ផែនការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មាររយៈពេល១០ឆ្នាំឈានដល់ដំណាក់កាលពិនិត្យចុងក្រោយ

អត្ថបទដោយ៖ សាន ស៊ីនាង
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយនាយកដ្ឋានអភិរក្សដីសើមទឹកសាប និងមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកចុងក្រោយស្តីពី “ការរៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ” ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមចុងក្រោយពីភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ រយៈពេល ១០ ឆ្នាំ មុននឹងដាក់ស្នើសុំការអនុម័ត និងប្រើប្រាស់ជាផ្លូវការ។

កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយ លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃក្រសួងបរិស្ថាន និងមានការចូលរួមជាគណៈអធិបតីពី លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និង លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា និងមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួន ៣៨ រូប (ស្ត្រី ៧ រូប) រួមមានតំណាងរដ្ឋបាលខេត្តកំពង់ធំ មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ មន្ត្រីឧទ្យានុរក្ស រដ្ឋបាលជលផល រដ្ឋបាលស្រុកស្ទោង ក្រុមប្រឹក្សាឃុំ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ និងក្រុមហ៊ុនខ្លាត្រី (Fishing Cat)។

ដើម្បីធានាថាផែនការគ្រប់គ្រងអាចឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការរបស់តំបន់បានជាក់ស្តែង អ្នកចូលរួមត្រូវបានបែងចែកជាក្រុមពិភាក្សាចំនួន ៣ ក្រុម ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលម្អិតលើកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពសំខាន់ៗ ដែលបានកំណត់ក្នុងផែនការគ្រប់គ្រងរយៈពេល ១០ ឆ្នាំ។ ធាតុចូល និងអនុសាសន៍ដែលទទួលបានពីកិច្ចពិភាក្សានឹងត្រូវបានប្រមូល ពិនិត្យ និងបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការគ្រប់គ្រង ដើម្បីធ្វើការកែសម្រួល និងបំពេញបន្ថែមមុននឹងស្នើសុំការអនុម័ត និងប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ថា តំបន់រ៉ាមសារបឹងទន្លេឆ្មារ គឺជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ និងជាតំបន់ស្នូលមួយនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលមានតួនាទីសំខាន់ក្នុងការផ្តល់ជម្រក និងប្រភពអាហារសម្រាប់ជីវចម្រុះជាច្រើនប្រភេទ ដែលមានសារៈសំខាន់សម្រាប់ការអភិរក្ស។ ប្រភេទសត្វជិតផុតពូជសំខាន់រួមមាន ត្រីគល់រាំង ត្រីរាជ ពពូលទឹក ទាកាប៉ាព្រៃ ត្រដក់ធំ រនាល ខ្លាត្រី ភេររោមច្រមុះ ភេរខ្លួនរលោង ស្វាព្រាម និងស្វាក្ដាម ដែលត្រូវការកិច្ចការពារ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ លើសពីតម្លៃផ្នែកជីវចម្រុះ តំបន់បឹងទន្លេសាបក៏មានសារៈសំខាន់យ៉ាងខ្លាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលធនធានធម្មជាតិនៅក្នុងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបបានផ្តល់អាហារ ប្រាក់ចំណូល និងមុខរបរដល់ប្រជាសហគមន៍ជាច្រើនដែលរស់នៅក្នុង និងជុំវិញតំបន់។
ផែនការគ្រប់គ្រងរយៈពេល ១០ ឆ្នាំនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងការគ្រប់គ្រង ការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងការប្រើប្រាស់ធនធានប្រកបដោយចីរភាព នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។







