ចំណូលជាង ៣,៥០០ ដុល្លា និងបដិភាគ ៧៥ ដុល្លាចូលសហគមន៍តាមរយៈត្រីទន្លេ

សហគ្រាសសហគមន៍អភិរក្សទន្លេសាបបានចូលរួមបង្កើតប្រាក់ចំនូលរហូតដល់ ៣,៥៨៦ ដុល្លារ និងផ្ដល់បដិភាគក្នុងការងារអភិរក្សធនធានធម្មជាតិដល់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងចំនួន ៧៥.៦៧ ដុល្លា ត្រឹមរយៈ ៤ខែ ចុងក្រោយនេះ តាមរយៈការកែច្នៃត្រីទន្លេ។
ត្រីទន្លេ គឺជាផលិតផលត្រីឆ្អើរមិត្ដភាពជីវចម្រុះ ដែលកែច្នៃដោយក្រុមស្ដ្រីនៃសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នៃតំបន់រ៉ាមសារស្ទឹងសែន ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ក្រោមថវិកាគាំទ្រពីមូលនិធិបរិស្ថាន GEF SGP UNDP Oxfam in Cambodia និង CEPF សហគមន៍បានពង្រីកវិសាលភាព ដោយបង្កើតសមាជិក និងផលិតកម្ម ហើយចងក្រងជាសហគ្រាសសហគមន៍អភិរក្សទន្លេសាប។

ក្នុងរយៈពេល ៤ ខែ ដោយគិតចាប់ពីតុលា ២០២៥ – មករា ២០២៦នេះ សហគ្រាសសហគមន៍ត្រីទន្លេបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖
. ផលិត និងនាំចេញត្រីឆ្អើសរុប ៥,៨១៣ ចង្កាក់
. កើនឡើង ៤៤.៨% បើប្រៀបធៀបនឹងដើមឆ្នាំ២០២៥ (៤,០១៤ ចង្កាក់)
. ចំណូលសរុបពីការលក់៖ ៣,៥៨៦ ដុល្លារ
. ចំណេញសរុប៖ ១,៥១៣.៨៧ ដុល្លារ
. វិភាគទានចូលសហគមន៍៖ ៧៥.៦៧ ដុល្លារ។
ក្រោមគោលការណ៍អភិរក្ស និងអនាម័យរបស់ត្រីទន្លេ សហគ្រាសនៅតែប្រកាន់ខ្ជាប់ គោលការណ៍ទាំង ០៩ ចំនុចក្នុងការផលិត ដើម្បីធានាគុណភាពផលិតផល និងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់ជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
តាមរយៈត្រីទន្លេ សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នឹងបន្ដចូលរួមលើមុខរបរកែឆ្នៃ ដើម្បីបង្កើនតម្លៃផលិតផល ជំរុញនិងលើកកម្ពស់ស្រ្ដី និងគាំទ្រការការពារជីវចម្រុះក្នុងបឹងទន្លេសាប។


