សហគ្រាសសហគមន៍អភិរក្សទន្លេសាបចាប់ផ្តើមរៀបចំផែនការអាជីវកម្មរយៈពេលវែង

កាលពីថ្ងៃទី ១៧ ដល់ទី ១៨ ខែមីនា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការចងក្រងផែនការអាជីវកម្មសម្រាប់ក្រុមសហគ្រាសសហគមន៍អភិរក្សទន្លេសាប។
កិច្ចប្រជុំនេះត្រូវបានរៀបចំនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ស្ថិតនៅភូមិ ទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ១២ នាក់ ក្នុងនោះស្រីចំនួន ៨ នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងរបស់សមាជិកសហគមន៍អំពីការរៀបចំផែនការអាជីវកម្ម។ ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន ការកំណត់គំនិតអាជីវកម្ម ការកំណត់ទស្សនៈវិស័យ និងគោលបំណង ការវិភាគទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រងហានិភ័យ ព្រមទាំងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ។

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានបង្ហាញ និងចែករំលែកដោយទីប្រឹក្សាគម្រោង តាមរយៈវិធីសាស្ត្រសម្របសម្រួលបែបពិភាក្សាក្រុម ដែលលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍។ ការចងក្រងផែនការអាជីវកម្មត្រូវបានអនុវត្តដោយផ្អែកលើគំនិត និងបទពិសោធន៍របស់សមាជិក ដើម្បីធានាថាផែនការនោះមានប្រសិទ្ធភាព និងអាចអនុវត្តបានជាក់ស្តែង។

ផែនការអាជីវកម្មនេះ គឺជាឧបករណ៍សំខាន់មួយក្នុងការបង្ហាញទិសដៅអភិវឌ្ឍន៍អាជីវកម្មរយៈពេលវែង ដោយមានទស្សនៈវិស័យច្បាស់លាស់ និងរួមចំណែកលើកស្ទួយការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការលើកកម្ពស់ភាពរីកចម្រើនរបស់សហគ្រាសសហគមន៍អភិរក្សទន្លេសាប។
សូមអរគុណUNDP-GEF Small Grant ដែលបានឧបត្ថម្ភហិរញ្ញវត្ថុដល់សកម្មភាពនេះ។


