វជិតផុតពូជ គឺស្ថិតក្រោមការគំរាមកំហែងពីការបម្លែងទីជម្រកទៅជាដីកសិកម្ម ការបាត់បង់ទីជម្រក ប្រភេទរាតត្បាត និងការប្រើប្រាស់ធនធានហួសកម្រិត។ ដូចនេះ ទាមទារ​ឱ្យមានការបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការបាត់បង់ទីជម្រក។ ទីជម្រកនៅទីនេះគឺសំដៅលើតំបន់ដែលស្ថិតក្នុងតំបន់សត្វស្លាបសំខាន់ៗ និងតំបន់ការពារធម្មជាតិដែលអាចទ្រទ្រង់ដល់ប្រភេទសត្វសំខាន់ៗក្នុងកំឡុងពេលនៃវដ្ដជីវិតរបស់ពួកវា ។

តំបន់ការពារធម្មជាតិ រួមទាំងតំបន់សត្វស្លាបសំខាន់ៗនៅកម្ពុជាគឺ ជាគោលដៅសម្រាប់ការអភិរក្សរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា។ អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងផ្តោតលើទីជម្រកដែលរងការគំរាមកំហែង និងមិនទាន់មានការគាំទ្រលើសកម្មភាពអភិរក្សណាមួយឡើយនាពេលបច្ចុប្បន្ន។ អង្គការជីវិតធម្មជាតិនៅកម្ពុជាជឿជាក់ថាបើមានការការពារទីជម្រក សត្វព្រៃនឹងត្រូវបានការពារ ហើយវានឹងជៀសផុតពីការវិនាសផុតពូជ។

អភិរក្សទីជម្រកនៅក្នុងតំបន់សត្វស្លាបសំខាន់ៗ/តំបន់ជីវចម្រុះសំខាន់ៗ និងតំបន់ការពារធម្មជាតិដែលទទួលរងការគំរាមកំហែង

ដើម្បីអភិរក្សស្តារ និងការពារតំបន់សត្វស្លាបសំខាន់ៗ/តំបន់ជីវចម្រុះសំខាន់ៗ និងតំបន់ការពារធម្មជាតិដែលទទួលរងការគំរាមកំហែង

  1. ធ្វើសារពើភណ្ឌ និងបច្ចុប្បន្នភាពបញ្ជីតំបន់សត្វស្លាបសំខាន់ៗនៅកម្ពុជា និងគាំទ្រដល់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យរបស់តំបន់សត្វស្លាបសំខាន់ទៅជាតំបន់ជីវចម្រុះសំខាន់ៗ។
  2. កំណត់ ស្តារ ការពារ និងផ្សព្វផ្សាយពីទីជម្រកសំខាន់ៗរបស់ប្រភេទសត្វដែលទទួលរងការគំរាមកំហែងជាសកល។
  3. ផែនការគ្រប់គ្រងការបែងចែកតំបន់គ្រប់គ្រងសម្រាប់តំបន់ការពារធម្មជាតិ និងផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិដ៏សមស្របមួយត្រូវបានអនុម័ត និងអនុវត្ត។
  4. អភិរក្ស និងតាមដានលើតំបន់សត្វស្លាបសំខាន់ៗដែលរងការគំរាមកំហែងឱ្យបានទៀងទាត់។
  5. គាំទ្រការកសាងសមត្ថភាពដល់អាជ្ញាធរនៅតំបន់ការពារធម្មជាតិ។