បរិច្ចាក
ព័ត៌មាន

ស្រែស្រូវមិត្តក្រៀលចាប់ផ្តើមទទួលស្វាគមន៍គ្រួសារសត្វក្រៀល

ការបន្ដមកដល់របស់សត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីងបានផ្ដល់ក្ដីសង្ឃឹមនិងកិច្ចខិតខំប្រឹងប្រែងបន្ថែមក្នុងសកម្មភាពអភិរក្សជីវ:ចម្រុះក្នុងតំបន់ក៏ដូចជាការប្ដេជ្ញាចិត្ដបន្ថែមរបស់កសិករស្រូវមិត្ដក្រៀលដែលដាំដុះស្រូវមេត្រីភាពសង្រ្គោះសត្វព្រៃដែលកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីកសិកម្មដើម្បីផលិតស្រូវអង្ករសុវត្ថិភាពសម្រាប់អ្នកបរិភោគក្នុងស្រុកនិងផ្ដល់ចំណីបន្ថែមសម្រាប់សត្វក្រៀលក្នុងរដូវកាលមិនបន្ដពូជរបស់ពួកគេ។

ដើម្បីស្វាគមន៍សត្វក្រៀលដែលកំពុងបម្លាស់ទីមកចំណីនៅវាលស្រែរបស់កសិករមានទីតាំងជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង កសិករស្រូវមិត្ដក្រៀលបានបន្សល់ទុកទិន្នផលស្រូវក្នុងស្រែចំនួន៥%ដែលមិនច្រូតកាត់ដើម្បីផ្ដល់ចំំណីបន្ថែមដល់សត្វក្រៀលរយៈពេល៣ខែ និងផ្ដល់នូវទីតាំងសុវត្ថិភាពសម្រាប់រកចំណីដែលកាត់បន្ថយការរំខានផ្សេងៗដល់ពួកគេ។

ការបន្សល់ទុកគ្រាប់ស្រូវនៅក្នុងវាលស្រែនេះគឺមិនត្រឹមតែជាអាហារបន្ថែមសម្រាប់សត្វក្រៀលប៉ុណ្ណោះទេវាគឺជានិមិត្តរូបនៃការអភិរក្សក្រោមការចងក្រងសហគមន៍ ដែលកសិករនិងសត្វព្រៃរស់នៅជាមួយគ្នាដោយសុខដុមរមនា។ គ្រាប់ស្រូវនីមួយៗដែលបន្សល់ទុកប្រាប់ពីរឿងរ៉ាវនៃការលះបង់របស់កសិករ ការយកចិត្តទុកដាក់ និងក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតយូរអង្វែងរបស់សត្វស្លាបដ៏អស្ចារ្យទាំងនេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាមានមោទនភាពដែលបានឃើញពីភាពជាដៃគូជាបន្តបន្ទាប់រវាងមនុស្សនិងធម្មជាតិ ហើយយើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលធ្វើឱ្យសកម្មភាពទាំងនេះអាចធ្វើទៅបាន។

អរគុណដល់ Critical Ecosystem Partnership Fund, Mandai Nature, និង Keidanren Nature Conservation Fund សម្រាប់ការគាំទ្រហិរញ្ញវត្ថុដល់សកម្មភាពនេះ។

ពាក្យសម្គាល់៖