បរិច្ចាក
ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន៖ អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ៖ មានសញ្ញាវិជ្ជមានសម្រាប់សត្វត្មាតនៅកម្ពុជា និងតម្រូវការពង្រឹងសកម្មភាពអភិរក្សដោយចីរភាព

ស្ថានភាពទូទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួនសត្វត្មាតបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានបាត់វត្តមានទាំងស្រុងពីតំបន់ជាច្រើនដែលធ្លាប់ជាជម្រករបស់ពួកវា។ ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់ដែលផ្តល់ទីជម្រកដ៏សំខាន់ចុងក្រោយសម្រាប់សត្វត្មាត ដោយវត្តមាននៃសត្វត្មាតចំនួនបីប្រភេទដែលស្ថិតក្នុងស្ថានភាព ងាយរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត (Critically Endangered) រួមមាន ត្មាតផេះ​ (White-rumped Vulture), ត្មាតត្នោត (Slender-billed Vulture) និងត្មាតភ្លើង (Red-headed Vulture) សត្វត្មាតទាំងនេះកំពុងរស់រានមានជីវិតក្នុងតំបន់ព្រៃស្ងួតដាច់ស្រយាលភាគខាងជើងនិងភាគខាងកើតនៃប្រទេសកម្ពុជា។ចំនួនសត្វត្មាតដែលនៅសេសសល់ទាំងនោះ មានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សនៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងសម្រាប់ពិភពលោកទាំងមូល។ ដូច្នេះ ការបន្តការពារពួកវា គឺជាសកម្មភាពអាទិភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា និងដៃគូអភិរក្សផ្សេងទៀត។

ដោយសារចំនួនសត្វត្មាតនៅទូទាំងតំបន់បានធ្លាក់ចុះយ៉ាងខ្លាំង កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលផ្តោតជាក់លាក់លើសត្វត្មាតនៅកម្ពុជា បានចាប់ផ្តើមអនុវត្តជាង២០ឆ្នាំមកហើយ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋាភិបាល និងអង្គការអភិរក្សនានា។ នៅឆ្នាំ២០១៧ ភាពជាដៃគូសំរាប់ការអភិរក្សនេះត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងនាមក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (Cambodia Vulture Working Group–CVWG) ដែលជាក្រុមការងារមានសមាជិកចម្រុះ រួមមានតំណាងមកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ អង្គការអភិរក្សជាតិ អន្តរជាតិ ស្ថាប័នស្រាវជ្រាវ និងដៃគូទេសចរណ៍ធម្មជាតិ។ សមាជិករួមមានអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន និង អគ្គនាយកដ្ឋានរដ្ឋព្រៃឈើ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ អង្គការជីវិតធម្មជាតិនៅកម្ពុជា  ក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិក អង្គការសមាគមអភិរក្សសត្វព្រៃ  មូលនិធិសកលសម្រាប់ធម្មជាតិ សំវាសនា ខន់សឺវេសិនធួរ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ។ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាគឺជាវេទិការសំរាប់សំរបសំរួលក្នុងការអង្កេតតាមដាន ស្រាវជ្រាវ និងអនុវត្តសកម្មភាពអភិរក្សដើម្បីគំាទ្រដល់ការងារអទិភាពរបស់កម្ពុជាក្នុងការអភិរក្សសត្វត្មាត។ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក សត្វត្មាតនៅកម្ពុជាបានប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ រួមមានការថយចុះនៃប្រភពចំណីអាហារ ការបាត់បង់ទីជម្រក និងក្នុងពេលថ្មីៗនេះមានការពុលដោយចៃដន្យកើតមានឡើង។ ក្នុងអំឡុងពេលនេះ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបន្តអង្កេតតាមដានស្ថានភាពសត្វត្មាត និងកត្តាគំរាមកំហែងនានា ព្រមទាំងអនុវត្តសកម្មភាពជាច្រើនដើម្បីការពារសត្វត្មាតទាំងបីប្រភេទ។ កាលពីឆ្នាំមុន លទ្ធផលនៃការងារអភិរក្សនេះត្រូវបានវិភាគសម្រាប់ រយៈពេលមួយទសវត្សរ៍កន្លងមក និងត្រូវបានបោះពុម្ពផ្សាយនៅក្នុង Cambodian Journal of Natural History។ សត្វត្មាតត្រូវបានតាមដានតាមរយៈការធ្វើជំរឿនចំនួន ៥ដងក្នុងមួយឆ្នាំ នៅតាមទីតាំងផ្តល់ចំណីបន្ថែម មានចំនួន៥ទីតាំងនៅតំបន់ព្រៃស្ងួតដាច់ស្រយាលភាគខាងជើងនិងភាគខាងកើតនៃប្រទេសកម្ពុជា។

ការវិភាគទិន្នន័យប្រមូលបានពីទីតាំងទាំងនេះ ក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ បានផ្តល់សញ្ញា​វិជ្ជមានមួយចំនួន ដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងអភិរក្សរយៈពេលវែងកំពុងជួយធ្វើឱ្យចំនួនសត្វត្មាតដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជាមានស្ថិរភាព។ បន្ទាប់ពីរយៈពេលវែងនៃការធ្លាក់ចុះ លទ្ធផលអង្កេតតាមដានបានបង្ហាញសញ្ញាដែលគួអោយលើកទឹកចិត្តសម្រាប់ការអភិរក្សសត្វត្មាតដែលនៅសេសសល់នៅកម្ពុជា។ ត្មាតផេះដែលជាប្រភេទមានចំនួនច្រើនជាងគេក្នុងចំណោមសត្វត្មាតទាំងបីប្រភេទ ហាក់ដូចជាបានឆ្លើយតបជាវិជ្ជមានចំពោះការបង្កើនការផ្តល់ចំណីបន្ថែមនៅដែនជម្រកសត្វព្រៃសៀមប៉ាង និងដែនជម្រកសត្វព្រៃឆែប–ព្រះរកា ដោយចំនួនរបស់វាបង្ហាញសញ្ញានៃការមានស្ថិរភាព។ ទោះបីជាចំនួនសត្វត្មាតពីរប្រភេទទៀតនៅមានចំនួនតិចជាងក៏ដោយ ត្មាតត្នោត ហាក់ដូចជាមានចំនួនមានស្ថិរភាព ខណៈត្មាតភ្លើងនៅតែត្រូវបានកត់ត្រាជាប្រចាំនៅក្នុងដែនជម្រកសត្វព្រៃចំនួនប្រាំ​គឺដែនជម្រកសត្វព្រៃលំផាត់ សៀមប៉ាង ឆែប–ព្រះរកា សំបូរ និងដែនជម្រកសត្វព្រៃស្រែពក។ លទ្ធផលការអង្កេតចំនួនត្មាតទាំងនេះគឺជាព័តមានដែលគួអោយលើកទឹក ប៉ុន្តែការបន្តអនុវត្តសកម្មភាពអភិរក្សនៅតែមានសារៈសំខាន់ ដើម្បីរក្សាលទ្ធផលអភិរក្សដែលកំពុងទទួលបាននិងធ្វើអោយប្រសើរថែមទៀត។ លទ្ធផលវិភាគដ៏វិជ្ជមាននេះ ត្រូវបានបញ្ជាក់ថែមទៀតតាមរយៈលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតដែលបានធ្វើឡើងបន្ទាប់ពីអត្ថបទស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយ។ នៅឆ្នាំ២០២៥ របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា​ បានបង្ហាញពីការប៉ាន់ប្រមាណចំនួនសត្វត្មាតអប្បបរមា (Minimum Population Estimate) ជាផ្លូវការសម្រាប់ឆ្នាំនោះ គឺមានចំនួន ១៦៣ក្បាល នៃសត្វត្មាតទាំងបីប្រភេទ។ ចំនួននេះមានការកើនឡើង ២២% បើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងជាចំនួនរាប់បានប្រចាំឆ្នាំខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០១៦ មក។

អ្នកអភិរក្សសត្វត្មាតនៅកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធផលនេះ៖ លោក Alistair Mould អនុប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CVWG) បានមានប្រសាសន៍ថា៖“លទ្ធផលទាំងនេះផ្តល់ឱ្យយើងនូវសុទិដ្ឋិនិយមខ្ពស់ និងបានបង្ហាញថា សកម្មភាពអភិរក្សដែលមានការផ្តោតច្បាស់លាស់និងអនុវត្តជាបន្តបន្ទាប់ អាចនាំមកនូវការផ្លាស់ប្តូរដ៏ពិតប្រាកដសម្រាប់សត្វត្មាតនៅកម្ពុជា។ ទោះជាយ៉ាងណា ប្រភេទសត្វត្មាតទាំងនេះនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត ហើយការរក្សាវឌ្ឍនភាពនេះ នឹងតម្រូវឱ្យមានកិច្ចសហការបន្តរវាងរដ្ឋាភិបាល ដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន ដើម្បីដោះស្រាយការគំរាមកំហែងដែលពួកវានៅតែប្រឈម។ ”លោកបានបន្ថែមទៀតថា៖“ដើម្បីធានាឱ្យសត្វត្មាតនៅកម្ពុជាអាចរស់រានមានជីវិតបានយូរអង្វែង ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា កំពុងរៀបចំផែនការសកម្មភាពអភិរក្សសត្វត្មាតរយៈពេល ១០ឆ្នាំបន្ទាប់។”

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវលើតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្រសួងបរិស្ថានពិតជាទទួលបាននៅលើកទឹកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលសត្វត្មាតមានការកើនឡើង ២២%នេះ ពោលគឺវាបានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងស្ថាប័នរដ្ឋាភិបាល និងដៃគូអង្គការមិនមែនរដ្ឋាភិបាល ក្នុងការការពារទីជម្រកសត្វត្មាត និងអនុវត្តសកម្មភាពអភិរក្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ”​ឯកឧត្តមបានបន្ថែមថា៖ “កម្ពុជាជា​ប្រទេសដ៍សំខាន់ក្នុងការគាំទ្រការរស់រានរបស់សត្វត្មាតនៅទ្វីបអាស៊ី។ ដោយទទួលស្គាល់ពីតួនាទីដ៏សំខាន់នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មាធិការអាស៊ីស្តីពីការអភិរក្សសត្វត្មាត (Asian Regional Steering Committee Meeting on Vulture Conservation) នៅខែតុលា ឆ្នាំនេះ” ។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ឯកឧត្តម ខ្វៃ អាទិត្យា

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន

ទូរស័ព្ទ/Telegram៖ (855) 12 683 968

អ៊ីមែល៖ khvay.atitya@moe.gov.kh

លោក ប៊ូ វរសក្ស

នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC)

ទូរស័ព្ទ៖ 012 222 073

អ៊ីមែល៖ vorsak@birdlifecambodia.org

ពាក្យសម្គាល់៖
,