កិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ីនៅប្រទេសកម្ពុជា ឆ្នាំ២០២៥
អត្ថបទដោយ៖ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា

កិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី (ហៅកាត់ថា SAVE) ក្នុងឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ក្នុងមានកិច្ចប្រជុំពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញដែលដឹកនាំដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងដំណើរទស្សនកិច្ចទៅកាន់ទីជម្រកសត្វត្មាតនៅដែនជម្រកសត្វព្រៃសៀមប៉ាងដែលដឹកនាំដោយក្រុមហ៊ុន Rising Phoenix។
កិច្ចប្រជុំនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈត្រូវបានរៀបចំបើកកម្មវិធីដោយលោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា និងលោកស្រីបណ្ឌិត Jemima Parry-Jones MBE ប្រធានសមាគម SAVE និងអមដោយសេចក្តីថ្លែងសុន្ទរកថាបើកកម្មវិធីពីសំណាក់ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។


លោក Vinayagan Dharmarajah ប្រធានអង្គការ BirdLife International ប្រចាំអាស៊ីបានពន្យល់បង្ហាញអំពីរចនាសម្ព័ន្ធរបស់ SAVE ព្រមទាំងតួនាទីរបស់គណៈកម្មាធិការទាំងបីរួមមាន គណៈកម្មាធិការស្វែងរកថវិកា និងទំនាក់ទំនង គណៈកម្មាធិការតស៊ូមតិ និងគណៈកម្មាធិការទីប្រឹក្សាបច្ចេកទេស។ លោក Chris Bowden ជាទីប្រឹក្សារបស់ SAVE និងអ្នកគ្រប់គ្រងកម្មវិធីសត្វត្មាតរបស់កម្មវិធី អងង្គការRSPB និងជាសហប្រធានក្រុមអ្នកឯកទេសសត្វត្មាតរបស់អង្គការ IUCN បានបកស្រាយបញ្ជាក់ពីប្រវត្តិ និងបានធ្វើបច្ចុប្បន្នភាពរបស់សមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី (SAVE)។
លោកសាស្រ្តាចារ្យ Rhys Green នៃសាកលវិទ្យាល័យ Cambridge និងជាអតីតប្រធាន SAVE បានរាយការណ៍ពីលទ្ធផលថ្មីៗនៃការសិក្សាស្រាវជ្រាវឱសថស្ថាននៅទូទាំងបណ្តាប្រទេសជាសមាជិក របស់SAVE ដែលនឹងគ្រោងបោះពុម្ពក្នុងពេលឆាប់ៗនេះ ព្រមទាំងបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភទាក់ទងទៅនឹងថ្នាំព្យាបាលសត្វពាហណះដែលអាចពុលដល់សត្វត្មាតជាច្រើនប្រភេទ រួមទាំងថ្នំាព្យាបាលសត្វ diclofenac ដែលមាននៅក្នុងតំបន់។
ការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពអភិរក្សតាមបណ្តាប្រទេសនីមួយៗត្រូវបានដឹកនាំ និងសម្របសម្រួលដោយលោក Vinayagan Dharmarajah។ កញ្ញា Thiri Sandar Zaw និង លោកបណ្ឌិត Zaw Tun Aye នៃក្រុមការងារសត្វត្មាតនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Muhammad Jamshed Iqbal Chaudhry នៃអង្គការ WWF ប្រចាំប្រទេសប៉ាគីស្ថាន លោក Sarowar Alam (Dipu) នៃអង្គការ IUCN ប្រទេសបង់ក្លាដេស លោក Sachin Ranade មកពី Bombay Natural History Society ប្រចាំប្រទេសឥណ្ឌា លោក Ankit Bilash Joshi មកពីអង្គការ Birds Conservation of Nepal នៃប្រទេសនេប៉ាល់ និងកញ្ញា នី ណៃគី តំណាងក្រុមការងារសត្វត្មាតកម្ពុជាបានបង្ហាញពីការធ្វើបច្ចុប្បន្នភាពអំពីការងារអភិរក្សសត្វត្មាតប្រចាំប្រទេសនីមួយៗ។
វឌ្ឍនភាពរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា និងការបង្កើតផែនការសកម្មភាពអភិរក្សសត្វត្មាតត្រូវបានសម្របសម្រួលដោយលោក ប៊ូ វរសក្ស ព្រមទាំងមានការចូលរួមចែករំលែកពីលោក Oliver Gray-Read មកពីអង្គការជីវិតធម្មជាតិនៅកម្ពុជា និងលោក Mr. A. B. M. Sarowar Alam Dipu មកពីអង្គការ IUCN បង់ក្លាដែស។
កិច្ចប្រជុំឆ្នាំនេះដែរក៏មានការចូលរួមដោយតំណាងមកពីអង្គការ Zoological Park Organization នៃប្រទេសថៃ ក្នុងការចែករំលែកព័ត៌មាននិងបទពិសោធន៍ថ្មីៗអំពីកម្មវិធីបង្កាត់ពូជត្មាតភ្លើង និងកម្មវិធីដោះលែងសត្វត្មាតភ្លើងចូលទៅក្នុងព្រៃធម្មជាតិក្នុងប្រទេសថៃ។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំ លោកស្រីបណ្ឌិត Jemima Parry-Jones និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ SAVEជាច្រើនទៀត បានជួបសម្តែងការគួសមជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹងដល់ការអភិរក្សសត្វត្មាត និងបានផ្តល់ការគាំទ្រក្នុងនាមជាក្រសួងបរិស្ថានទទួលធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃគណៈកម្មាធិការដឹកនាំតំបន់អន្តររដ្ឋាភិបាល (RSC)។

របៀបវារៈនៃកិច្ចប្រជុំបានបន្តលើប្រធានបទដូចជា បទប្បញ្ញត្តិសំរាប់ប្រភេទថ្នាំ NSAID និងការប្រើប្រាស់ដំណោះស្រាយCMS ដោយលោក Jake Zarins ការលើកឡើងអំពីកម្មវិធីតំបន់សុវត្ថិភាពរបស់សត្វត្មាត (VSZ) ដោយលោកស្រី Mary Davies និងបណ្តាញសុវត្ថិភាពនៃប្រជាសាស្រ្តរបស់សត្វត្មាត (Vulture Captive Safety Net Population) ដោយលោកសាស្រ្តាចារ្យ Rhys Green។ លើសពីនេះទៅទៀត លោក Ankit Bilash Joshi និង Krishna Bhusal បានសង្ខេបអំពីកិច្ចការងារសំខាន់ៗមួយចំនួនរបស់ប្រទេសនេប៉ាល់ក្នុងនោះមានបង្ហាញព័ត៌មានស្តីពីការគំរាមកំហែងដែលកើតឡើងពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងលទ្ធផលចុងក្រោយនៃការដាក់បណ្តាញព័ត៌មានផ្កាយរណបតាមដានលើសត្វត្មាតអេហ្សីប Egyptian Vultures។
ការពិភាក្សាស្តីពីការបំពុលដោយដាក់នុយត្រូវបានសម្របសម្រួល និងដឹកនាំដោយលោក Alistair Mould អនុប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជានិងជានាយក WCS ប្រចាំប្រទេសកម្ពុជា។ ការចែករំលែកបទពិសោធន៍ពីប្រទេសកម្ពុជាត្រូវបានធ្វើបទបង្ហាញដោយកញ្ញា សួស ស្រីអែម និងលោក វ៉ន ស៊ីណា និងមានការចូលរួមចែករំលែកបទពិសោធន៍ដោយលោក Sachin Ranade (BNHS) មកពីប្រទេសឥណ្ឌា ។
ជាលើកដំបូងនៃការប្រជុំ SAVE ដែលមានវត្តមានចូលរួមពីតំណាងមកពីប្រទេសឡាវគឺ ចូលរួមដោយលោកស្រីបណ្ឌិត Akchousanh Rasphone នៃអង្គការ WWF ប្រចាំប្រទេសឡាវ ក្នុងការចូលរួមកិច្ចប្រជុំ និងពិភាក្សាអំពីការបង្កើតកិច្ចសហការដើម្បីការពារប្រភេទសត្វត្មាតដែលមានទីតាំងឆ្លងកាត់នាព្រំដែនប្រទេសឡាវនិងប្រទេសកម្ពុជា។
វគ្គចុងក្រោយនៃកិច្ចពិភាក្សាត្រូវបានដឹកនាំដោយលោកស្រី Thiri Da Wei Aung ដោយផ្តោតលើប្រធានបទចំនួនបីគឺ កម្មវិធីតំបន់សុវត្ថិភាពសត្វត្មាត (VSZ) ដែលកំពុងអនុវត្តនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលចែករំលែកដោយលោក Bharathidasan មកពី Arulagam គំនិតផ្តួចផ្តើមដោយសហគមន៍បសុពេទ្យក្នុងប្រទេសឥណ្ឌា ដែលចែករំលែកបទពិសោធន៍ដោយលោក Percy Avari និងប្រធានបទចុងក្រោយស្ដីអំពីអាទិភាពនៃការតស៊ូមតិ និងជំហានបន្ទាប់ ដែលចែករំលែកដោយលោក Alam Sarowar (Dipu).



ដំណើរទស្សនកិច្ចសិក្សាទីវាលទៅកាន់ដែនជម្រកសត្វព្រៃសៀមប៉ាង (SPWS) បានធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រុមហ៊ុន Rising Phoenix Co. Ltd., ដែលជាសមាជិកនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់អាហារដ្ឋានសត្វត្មាត ដោយមានការចួលរួមពីសមាជិកទាំងអស់និងបានប្រទះឃើញសត្វត្មាតជិតផុតពូជទាំងបីនៅក្នុងព្រៃ (រួមទាំងប្រភេទសត្វកម្រជាច្រើនប្រភេទទៀតដូចជាសត្វត្រយងចង្កំកសជាដើម)។ ក្រុមការងារ Rising Phoenix បានធ្វើណែនាំអំពីការងារអភិរក្សសត្វត្មាតមួយចំនួនដែលកំពុងអនុវត្តក៏ដូចជាកម្មវិធីអភិរក្សទាំងឡាយនៅក្នុងដែនជម្រក និងបើកកិច្ចពិភាក្សារួមជាមួយសមាជិកដែលមកពីបណ្តាប្រទេសសមាជិក SAVE ទាំងអស់លើសកម្មភាពអភិរក្សសត្វត្មាតកម្រិតតំបន់។
សូមថ្លែងអំណរគុណដល់ Asian Species Action Partnership (ASAP), Mandia Nature, និងមូលនិធិCritical Ecosystem Partnership Fund (CEPF) ដែលបានគាំទ្រផ្នែកថវិកាសម្រាប់កិច្ចប្រជុំនេះ ក៏ដូចជា Natural Encounters ដែលបានផ្តល់ការគាំទ្រផ្នែកហេរញ្ញិវត្ថុបន្ថែម។ សូមអរគុណដល់ដៃគូ SAVE អ្នកគាំទ្រ និងអ្នកចូលរួមទាំងអស់ក្នុងកិច្ចប្រជុំដែលបានរួមចំណែកចំណាយពេលវេលា និងកម្លាំងក្នុងការជំរុញកិច្ចការងារអភិរក្សសត្វត្មាតនៅក្នុងតំបន់។
លទ្ធផល និងធនធានបន្ថែមពីកិច្ចប្រជុំនៃកិច្ចប្រជុំនេះនឹងផ្តល់បន្ថែមទៀតក្នុងពេលសមស្រប។





