កំណត់ត្រាថ្មី៖ សម្បុកសត្វចង្កៀលខ្យងជាង ពីរពាន់ត្រូវបានរកឃើញជាលើកដំបូងនៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ
បឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តរទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និង ជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បាន កត់ត្រាលម្អិតនៅឡើយទេ។ អង្គការBirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការគាំទ្រដល់ ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០០៣មកម្ល៉េះ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹង កំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និងបានគាំទ្រ ដល់សត្វស្លាបផ្សេងៗទៀតប្រមាណជា១២៩ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី(ត្រី ទឹក កសិកម្ម…) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ (WWT, ២០១២ )។
សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាង មួយរយក្បាលប៉ុណ្ណោះ។ ចំនួនសត្វនេះបាននឹងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ យោងតាមមន្រ្តី ឧទ្យានុរក្ស និងមន្រ្តីជីវៈចម្រុះ នៅក្នុងឆ្នាំ២០២០នេះ ចំនួនរបស់ពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុក ពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេល ប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។
លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល៤ឆ្នាំដែល ក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់នេះ យើងសង្កេតឃើញថាចំនួនសត្វស្លាបព្រៃមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង ដូចជាវត្តមានពងកូនសត្វចង្កៀលខ្យងដែលទើបនឹងរកឃើញជាលើកទី១នាពេលថ្មីៗនេះ។ ទិន្នន័យនេះ បានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់នូវលទ្ធផលជាវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារយើងកន្លងមក ក្នុងការការពារ និងអភិរក្សធនធាន ជីវៈចម្រុះនៅតំបន់ដីសើមនេះ។ ក្នុងនាមជានាយករងតំបន់ការពារ ខ្ញុំសូមប្ដេជ្ញាចិត្តបន្តដឹកនាំមន្ត្រីឧទ្យានុរក្សថែរក្សាការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់នេះឱ្យនៅគង់វង្ស ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា៖ មន្ទីរបរិស្ថានខេត្តតាកែវ ដែលជាអង្គភាពគ្រប់គ្រង តំបន់ការពារទេសភាពនេះដោយផ្ទាល់ មានសេចក្ដីសោមនស្សរីករាយជាខ្លាំងចំពោះកំណើនសត្វ និងកំណត់ត្រាថ្មីនេះ។ ការសម្រេចចិត្តធ្វើសម្បុកពងកូនរបស់សត្វចង្កៀលខ្យងនៅតំបន់នេះមានន័យថាយើងបានផ្តល់ទីជម្រកសុវត្ថិភាពដល់ពួកវា។ ហេតុនេះ ក្នុងនាមមន្ទីរបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ សហគមន៍ និងអង្គការដៃគូដើម្បីការពារទីជម្រកព្រៃលិចទឹកនេះមិនឱ្យបាត់បង់។
លោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ មានប្រសាសន៍ថា៖ កន្លងមកខ្ញុំពុំដែលឃើញសត្វចង្កៀលខ្យងមាន វត្តមានច្រើនកុះករនឹងកំពុងបន្តពូជធ្វើសម្បុកពងកូនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅច្រើនបែបនេះទេ។ ក្នុងនាម រដ្ឋបាលខេត្តតាកែវ ខ្ញុំសូមកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូដែលបានខិតខំអភិរក្សធនធានធម្មជាតិក្នុងតំបន់ ការពារធម្មជាតិនេះ យើងនឹងធ្វើកិច្ចសហការក្នុងការអភិរក្សធនធានធម្មជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៀត។
លោក Saber Masoomi អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជាអង្គការ WWT មានប្រសាសន៍ថា៖បឹងព្រែកល្ពៅជាផ្នែកមួយ នៃធនធានធម្មជាតិដ៏ធំបំផុតដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីដីសណ្ដទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ តំបន់ដីសើមនេះ មាន តួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៥.០០០ គ្រួសារមកពី២២ ភូមិជុំវិញតាមរយៈការផ្តល់ជា ទឹកសាប ត្រី និងរុក្ខជាតិឱសថ។ តំបន់នេះ ក៏ផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួល អាកាសធាតុ។ ក្នុងនាមជាអង្គការដៃគូ WWT នឹងបន្តជួយគំាទ្រទំាងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនៅតំបន់នេះបន្តទៀត។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំនៅកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា៖
ទីជម្រកព្រៃលិចទឹក វាលស្មៅ និងតំបន់ដីសើមនៅនេះ ផ្តល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានក្នុងការគំាទ្រជីវភាពប្រជាសហគមន៍ សត្វព្រៃ និងធនធានជីវៈចម្រុះ។ ការរកឃើញសម្បុកពងកូនសត្វចង្កៀលខ្យងនេះ ជាភស្តុតាងយ៉ាងច្បាស់ថា តំបន់ដីសើមនេះមិនត្រឹមតែសំខាន់សម្រាប់សត្វក្រៀលប៉ុណ្ណោះទេ តែវាក៏មានសក្តានុពលសម្រាប់សត្វស្លាបជាច្រើនប្រភេទ ទៀត។ ដើម្បីរក្សាតម្លៃជាសកលនៃតំបន់ដីសើនេះ អង្គការBirdLife សូមសំណូមពរដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាការទន្រ្ទានយកដី ការរំខាន និងការបំពុលជាដើម ហើយជាពិសេសពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រង។
លោក ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានមានប្រសាសន៍ថា៖ ការកើនឡើងនូវចំនួនសត្វចង្កៀលខ្យងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ។ ពិតណាស់ការងារការពារ និងអភិរក្សធនធានធម្មជាតិ វាមិនមែនជាបន្ទុករបស់ក្រសួងបរិស្ថានតែម្នាក់នោះទេ គឺវាទាមទារឱ្យការចូលរួមសហការគ្នារវាង អ្នកពាក់ព័ន្ធទំាងអស់ ទើបការអនុវត្តការងារនេះប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូ ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អក្នុងការខិតខំប្រឹងប្រែងថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់នេះ ហើយខ្ញុំសូមលើកទឹកចិត្ត ឱ្យអ្នកពាក់ព័ន្ធទំាងអស់បន្តផ្តល់កិច្ចសហការ និងគំាទ្រលើការងារនេះបន្តទៀត ដើម្បីរក្សាការពារ អភិរក្ស និងប្រើប្រាស់ ធនធានតំបន់ដីសើមនេះប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពប្រជាជននាពេលបច្ចុប្បន្ន និងក៏ជាអនាគតផងដែរ។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅសហការអនុវត្តដោយក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថាន ខេត្តតាកែវជាសេនាធិការ អង្គការជីវសត្វស្លាបអន្តរជាតិ(BirdLife) អង្គការ WWT និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife)។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មន្ទីរបរិស្ថានខេត្តតាកែវ ទូរស័ព្ទលេខ៖ ០១២ ៥០៦ ៩១៧ |
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ ទូរស័ព្ទលេខ៖ ០១២ ២២២ ០៧៣ អ៊ីម៉ែល៖ vorsak.bou@birdlife.org |