អង្គការជីវិតធម្មជាតិនៅកម្ពុជា គឺជាអង្គការអភិរក្សជីវចម្រុះ ក្រៅរដ្ឋាភិបាលមួយ នៅកម្ពុជាដែលដឹកនាំដោយ ក្រុមប្រឹក្សាភិបាល ដែលជាអ្នកអភិរក្សមានបទពិសោធន៍និងត្រូវបានទទួលស្គាល់ ចំនួនបួននាក់:
លោកបណ្ឌិត ស្រី ស៊ុនលាង – ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា: លោកបណ្ឌិត ស៊ុនលាង បានទទួល សញ្ញាបត្រ ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបច្ចុប្បន្នគឺជានាយក នៃនាយកដ្ឋានអភិរក្សតំបន់ទឹកសាបដីសើម របស់ក្រសួងបរិស្ថាន។ ជាមួយនឹងបទពិសោធន៍ជាង 10 ឆ្នាំ ធ្វើការនៅក្នុងវិស័យបរិស្ថានជាពិសេស ការអភិរក្សតំបន់ដីសើម លោកបណ្ឌិតស្រី ស៊ុនលាង ត្រូវបាន បោះឆ្នោតតែងតាំងធ្វើជាប្រធាន នៃ មជ្ឈមណ្ឌលតំបន់រ៉ាមសារអាស៊ីខាងកើត និង Indo-Burma Ramsar Regional Initiative.
លោកទុយ សេរីវឌ្ឍនា – អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា: បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាឈើ។ លោកសេរីវឌ្ឍនា ជាអតីតប្រធានអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ-កម្ពុជា ។ ជាមួយនឹងបទពិសោធន៍ការងារជាង 15 ឆ្នាំនៅក្នុងវិស័យអភិរក្ស ជាពិសេសក្នុងគម្រោងអភិរក្សសត្វដំរីតំបន់អាស៊ី លោក សេរីវឌ្ឍនា បានទទួលពានរង្វាន់ Goldman Environmental Prize ប្រកបដោយកិត្យានុភាព នៅក្នុងឆ្នាំ 2010 ។
លោកអ៊ុង សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា:ទទួលបានសញ្ញាបត្របរិញ្ញាផ្នែកក្សេត្រសាស្រ្ត និងបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានជីវចម្រុះនិងអនុសញ្ញាអន្តរជាតិនៃអគ្គនាយដ្ឋានអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត។ លោកមានបទពិសោធន៍ជាង២០ឆ្នាំធ្វើការក្នុងវិស័យគ្រប់គ្រងតំបន់ការពារធម្មជាតិនិងអភិរក្សពូជសត្វ។ លោកសំអឿនបានដឹកនាំក្រុមការងារក្នុងការរៀបចំផែនការបែងចែកតំបន់គ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃលំផាត់។
លោក ប៊ូ វរសក្ស – នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា:ទទួលបានសញ្ញាបត្រអនុបណ្ទិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកភូមិវិទ្យា ចិត្តវិទ្យា ហិរញ្ញវត្ថុនិងធនាគារ។ លោកធ្លាប់កាន់តំណែងជានាយកប្រចាំប្រទេសកម្ពុជារបស់អង្គការBirdLife International និងពេលបច្ចុប្បន្ននេះគឺជានាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា។ លោកមានបទពិសោធន៍បម្រើការផ្នែកអភិរក្សធនធានធម្មជាតិចំយ៉ាងតិច១៧ឆ្នាំនិងចូលរួមដាក់បញ្ចូលតំបន់សំខាន់ៗជាច្រើនជាតំបន់ការពារធម្មជាតិនិងតំបន់រ៉ាមសារដូចជាតំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់រ៉ាមសារស្ទឹងសែនជាដើម។ លោកជាអនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនិងជាប្រធានក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងរៀបចំនិងអនុវត្តគម្រោងឥណទានកាបូនរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ដោយសហការជាមួយក្រសួងបរិស្ថាននិងអង្គការ BirdLife International។