បរិច្ចាក
ព័ត៌មាន

អបអរសាទរទិវាអន្តរជាតិនារីខួបលើកទី ១១៥

សម្ភាសន៍ដោយ៖ មហា កុម្ភៈ

#ជួបជាមួយស្រ្តីក្លាហានការពារព្រៃឈើ

កញ្ញា អន្ចាល ខ្ញី ជាជនជាតិដើម្បីភាគតិចក្រោលរស់នៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កញ្ញាជាសមាជិកគណៈកម្មការស្ត្រីមួយរូបក្នុងសហគមន៍តំបន់ការពារធម្មជាតិរវាក់ដែលទទួលបានការគាំទ្រពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់(អនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា)។ គាត់បានក្លាយជាសមាជិកគណៈកម្មការនៅចុងឆ្នាំ២០២៣។ ខ្ញីជាគណៈកម្មការដែលសកម្មម្នាក់ក្នុងការងារសហគមន៍ ក៏ដូចជាក្នុងសកម្មភាពគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គាត់តែងតែជួយអញ្ចើញសមាជិកសហគមន៍ និងអ្នកភូមិរវាក់ឱ្យមកចូលរួមក្នុងកិច្ចប្រជុំគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ លើសពីនេះ ខ្ញីតែងតែចូលរួមល្បាតជាប្រចាំ ក្នុងមួយខែគាត់ចូលរួមល្បាត ពីមួយដង ទៅពីរដង។ នៅក្នុងពេលចុះល្បាតខ្ញីចុះដោះអន្ទាក់សត្វ កត់ត្រាសត្វ និងសកម្មភាពល្បាតដោយប្រើកម្មវិធីស្មាតម៉ូបាល។

#ហេតុអ្វីបានអ្នកចូលរួមល្បាតយ៉ាងសកម្ម?

ខ្ញីបានប្រាប់ថាគាត់ចង់ថែរក្សាព្រៃឈើនៅក្នុងសហគមន៍ឱ្យបានគង់វង្សព្រោះព្រៃឈើទាំងនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងសហគមន៍ជាពិសេសជនជាតិដើមភាគតិចដែលតែងតែអាស្រ័យផលអនុផលព្រៃឈើនៅទីនោះដូចជារកផ្សិត ជ័រចុង បាយដំណើប ត្នោតឡៃ និងបន្លែព្រៃជាដើម។ បន្ថែមពីនេះគាត់ក៏បានលើកឡើងផងដែរថា ការរក្សាព្រៃសហគមន៍ឱ្យនៅឈរកាន់តែច្រើន សហគមន៍របស់ពួកគាត់ក៏អាចនឹងទទួលបានថវិកាពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ផងដែរដើម្បីអភិវឌ្ឍសហគមន៍ថ្ងៃខាងមុខ។

#ហេតុអ្វីបានជាស្ត្រីគួរចូលរួមក្នុងការងារអភិរក្សដែលការនេះជាការងារធ្ងន់?

ខ្ញីឆ្លើយថា ប្រសិនបើយើងមានឆន្ទៈក្នុងការធ្វើការងារអ្វីមួយ នោះយើងនឹងអាចធ្វើវាបានដូចបុរសដែរ។ បន្ថែមពីនេះគាត់គិតថាស្ត្រីមានសិទ្ធិក្នុងចូលរួម និងបញ្ចេញមតិយោបល់ក្នុងកិច្ចការងារអភិរក្ស។

#តើខ្ញីជួបបញ្ហាប្រឈមអ្វីខ្លះក្នុងពេលចុះល្បាត?

គាត់ឆ្លើយថា ក្នុងនាមគាត់ជាស្ត្រីគាត់ជួបការពិបាកដូចជាផ្លូវនៅក្នុងព្រៃពិបាកធ្វើដំណើរ និងពេលខ្លះមានការលំបាកក្នុងការទំនាក់ទំនងដោយសារអ្នកចុះល្បាតភាគច្រើនជាបុរស។

#តើអ្វីដែលអ្នកពេញចិត្តជាងគេពេលក្លាយជាគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ?

គាត់ឆ្លើយថា គាត់ទទួលបានបទពិសោធន៍ច្រើនពីការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ហើយគាត់មានភាពក្លាហានជាងមុនក្នុងការបញ្ចេញមតិយោបល់ និងទំនាក់ទំនងជាមួយអ្នកផ្សេងបើទោះជាពេលខ្លះគាត់ពិបាកក្នុងការប្រើប្រាស់ភាសាខ្មែរក៏ដោយ។

#តើមានពាក្យពេចន៍អ្វីដើម្បីលើកទឹកចិត្តស្ត្រីផ្សេងទៀតឱ្យចូលរួមក្នុងការងារល្បាតនេះ?

ខ្ញីបានលើកឡើងថា ​«ស្ត្រីមានសមត្ថភាព សិទ្ធិក្នុងការចូលរួមក្នុងការងារល្បាត និងការងារសហគមន៍ផ្សេងៗ។ ប្រសិនបើយើងស្រលាញ់ ចូលចិត្ត និងចង់ថែរក្សាធនធានធម្មជាតិនៅក្នុងសហគមន៍សូមក្លាហាន និងចូលរួមទាំងអស់គ្នាដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសហគមន៍។​»

ពាក្យសម្គាល់៖