‘ផ្លូវហោះហើរ’ គឺជាពាក្យដែលប្រើសម្រាប់ពិពណ៌នាអំពីតំបន់ភូមិសាស្ត្រមួយដែលអាចទ្រទ្រង់ដល់ចំនួនសត្វស្លាបទេសន្តរប្រវេសន៍ដែលធ្វើការបម្លាស់ទីក្នុងវដ្តប្រចាំឆ្នាំរបស់ពួកវា។ បច្ចុប្បន្នមានផ្លូវហោះហើរចំនួនប្រាំបួនត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរអាស៊ីខាងកើត-អូស្ត្រាលី និងបានក្លាយជាសមាជិកនៃភាពជាដៃគូផ្លូវហោះហើរអាស៊ីខាងកើត-អូស្ត្រាលីតាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។ នៅក្នុងប្រទេសកម្ពុជាមានសកម្មភាពគម្រោង និងធនធានមនុស្សដែលធ្វើការទាក់ទងនឹងការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងផ្លូវហោះហើររបស់ពួកវាតិចតួចណាស់ ហើយព័ត៌មានដែលទាក់ទងនឹងប្រភេទ ឬចំនួនរបស់សត្វស្លាបទេសន្តរប្រវេសន៍ក៏នៅមានកម្រិត។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានផ្លូវហោះហើរតែមួយគត់ដែលមានទីតាំងស្ថិតនៅតំបន់រ៉ាមសារកោះកាពិ (ខេត្តកោះកុង)។ ចកឡជើងពហូត ដែលជាសត្វស្លាបតំបន់ឆ្នេរ និងជាប្រភេទជិតផុតពូជត្រូវបានរកឃើញនៅតំបន់ដែលមានសារៈសំខាន់ជាអន្តរជាតិមួយនេះ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើការសិក្សាបន្ថែមដើម្បីផ្តល់ទិន្នន័យមូលដ្ឋានដ៏ត្រឹមត្រូវសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងបង្កើតយន្ដការអភិរក្ស។ អង្គការជីវិត ធម្មជាតិនៅកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយពីផ្លូវហោះហើរ និងធ្វើការអភិរក្សប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ដែលបម្លាស់ទីតាមផ្លូវហោះហើររបស់វា។
ពង្រឹងចំណេះដឹង និងការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ (សត្វស្លាបតំបន់ឆ្នេរ និងសត្វស្លាបលើគោក) នៅក្នុងប្រទេសកម្ពុជា
លើកកម្ពស់ចំណេះដឹងស្តីពីសត្វស្លាបទេសន្តរប្រវេសន៍ និងបង្កើតទីជម្រកសុវត្ថិភាពសម្រាប់ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍សំខាន់ៗ
- ធ្វើការវាយតម្លៃ និងដាក់បញ្ចូលតំបន់ទីជម្រកសត្វស្លាបទេសន្តរប្រវេសន៍សំខាន់ៗជាតំបន់ផ្លូវហោះហើរសត្វស្លាបក្នុងប្រទេសកម្ពុជា។
- បង្កើនការយល់ដឹង និងការអប់រំស្តីពីសត្វស្លាបទេសន្តរប្រវេសន៍។
- អភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។
- កិច្ចសហការក្នុងតំបន់សម្រាប់សកម្មភាពអភិរក្ស។