ទិវាសត្វក្រៀលនិងសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២៤
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤, អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយសាលាគោលដៅចំនួន ៧ ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង បានរៀបចំកម្មវិធី “ទិវាសត្វក្រៀល និងសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក” នៅសាលាបឋមសិក្សាថ្មបើកដែលស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីនិងវត្តមានរបស់ លោកហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថាន, លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្ដកំពត, លោក ឃឹម សាមី អភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្រាច លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា លោកហ៊ាង សុផល នាយកអង្គការWWT តំណាងអង្គការដៃគូ មេឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយក នាយិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាគោលដៅ សរុបប្រមាណជាង ៣០០នាក់។
ការប្រារព្ធធ្វើកម្មវិធីទិវាសត្វក្រៀលនិងសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកមានគោលបំណងសំខាន់ៗដើម្បី៖ ១/លើកកម្ពស់ការចូលរួមអភិរក្សសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង និងអបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក, ២/ផ្សព្វផ្សាយជូនសារធាណៈជននៅក្នុងនិងជុំវិញតំបន់ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃតំបន់ដីសើមអន្លង់ព្រីង, ៣/ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វស្លាបព្រៃ ចំពោះជីវៈចម្រុះ និងចំពោះសុខភាពមនុស្ស និង ផ្សព្វផ្សាយអំពីការប្រើប្រាស់ថ្នាំពុលគីមីកសិកម្ម និងការទុកដាក់សំបកថ្នាំពុលឲ្យបានត្រឹមត្រូវ។
លោក អេង ប៉ូឡូ បានលើកទឹកចិត្តឲ្យសហគមន៍ចូលរួមអភិរក្សសត្វក្រៀលតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្មនិងចូលរួមជាមួយសកម្មភាពស្រូវមិត្តក្រៀល។ លោកឃឹម សាមី បានបង្ហាញពីមោទនភាពដោយតំបន់អន្លង់ព្រីងមានវត្តមានសត្វក្រៀល អាជ្ញាធរស្រុកចូលរួមការពារនិងគ្រប់គ្រងតំបន់នេះឲ្យទាក់ទាញទេសចរណ៍បានកាន់តែច្រើនក្នុងពេលអនាគត។ លោកហុង ចំណាន បានបង្ហាញពីការធ្លាក់ចុះចំនួនរបស់សត្វក្រៀលនិងបញ្ជាក់ពីការប្រឹងប្រែងរបស់ក្រសួងបរិស្ថានដោយសហការជាមួយអង្គការដៃគូនិងអ្នកពាក់ព័ន្ធក្នុងការអភិរក្សសត្វក្រៀលកុំឲ្យផុតពូជ។ លោក ប៊ូ វរសក្ស បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមអភិរក្សសត្វស្លាបនាតំបន់ដីសើមអន្លង់ព្រីងតាមរយៈការទុកដាក់សំណល់គីមីកសិកម្មឲ្យមានត្រឹមត្រូវ និងទប់សង្កាត់ការដាក់មងចាប់សត្វខុសច្បាប់ ។ លោកហ៊ាង សុផល មានប្រសាសន៍ថាដោយសារវត្តមានសត្វក្រៀលអង្គការបស់លោកជួយគំាទ្រដល់សហគមន៍រៀបចំសេវាអេកូទេសចរណ៍។
ក្រៅពីសារនិងការផ្តាំផ្ញើរបស់វាគ្មិនខាងលើ សកម្មភាពសំខាន់ៗត្រូវបានរៀបចំក្នុងទិវានេះផងដែរ មានដូចជាការតាំងពិពណ៌ស្នាដៃសិស្ស ការប្រកួតប្រជែងសំណួរចម្លើយ និងការសម្ដែងរឿងអប់រំខ្លីក្រោមប្រធានបទសុបិន្តរបស់កុមារដែលចង់ឃើញសត្វក្រៀលនៅបន្តមានវត្តមាននៅតំបន់ទេសភាពនេះជារៀងរហូតទៅ។
សូមអរគុណដល់ BirdLife International AsiaMandai NatureCritical Ecosystem Partnership Fund-WWT ដែលបានគំាទ្រសកម្មភាពនេះ។
ពាក្យសម្គាល់៖