កសិករ ៨៣ ភាគរយគោរពគោលការណ៍ស្រូវមិត្តក្រៀល

ចាប់តាំងពីឆ្នាំ ២០២១ នៃគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល សមាជិកបានកើនឡើងពី៤១គ្រួសារ(ផ្ទៃដី៣៥ហិកតា) ដល់១៤១គ្រួសារ(ផ្ទៃដី ១៨៥ ហិកតា) ក្នុងឆ្នាំ ២០២៥។ កសិករបានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
របាយការណ៍សង្ខេបនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (ICS) ឆ្នាំ ២០២៥៖
• ៩៧% នៃកសិករសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឲ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។
• ក្រោមកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានអនុវត្តការល្បាតសរុបចំនួន ១៧៤ ល្បាត ដោយមិនមានការកត់ត្រាករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀល។
• វត្តមានសត្វក្រៀលអតិបរមារហូតដល់ ៨៧ ក្បាលត្រូវបានកត់ត្រា (លទ្ធផលជំរឿនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ = ៨៣ ក្បាល)។ សត្វក្រៀលបានប្រើប្រាស់វាលស្រែកសិករសម្រាប់រកចំណីលើសពី ៨២ ថ្ងៃ ក្នុងរដូវមិនបន្តពូជ។
• ១០០% នៃកសិករទាំង១៤១គ្រួសារ បានប្រើប្រាស់ជីសរីរាង្គដែលគម្រោងបានផ្តល់ឲ្យ ហើយកសិករភាគច្រើនបានសម្រេចគោលដៅកាត់បន្ថយជីគីមីចំនួន ៣០%។
• ១៧% នៃកសិករ(២៤គ្រួសារក្នុងចំណោម១៤១) មិនបានបំពេញគោលដៅកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម (មិនបានកាត់បន្ថយថ្នាំកសិកម្ម ≥១៥% ឬជីគីមី ≥៣០%)។


ការឆ្លើយតប និងបញ្ហាប្រឈម៖
គម្រោងផ្តោតលើការគាំទ្របច្ចេកទេសកសិកម្មបន្ថែម ជាពិសេសការគ្រប់គ្រងស្មៅ ការត្រួតពិនិត្យទីវាលញឹកញាប់ក្នុងរដូវដាំដុះ និងការគាំទ្រជាក់លាក់ដល់គ្រួសារកសិករដែលជួបការលំបាកក្នុងការកាត់បន្ថយជីគីមី។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កសិករ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការកសិករស្រូវមិត្តក្រៀល និងក្រុមការងារទីវាលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលបានរួមគ្នាការពារតំបន់ដីសើមដ៏មានតម្លៃសម្រាប់ជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
អរគុណដល់ Critical Ecosystem Partnership Fund, Mandai Nature, និង Keidanren Nature Conservation Fund សម្រាប់ការគាំទ្រហិរញ្ញវត្ថុដល់គម្រោងនេះ។



