ការវាយតម្លៃលើការនេសាទ និងខ្សែច្រវាក់ផលិតកម្ម ដើម្បីចងក្រងផលិតផលមិត្តភាពជីវៈចម្រុះ នៅតំបន់រ៉ាមសារកោះកាពិ

អត្ថបទដោយ៖ តេង ចាន់ណាក់ និង សាន ស៊ីនាង
ខេត្ដកោះកុង៖ តំបន់រ៉ាមសារកោះកាពិ គឺជាតំបន់ដីសើមឆ្នេរសមុទ្រដ៏សំខាន់មួយ ដែលមានគ្របដណ្ដប់ដោយព្រៃកោងកាងធំ និងក្រាស់ជាងគេរបស់ប្រទេសកម្ពុជា និងជាទីជម្រកដ៏សំខាន់សម្រាប់សត្វស្លាបតំបន់ឆ្នេរ និងជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងជួយទ្រទ្រង់ជីវភាពប្រជាសហគមន៍មូលដ្ឋានផងដែរ។

ការនេសាទ គឺជាប្រភពចំណូលចម្បងរបស់សហគមន៍ ដែលរស់នៅក្នុងតំបន់រ៉ាមសារកោះកាពិ ហើយការកែច្នៃផលិតផលនេសាទក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ឱកាសក្នុងការបង្កើនតម្លៃផលិតផល និងការចងក្រងជាសហគ្រាសខ្នាតតូចនៅក្នុងសហគមន៍។ ដោយមើលឃើញពីឪកាសនៃការផ្សារភ្ជាប់រវាងការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) តាមរយៈមូលនិធិ 30×30 Southeast Asia Ocean Fund បាននឹងកំពុងជំរុញឱកាសមុខរបរដោយលើកទឹកចិត្តសហគមន៍អនុវត្តវិធីសាស្ត្រមិត្តភាពជីវៈចម្រុះ បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ។

កន្លងមក តាមរយៈការពិគ្រោះយោបល់ ផលិតផលអាទិភាពចំនួនបីត្រូវបានកំណត់ រួមមានផលិតផលកាពិ ផលិតផលក្រៀម និងសាច់ក្តាម។ ដូច្នេះ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលនៃផលិតផលទាំងនេះក្នុងការអនុវត្តវិធីសាស្ត្រមិត្តភាពជីវៈចម្រុះ និងកំណត់ជ្រើសរើសផលិតផលដែលសមស្របបំផុត អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុងបានចុះប្រមូលទិន្នន័យ និងវាយតម្លៃជាក់ស្តែងនៅសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ និងកោះកាពិ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការវាយតម្លៃនេះមានគោលបំណងសិក្សាស្វែងយល់អំពីវិធីសាស្រ្ដនេសាទ ការប្រមូលផល និងសកម្មភាពកែច្នៃផលិតផលជលផល ដើម្បីស្វែងរកឱកាសកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើជីវៈចម្រុះ និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ជីវភាព និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ស្ត្រីក្នុងសហគមន៍។

តាមរយៈកិច្ចសម្ភាសន៍ និងការសង្កេតផ្ទាល់នៅទីតាំងជាក់ស្តែង ក្រុមការងារបានជួបពិភាក្សាជាមួយតំណាងគ្រួសារដែលប្រកបមុខរបរនេសាទក្តាម នេសាទគី និងនេសាទត្រី ដើម្បីស្វែងយល់ពីការប្រើប្រាស់ឧបករណ៍នេសាទ វិធីសាស្រ្តនេសាទ និងផលប៉ះពាល់ទូទៅចំពោះធនធានសមុទ្រ និងជីវៈចម្រុះ។

ការវាយតម្លៃក៏បានសិក្សាអំពីដំណើរការកែច្នៃ និងការធ្វើទីផ្សារផលិតផល ដោយបានផ្តោតលើបរិមាណផលិតកម្ម ប្រភពវត្ថុធាតុដើម បច្ចេកទេសកែច្នៃ ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ទីផ្សារ បញ្ហាប្រឈមដែលកំពុងជួបប្រទះ ព្រមទាំងស្ថានភាព និងតម្រូវការចាំបាច់ក្នុងប្រតិបត្តិការកែច្នៃផលិតផល។ លើសពីនេះ ក្រុមការងារក៏បានជួបសម្ភាសន៍ជាមួយអាជីវករប្រមូលទិញ និងជួញដូរផលិតផលជលផលក្នុងមូលដ្ឋាន ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការទីផ្សារ របៀបធ្វើពាណិជ្ជកម្ម និងឱកាសទីផ្សារដែលមានសក្តានុពលសម្រាប់ផលិតផលកែច្នៃទាំងនេះ។

លទ្ធផលនៃការវាយតម្លៃនេះនឹងជួយកំណត់ផលិតផលជលផលដែលមានសក្តានុពលខ្ពស់ក្នុងការអនុវត្តវិធីសាស្ត្រមិត្តភាពជីវៈចម្រុះ និងជ្រើសរើសផលិតផលសមស្របសម្រាប់ការសាកល្បងបង្កើតក្រុមកែច្នៃផលិតផលនៅក្នុងសហគមន៍នៅតំបន់រ៉ាមសារកោះកាពិ។ តាមរយៈការលើកកម្ពស់ឲ្យមានការនេសាទប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងខ្សែច្រវាក់ផលិតផលមិត្តភាពជីវៈចម្រុះ គម្រោងនេះនឹងចូលរួមបង្កើតឱកាសមុខរបរប្រកបដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកដល់ការការពារព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ នៅតំបន់រ៉ាមសារកោះកាពិ។


