អាជ្ញាធរស្រុកកូនមុំលើកទឹកចិត្តសិស្សានុសិស្សដែលទទួលអាហារូបករណ៍ពីគម្រោង REDD+ លំផាត់ឱ្យខិតខំប្រឹងប្រែងសិក្សា

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់ (LWS REDD+) ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) បានរៀបចំកិច្ចប្រជុំមួយរវាងអាជ្ញាធរស្រុកកូនមុំ និងសិស្សានុសិស្សដែលទទួលអាហារូបករណ៍ពីគម្រោង នៅសាលប្រជុំសាលាស្រុកកូនមុំ ខេត្តរតនគិរី។ កិច្ចប្រជុំនេះដឹកនាំដោយលោក ផន សុភាព អភិបាលរងស្រុកកូនមុំ និងមានអ្នកចូលរួមសរុបចំនួន ១៣ នាក់ រួមមានសិស្សានុសិស្សដែលទទួលអាហារូបករណ៍ អាណាព្យាបាល មន្ត្រីអាជ្ញាធរស្រុក និងបុគ្គលិកអង្គការ NLC។

ក្នុងកិច្ចប្រជុំនេះ លោក ម៉ោញ ពេជ្រ ប្រធានគម្រោងលំផាត់ នៃអង្គការ NLC បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាតាមដានសិស្សចំនួន ១០ នាក់ បន្ទាប់ពីពួកគេបានទទួលការគាំទ្រអាហារូបករណ៍ពីគម្រោងសម្រាប់ការសិក្សាក្នុងឆ្នាំដំបូង។

បន្ទាប់ពីបានស្តាប់បទបង្ហាញ លោក ផន សុភាព បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សា និងប្រើប្រាស់ឱកាសទទួលបានអាហារូបករណ៍នេះឱ្យមានប្រយោជន៍ជាអតិបរមា។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា ប្រើប្រាស់ការគាំទ្រអាហារូបករណ៍ពីគម្រោង REDD+ លំផាត់ ឱ្យមានប្រសិទ្ធភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសកម្មភាពអវិជ្ជមានផ្សេងៗ។ សូមប្រើប្រាស់ឱកាសនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋដែលមានការទទួលខុសត្រូវ និងអាចចូលរួមចំណែកជាវិជ្ជមានដល់សង្គម»។
លោកក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលឱ្យបន្តគាំទ្រ លើកទឹកចិត្ត និងយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់ ក្នុងការការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

កម្មវិធីអាហារូបករណ៍នេះផ្តល់ការគាំទ្រដល់សិស្សានុសិស្ស និងយុវជនមកពីភូមិគោលដៅ ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការបន្តការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ឬការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈការជួយសម្រួលដល់ការបន្តការសិក្សា និងការអភិវឌ្ឍជំនាញជាក់ស្តែង គម្រោងមានគោលបំណងពង្រីកឱកាសសម្រាប់យុវជន ដើម្បីកសាងអនាគតកាន់តែប្រសើរ។
ភ្ជាប់ការអប់រំ ការអភិវឌ្ឍសហគមន៍ និងការអភិរក្សធម្មជាតិ កម្មវិធីអាហារូបករណ៍នេះបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងការអភិរក្សធម្មជាតិ ការអប់រំ និងការអភិវឌ្ឍសហគមន៍។ តាមរយៈការវិនិយោគលើការអភិវឌ្ឍយុវជនមកពីសហគមន៍ជុំវិញដែនជម្រកសត្វព្រៃលំផាត់ គម្រោង REDD+ លំផាត់ រួមចំណែកពង្រឹងធនធានមនុស្សក្នុងមូលដ្ឋាន និងជំរុញឱ្យយុវជនជំនាន់ក្រោយចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការអភិរក្សព្រៃឈើ។






