បរិច្ចាក
ព័ត៌មាន

អង្ករមិត្តក្រៀល

អ្វីទៅជាស្រូវមិត្ដក្រៀល?

ស្រូវមិត្ដក្រៀលគឺជាការអនុវត្ដនូវការដាំដុះស្រូវប្រកបដោយនិរន្ដរភាព​ដើម្បីចូលរួមធ្វើឱ្យកើនឡើងវិញនូវចំនួនសត្វក្រៀល(​Antigone antigone sharpii) ក្នុងប្រទេសកម្ពុជា។ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) សត្វក្រៀលត្រូវបានចាត់ជាបក្សីដែលកំពុងរងការគំរាមកំហែងឈានទៅរកការជិតផុតពូជជាសកល(Vulnerable)ហើយចំនួនរបស់វាបានថយចុះជាលំដាប់ដោយសារកត្ដាបាត់បង់នូវតំបន់ដីសើមដែលជាទីជម្រកយ៉ាងសំខាន់របស់ពួកគេ។ កត្ដាដែលបណ្ដាលឱ្យបាត់បង់ទាំងនោះរួមមាន ការប្រែប្រួលអាកាសធាតុ ការពង្រីកផ្ទៃដីធ្វើកសិកម្ម និងការប្រើប្រាស់សារធាតុគីមីកសិកម្មលើសកម្រិតជាដើម។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះចំនួនរបស់សត្វក្រៀលបានធា្លក់ចុះយ៉ាងគំហុកពី ៨៨០​ មកនៅត្រឹម ១៨០ក្បាលពោលគឺថយចុះស្មើនឹង៧៩%។

ស្រូវមិត្ដក្រៀលត្រូវបានដាំដុះនៅលើទីតាំងស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង (APPL) ដែលជាផ្នែកមួយនៃតំបន់ដីសើមមេគង្គក្រោមស្ថិតក្នុង ខេត្តកំពត ប្រទេសកម្ពុជា ហើយនៅទីតាំងនេះតែងតែមានវត្ដមានសត្វក្រៀលចន្លោះពី១០០ទៅ៣៥០ក្បាលមករកចំណីក្នុងរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។​ តំ​បន់ដីសើមនេះជាតំបន់មួយ​ក្នុងចំណោមតំបន់តែពីរគត់នៃតំបន់ដីសើមមេគង្គក្រោមរបស់ប្រទេសកម្ពុជា ដែលត្រូវបានប្រើប្រាស់ដោយសត្វក្រៀលក្នុងរដូវកាលមិនបន្ដពូជរបស់ពួកគេជារៀងរាល់ឆ្នាំ ចាប់ពីខែឆ្នូ ដល់ ខែ ឧសភា។

គម្រោងស្រូវមិត្ដក្រៀលមានគោលបំណងដើម្បីចូលរួមធ្វើឱ្យកើនឡើងវិញនូវចំនួនសត្វក្រៀលតាមរយៈសកម្មភាពដូចខាងក្រោម៖

. ផ្ដល់ចំណីបន្ថែមដល់សត្វក្រៀលនារដូវមិនបន្ដពូជ

. ថែរក្សាទីជម្រកសត្វក្រៀលតាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីកសិកម្មក្នុងតំបន់

. បង្កើនការចូលរួមគាំទ្រការអភិរក្សសត្វក្រៀលពីកសិករមូលដ្ឋានតាមរយៈការលើកកម្ពស់ជីវភាពរស់នៅ

តើស្រូវមិត្តក្រៀលត្រូវបានដាំដុះយ៉ាងដូចម្ដេច?

ស្រូវមិត្តក្រៀលត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន១២ និងត្រូវបានដាំដុះស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យយ៉ាងតឹងរ៉ឹង  ក្នុងពេលបច្ចុប្បន្នអង្ករប្រភេទនេះកំពុងរៀបចំបំពេញលក្ខខណ្ឌដើម្បីទទួលបានការបញ្ជាក់ជាផលិតផលមេត្រីភាពសត្វព្រៃ។

ស្រូវមិត្តក្រៀលគឺជាពូជស្រូវដែលក្រៀលចូលចិត្ដស៊ី ហើយត្រូវបានដាំដុះក្នុងស្រែគោលដៅដោយស្រូវពី៥% ទៅ៥០%​ ត្រូវរក្សាទុកក្នុងស្រែដោយមិនច្រូតកាត់សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀល។  ការធ្វើកសិកម្មប្រកបដោយនិរន្ដរភាពត្រូវបានយកមកអនុវត្ដពោលគឺជីគីមីនិងថ្នាំពុលគីមីកសិកម្មក្នុងបរិមាណចន្លោះពី១៥%ទៅ១០០%ត្រូវបានកាត់បន្ថយ។

តើកសិករទទួលបានផលប្រយោជន៍អ្វីខ្លះអំពីស្រូវមិត្ត​ក្រៀល?

ពិតប្រាកដណាស់! ​
មិនត្រឹមតែសត្វក្រៀលប៉ុណ្ណោះទេដែលទទួលបានផលប្រយោជន៍ទាំងនេះ!
កសិករក៏ទទួលបានផងដែរស្រូវដែលដាំដុះដោយកសិករស្ម័គ្រចិត្ដត្រូវបានទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ។  ផលប្រយោជន៍ផ្សេងទៀតរួមមាន ការផ្ដល់ជីសរីរាង្គ និងពូជស្រូវដោយឥតគិតថ្លៃសម្រាប់ដាំដុះលើទីតាំងស្រែដែលបានឯកភាព និងការផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព។ គម្រោងក៏បានផ្ដល់សំណងដល់កសិករជាសមាជិកដែលបានរក្សាទុកស្រូវក្នុងស្រែ​សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលផងដែរ​​។ បន្ថែមលើនេះទៅទៀតកសិករក៏ទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយសារធាតុគីមីកសិកម្មដោយ ដីស្រែ និងប្រភពទឹកប្រើប្រាស់របស់ពួកគេឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។

ដូចនេះស្រូវមិត្តក្រៀលគឺជាយុទ្ធសាស្ត្រឈ្នះឈ្នះបានប្រយោជន៍សម្រាប់កសិករនិងសត្វក្រៀល!

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ឬការបញ្ជាទិញអង្ករមិត្ដក្រៀលសូមចូលទៅកាន់គេហទំព័រ ឫទំនាក់ទំនងមកកាន់ពួកយើង!

គេហទំព័រ: www.naturelifecambodia.org

ទំនាក់ទំនង

ទូរស័ព្ទលេខ៖ (+៨៨៥) ០៧៨ ៧៣២ ២៤០

សារអេឡិចត្រូនិច៖ admin@naturelifecambodia.org

ហ្វេសប៊ុក៖Facebook/NatureLife​​​Cambodia

ពាក្យសម្គាល់៖