បរិច្ចាក
ព័ត៌មាន

តំបន់ការពារទេសភាសបឹងព្រែកល្ពៅត្រូវការផែនការគ្រប់គ្រងជាប​ន្ទាន់

អត្ថបទដោយ៖ លី សម្ភ័ស

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ខេត្តស្ដីពីការរៀបចំផែនការគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅមន្ទីរបរិស្ថានខេត្តតាកែវ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថៃ ចន្ថា អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិរក្សអភិរក្សតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ឯកឧត្តម ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលរងស្រុកទាំងពីរ លោកមេឃុំនិងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ អង្គការដៃគូ WWT និងអ្នកពាក់ព័ន្ធសរុបចំនួនប្រមាណ ៣៥រូប។

គណៈអធិបតីនៃកិច្ចប្រជុំបានលើកទឹកចិត្ត និងសង្កត់ធ្ងន់លើកិច្ចការគ្រប់គ្រង និងអភិរក្សតំបន់គ្រប់គ្រងរបស់តំបន់ការពារនេះជាពិសេសតំបន់ស្នូលទំហំ ដែលមានទំហំ៩៣៥ហិកតា។ តំបន់នេះជាទីតាំងស្នូលគ្រិះនៃជីវៈចម្រុះ រួមមានទីជម្រកពងកូន និងរកចំណីសត្វស្លាបជាច្រើនប្រភេទជាពិសេសប្រភេទជិតផុតពូជនិងកំពុងរងគ្រោះដូចជាសត្វក្រៀល ចាបព្រៃវែងជាដើម ព្រមទាំងបានស្នើភាគីពាក់ព័ន្ធក្នុងការពង្រឹងជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងគម្រោងផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះដែរ មានការធ្វើបទបង្ហាញសំខាន់ៗដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការគ្រប់គ្រង រួមមាន៖

• អង្គការជីវិតធម្មជាតិនៅកម្ពុជា៖ បទបង្ហាញស្តីពីតម្លៃជីវៈចម្រុះ និងសេដ្ឋកិច្ចសង្គមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

• អង្គការ WWT៖ បទបង្ហាញអំពីវឌ្ឍនភាពគម្រោងប្រចាំតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

• មន្ត្រីជំនាញក្រសួងបរិស្ថាន៖ បទបង្ហាញអំពីលទ្ធផលនៃការចុះប្រមូលព័ត៌មាន និងកិច្ចប្រជុំថ្នាក់មូលដ្ឋាន លក្ខណៈទូទៅនៃផែនការគ្រប់គ្រង សារៈសំខាន់ និងវិធីសាស្ត្រនៃការរៀបចំផែនការគ្រប់គ្រង។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើទស្សនវិស័យ បេសកកម្ម គោលដៅ និងកម្មវិធីជាយុទ្ធសាស្ត្រនៃផែនការគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីធានាបាននូវកិច្ចអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីបានធាតុចូលពីអ្នកពាក់ព័ន្ធថ្នាក់ខេត្ត ពង្រៀងផែនការគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានកែសំរួលដើម្បីស្នើសុំធាតុចូលពីអ្នកពាក់ព័ន្ធថ្នាក់ជាតិ។

ពាក្យសម្គាល់៖