កម្មវិធីចែកគ្រាប់ពូជស្រូវនិងជីសរីរាង្គជូនកសិករស្រូវមិត្តក្រៀល

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ អង្គការជីវិតធម្មជាតិនៅកម្ពុជារៀបចំកម្មវិធីចែកគ្រាប់ពូជស្រូវ និងជីសរីរាង្គ ជូនកសិករសមាជិកស្រូវមិត្តក្រៀលចំនួន១៤២គ្រួសារ នៅទីតាំងរោងស្រូវកសិករស្រូវមិត្តក្រៀល ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
កម្មវិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកព្រំ ពិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត លោកពិន សីហា អភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្រាច លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា លោកនាយកតំបន់ការពារទេសភាពអន្លង់ព្រីង អាជ្ញាធរមូលដ្ឋានស្ថិតក្នុងតំបន់ តំណាងក្រុមហ៊ុនHUSK ព្រមទាំងអង្គការដៃគូសហការនានា។ កម្មវិធីនេះបានប្រព្រឹត្ដិទៅដោយរលូន និងបើកដំណើការ ចែកជូនគ្រាប់ពូជស្រូវពូជចំនួន១៤.៥តោន និងជីសរីរាង្គចំនួន៣៨.៥តោនជូនកសិករសមាជិកសម្រាប់ផ្ទៃបង្កបង្កើនផលលើដីស្រៃមិត្តក្រៀលទំហំ១៨៨ហិកតា។
បន្ថែមលើនេះកម្មវិធីបានប្រារព្ធឡើងដើម្បីចាប់ផ្ដើមរដូវកាលដាំដុះថ្មីនៃឆ្នាំទី៥របស់កសិករក្នុងគម្រោងស្រូវមិត្ដក្រៀល ដែលបានអនុវត្ដនៅតំបន់ការពារទេសភាពអន្លង់ព្រីង និងបង្ហាញពីសមិទ្ធផលនានារបស់កសិករដែលសម្រេចបានក្នុងឆ្នាំដាំដុះកន្លងទៅ។ កម្មវិធីបានលើកកម្ពស់ការចូលរួមរបស់កសិករ ក៏ដូចជាភាគីពាក់ព័ន្ធ បង្ហាញពីកត្ដាប្រឈមផ្សេងៗក្នុងការធ្វើកសិកម្ម និងបង្កើនសាមគ្គីភាពក្នុងសហគមន៍។
គួរបញ្ចាក់ផងដែរថា គម្រោងស្រូវមិត្ដក្រៀលបានផ្ដួចផ្ដើមឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និង ក្រសួងបរិស្ថានក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់ដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាពដើម្បីជួយការពារទីជម្រកនិងផ្តល់ចំណីសុវត្ថភាពដល់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ក្នុងរយះពេល៥ឆ្នាំចំនួនកសិករស្រូវមិត្តក្រៀលបានកើនពី៤០គ្រួសារទៅមកដល់១៤២គ្រួសារ ដោយលែកដីស្រែស្រូវមិត្តក្រៀលបានកើនពី៤០ហិចតាមកដល់១៨៨ហិកតា។
សូមអរគុណ Keidanren Nature Conservation Fund, Critical Ecosystem Partnership Fund, BirdLife International Asia និង Mandai Nature ដែលបានគំាទ្រដល់គម្រោងស្រូវមិត្តក្រៀល។





