ដំណើរការចងក្រងក្រុមកែច្នៃផលិតផលមិត្តភាពជីវៈចម្រុះនៅតំបន់រ៉ាមសារកោះកាពិ

ការលើកកម្ពស់ជីវភាព និងការកែច្នៃផលិតផលនេសាទប្រកបដោយនិរន្តរភាព មានសារៈសំខាន់ក្នុងការបង្កើនតម្លៃផលិតផលមូលដ្ឋាន និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ។ តាមរយៈការរៀបចំក្រុមកែច្នៃផលិតផលមិត្តភាពជីវៈចម្រុះ សហគមន៍អាចបង្កើនឱកាសរកប្រាក់ចំណូល ខណៈពេលដែលលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ និងគាំទ្រការអភិរក្សជីវៈចម្រុះនៅតំបន់រ៉ាមសារ។

កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់វាយតម្លៃតម្រូវការ និងសិក្សាលទ្ធភាពរៀបចំក្រុមកែច្នៃផលិតផលនេសាទ ក្នុងគោលបំណងសិក្សាពីលទ្ធភាព និងតម្រូវការរបស់សហគមន៍ នៅសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ និងសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ក្នុងតំបន់រ៉ាមសារកោះកាពិ ស្ថិតក្នុងភូមិសាស្រ្ដឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិ 30×30 Southeast Asia Ocean Fund។

កិច្ចប្រជុំមានអ្នកចូលរួមសរុបចំនួន ៤៧នាក់ ក្នុងនោះមានស្ត្រី ២៩នាក់ រួមមាន នាយកតំបន់រ៉ាមសារកោះកាពិ ក្រុមប្រឹក្សាឃុំ គណៈកម្មការសហគមន៍ និងសមាជិកសហគមន៍ដែលចូលរួមក្នុងការកែច្នៃផលិតផលនេសាទ។ កិច្ចពិគ្រោះយោបល់បានផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធចែករំលែកព័ត៌មានអំពីការប្រើប្រាស់ធនធានធម្មជាតិ ស្ថានភាព និងតម្រូវការកែច្នៃផលិតផល ព្រមទាំងបញ្ហាប្រឈម និងឱកាសសម្រាប់ការអភិវឌ្ឍផលិតផលដែលមានភាពមិត្តភាពជាមួយជីវៈចម្រុះ។

តាមរយៈកិច្ចប្រជុំនេះ សមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធបានយល់កាន់តែច្បាស់អំពីគោលបំណង អត្ថប្រយោជន៍ និងគោលការណ៍នៃការរៀបចំក្រុមកែច្នៃផលិតផលមិត្តភាពជីវៈចម្រុះ និងសហគ្រាសសហគមន៍។ ជាមួយគ្នានេះ អ្នកចូលរួមបានឯកភាពជាគោលការណ៍ក្នុងការបន្តរៀបចំក្រុមកែច្នៃនៅជំហានបន្ទាប់ ដោយមានការគាំទ្រពីគម្រោង និងអ្នកពាក់ព័ន្ធ។

គួរបញ្ជាក់ថា តំបន់រ៉ាមសារកោះកាពិ គឺជាតំបន់ដែលមានព្រៃកោងកាងធម្មជាតិដ៏ធំមួយក្នុងចំណោមព្រៃកោងកាងធម្មជាតិដែលនៅសេសសល់ និងមានសភាពល្អនៅកម្ពុជា ហើយមានសក្តានុពលខ្ពស់ក្នុងការក្លាយជាតំបន់សំខាន់មួយតាមបណ្តោយផ្លូវហោះហើរចំណាកស្រុករបស់សត្វស្លាបក្នុងតំបន់។ ក្នុងន័យនេះ ការរៀបចំក្រុមកែច្នៃផលិតផលមិត្តភាពជីវៈចម្រុះ អាចបង្កើតឱកាសជីវភាព និងការបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ធនធាននេសាទប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។




