ពង្រឹងសមត្ថភាពនាយកតំបន់រ៉ាមសារលើកម្មវិធី SMART Desktop សម្រាប់ការគ្រប់គ្រងតំបន់រ៉ាមសារនៅតំបន់បឹងទន្លេសាប

អត្ថបទដោយ៖ ម៉ៃ ផាន់នី
សមត្ថភាពរបស់នាយកតំបន់រ៉ាមសារ និងមន្ត្រីបច្ចេកទេស គឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងតំបន់ការពារប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការរៀបចំផែនការអនុវត្ត តាមដាន និងវាយតម្លៃសកម្មភាពអភិរក្ស។ ដូច្នេះ ការពង្រឹងសមត្ថភាពនាយកតំបន់រ៉ាមសារ និងមន្ត្រីនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃក្រសួងបរិស្ថាន ដែលទទួលខុសត្រូវលើការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការតាមដានសកម្មភាពល្បាត ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងតំបន់រ៉ាមសារទាំងពីរនេះនៅក្នុងតំបន់បឹងទន្លេសាប។

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពីការរៀបចំរបាយការណ៍ល្បាតតាមកម្មវិធី SMART Desktop ជូនដល់នាយកតំបន់រ៉ាមសារស្ទឹងសែន នាយកតំបន់រ៉ាមសារបឹងទន្លេឆ្មារ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រថវិកាពីមូលនិធិ Critical Ecosystem Partnership Fund (CEPF) តាមរយៈគម្រោង «ការពង្រឹងភាពជាអ្នកដឹកនាំរបស់អង្គការសង្គមស៊ីវិល និងការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍នៅតំបន់បឹងទន្លេសាប»។

ក្នុងរយៈពេលពីរថ្ងៃនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានទទួលនូវចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់កម្មវិធី SMART (Spatial Monitoring and Reporting Tool) Desktop ដែលរួមមានមុខងារសំខាន់ៗរបស់កម្មវិធី ការត្រួតពិនិត្យនិងគ្រប់គ្រងទិន្នន័យល្បាត ទម្រង់របាយការណ៍ស្តង់ដារ និងជំហាននីមួយៗនៃដំណើរការរៀបចំរបាយការណ៍ល្បាត។ ជាពិសេស សិក្ខាកាមបានចូលរួមអនុវត្តផ្ទាល់ ដោយប្រើប្រាស់ទិន្នន័យល្បាតជាក់ស្តែងពីតំបន់រ៉ាមសារទាំងពីរ ដើម្បីរៀបចំរបាយការណ៍ល្បាតប្រចាំខែ។

យោងតាមលទ្ធផលនៃការវាយតម្លៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានទទួលស្គាល់ថា វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសដ៏សំខាន់ក្នុងការអភិវឌ្ឍជំនាញអនុវត្តជាក់ស្តែង ដើម្បីអាចរៀបចំរបាយការណ៍ល្បាតតាមកម្មវិធី SMART ដោយខ្លួនឯង។ ជំនាញទាំងនេះនឹងជួយឱ្យនាយកតំបន់ និងមន្ត្រីបច្ចេកទេសអាចវាយតម្លៃប្រសិទ្ធភាពនៃសកម្មភាពល្បាតនៅទីវាល ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្ស និងក្រុមល្បាតសហគមន៍ ព្រមទាំងចងក្រង និងវិភាគទិន្នន័យល្បាតជាប្រព័ន្ធ ដើម្បីគាំទ្រដល់ការរៀបចំផែនការអភិរក្ស និងការសម្រេចចិត្តលើការគ្រប់គ្រងតំបន់។ វគ្គបណ្តុះបណ្តាលនេះក៏បានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីទម្រង់របាយការណ៍ស្តង់ដារ កំណត់បញ្ហាប្រឈម និងចំណុចខ្វះខាតជាទូទៅក្នុងការប្រមូលទិន្នន័យល្បាត ព្រមទាំងស្វែងយល់ពីចំណុចដែលត្រូវកែលម្អបន្ថែមក្នុងការអនុវត្តការងារនៅទីវាល។ បន្ទាប់ពីការអនុវត្តផ្ទាល់ សិក្ខាកាមបានបង្ហាញនូវទំនុកចិត្តកាន់តែខ្ពស់ក្នុងការនាំចូល ត្រួតពិនិត្យ គ្រប់គ្រងទិន្នន័យ និងរៀបចំរបាយការណ៍ល្បាតប្រចាំខែតាមកម្មវិធី SMART សម្រាប់តំបន់រ៉ាមសាររៀងៗខ្លួន។

ដើម្បីធានាថាជំនាញដែលទទួលបានថ្មីៗនេះត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំជាប្រចាំដល់មន្ត្រីដែលបានចូលរួមបណ្តុះបណ្តាល ក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ល្បាតតាមកម្មវិធី SMART ជាប្រចាំខែ ដោយចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។ ការគាំទ្រនេះនឹងរួមមាន ការពិនិត្យរបាយការណ៍ដែលរៀបចំដោយនាយកតំបន់ និងមន្ត្រីបច្ចេកទេសម្នាក់ៗ ការផ្តល់មតិយោបល់កែលម្អ និងការណែនាំបន្ថែម ព្រមទាំងកំណត់នូវចំណុចខ្វះខាតលើការគ្រប់គ្រងទិន្នន័យ និងការរៀបចំរបាយការណ៍ជាដើម។ តាមរយៈកិច្ចសហការនេះ គម្រោងនឹងជួយលើកកម្ពស់គុណភាពរបាយការណ៍ល្បាត និងការគ្រប់គ្រងទិន្នន័យល្បាត ព្រមទាំងពង្រឹងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងតំបន់បឹងទន្លេសាប។



