ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្តាញចែកចាយទឹកសហគមន៍ភូមិរយ៉

អត្ថបទដោយ៖ ហ៊ឹម រតនា
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្តាញចែកចាយទឹកសហគមន៍ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក ជា តារា អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច-លំផាត់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អាជ្ញាធរភូមិ-ឃុំ ក្រុមជនបង្គោលរេដបូកភូមិ តំណាងសហគមន៍ និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ ក្នុងនោះស្ត្រី ៥៧នាក់។

គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ មានគោលបំណងលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ស្របពេលជាមួយគ្នានឹងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដែលពឹងផ្អែកលើធនធានព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គម្រោងបានជំរុញការអភិវឌ្ឍមូលដ្ឋានតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការបង្កើនភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ។
បណ្តាញចែកចាយទឹកសហគមន៍ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលមួយរបស់គម្រោង ដែលនឹងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់ការផឹក ការចម្អិនអាហារ កាត់បន្ថយការចំណាយ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ដែលកន្លងមកធ្លាប់ពឹងផ្អែកលើប្រភពទឹកធម្មជាតិ ដែលងាយរងការបំពុល និងខ្វះខាតក្នុងរដូវប្រាំង។ ការមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ និងរួមចំណែកបង្កើនជីវិភាពរបស់ប្រជាសហគមន៍ផងដែរ។

តំណាងគណកម្មការគ្រប់គ្រងបណ្តាញចែកចាយទឹកសហគមន៍ភូមិរយ៉ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សម្រាប់ការគាំទ្រក្នុងការសាងសង់ និងដាក់ឱ្យប្រើប្រាស់បណ្តាញចែកចាយទឹកសហគមន៍។ តំណាងសហគមន៍បានលើកឡើងថា បណ្តាញទឹកស្អាតនេះ គឺជាសមិទ្ធផលដ៏មានតម្លៃ ដែលបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ដែលធ្លាប់ប្រឈមនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
គណៈកម្មការសហគមន៍ក៏បានប្តេជ្ញាចិត្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារគម្រោង ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់បណ្តាញចែកចាយទឹកនេះឱ្យមានប្រសិទ្ធភាព និងដើម្បីឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ រយៈពេលវែង។ ទន្ទឹមនឹងនេះ សហគមន៍ក៏បានបង្ហាញការប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងព្រៃឈើ ដែលជាមូលដ្ឋានសម្រាប់ការរស់នៅ និងការអភិវឌ្ឍជីវភាព ស្របតាមគោលបំណងរបស់ គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។

ក្នុងឱកាសនោះ ក្រុមការងារគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ក៏បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ជូនថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដោយលើកឡើងពីសកម្មភាពសំខាន់ៗដែលបានអនុវត្ត ដើម្បីពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សព្រៃឈើ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយចីរភាព។
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកបានសម្តែងការគាំទ្រដល់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់និងផ្តាំផ្ញើឱ្យសហគមន៍ភូមិរយ៉ប្រើប្រាស់បណ្តាញចែកចាយទឹកនេះឱ្យមាននិរន្តភាព។



