លទ្ធផលជំរឿនសត្វត្រយងចង្កំកសក្នុងឆ្នាំ២០២៦នៅដែនជម្រកសត្វព្រៃលំផាត់

អត្ថបទដោយ៖ មុត ស្រីមុំ
ការធ្វើជំរឿនសត្វត្រយងចង្កំកសប្រចាំឆ្នាំ គឺជាសកម្មភាពអភិរក្សដ៏សំខាន់មួយ ដែលជួយតាមដាននិន្នាការចំនួនប្រជាសាស្ត្រ និងវាយតម្លៃប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរដូវមិនបន្តពូជរបស់សត្វនេះ។ លទ្ធផលជំរឿនផ្តល់នូវព័ត៌មានដ៏មានតម្លៃសម្រាប់រៀបចំសកម្មភាពអភិរក្សនាពេលអនាគត ដើម្បីការពារប្រភេទសត្វដែលកំពុងជិតផុតពូជបំផុតនេះ។

ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីតាំងដ៏សំខាន់មួយសម្រាប់ការរស់នៅរបស់សត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយមានប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងតំបន់ដីសើម ដែលផ្តល់ជាជម្រកសម្រាប់ការរកចំណី ការធ្វើសំបុក និងការបន្តពូជរបស់វា។ ទោះជាយ៉ាងណា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជម្រកធម្មជាតិទាំងនេះបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីការបំប្លែងដីទ្រង់ទ្រាយធំទៅជាចម្ការកសិឧស្សាហកម្ម ដែលបណ្តាលឱ្យបាត់បង់ និងរិចរិលទីជម្រកសត្វព្រៃសំខាន់ៗ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គការ NatureLife Cambodia (NLC) សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងខិតខំការពារ និងស្តារត្រពាំងធម្មជាតិ (តំបន់ដីសើមតាមរដូវ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ) ការពារសំបុកសត្វត្រយងចង្កំកស និងជំរឿនចំនួនប្រជាសាស្ត្ររបស់វាជារៀងរាល់ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែតុលា។

លទ្ធផលជំរឿនក្នុងឆ្នាំ២០២៦ បានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៣៨ ក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ (២០២០–២០២៥) ដោយលើសពីកំណត់ត្រាខ្ពស់បំផុតពីពេលមុន ដែលមានចំនួនត្រឹមតែ ៣០ ក្បាល។ លទ្ធផលដ៏គួរឱ្យសាទរនេះបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងបញ្ជាក់បន្ថែមពីសារៈសំខាន់របស់ដែនជម្រកសត្វព្រៃលំផាត់ ក្នុងនាមជាតំបន់ដ៏សំខាន់សម្រាប់គាំទ្រដល់ការរស់រានមានជីវិតរបស់ប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលនេះ។

សមិទ្ធផលនេះបង្ហាញពីសារៈសំខាន់នៃការបន្តការពារ និងស្តារជម្រកធម្មជាតិ ព្រមទាំងការតាមដានប្រភេទសត្វជាប្រចាំ។ លើសពីនេះ វាក៏បង្ហាញពីការរួមចំណែករបស់គម្រោង REDD+ លំផាត់ដែលបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០២៣មក ក្នុងការអភិរក្សសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់បំផុតរបស់កម្ពុជា ស្របពេលជាមួយនឹងការគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍មូលដ្ឋាន។
ការការពារព្រៃឈើ គឺជាការការពារសត្វព្រៃ និងជាការធានានូវអនាគតដ៏ប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។




