បរិច្ចាក
ព័ត៌មាន

ត្រីទន្លេ ទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ដជុំវិញបឹងទន្លេសាប

ត្រីទន្លេបានបង្ហាញវត្ដមានដំបូង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃគណៈកម្មការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាបកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអភិបាលរងខេត្ដទាំង៦ជុំវិញបឹងទន្លេសាប តំណាងក្រសួងពាក់ព័ន្ធ និងអង្គការដៃគូនានា។ លោកជំទាវ ម៉ុម ថានី និងគណៈប្រតិភូបានសម្ដែងការកោតសរសើរសម្រាប់ការចងក្រងសហគ្រាសសហគមន៍អភិរក្សទន្លេសាបនេះឡើងក្រោមកិច្ចគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ដែលបានជំរុញការផលិតកែច្នៃក្នុងសហគមន៍ ដោយបង្កើនស្តង់ដារនិងអនាម័យ និងរួមចំណែកលើកកម្ពស់ការចូលរួមរបស់ស្រ្ដី ជាពិសេសការចូលរួមការងារអភិរក្សក្នុងតំបន់ផ្ទាល់។ ក្នុងឪកាសនោះផងដែរ គណៈប្រតិភូបានប្រមូលទិញត្រីឆ្អើរទាំងអស់ ដែលមានចំនួនរហូតដល់ជាង ១០០ ចង្កាក់ ដែលបានផ្ដល់ជាកម្លាំងចិត្ដដ៏ធំដល់សហគមន៍។ លោកស្រី ហ៊ុន ឆេងគា ប្រធានសហគមន៍តំបន់ការពារធម្មជាតិមានសេចក្តីរំភើបក្រៃលែងដែលផលិតផលដំបូងរបស់សហគមន៍ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ហើយលោកស្រីនឹងបន្ដជំរុញការផលិត និងការអនុវត្ដល្អៗបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ត្រីទន្លេ ជាផលិតផលត្រីឆ្អើរដែលត្រូវបានកែច្នៃឡើងក្រោមគោលការណ៍អភិរក្សចំនួន ៩ចំនុច និងមានគោលដៅចម្បងលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការចូលរួមនិងដឹកនាំរបស់ស្ដ្រី និងការបង្កើតផលិតផលដែលមានស្ដង់ដារនិងអនាម័យ។ “ត្រីទន្លេ” គឺជាផលិតផលកែច្នៃដំបូងរបស់សហគ្រាសសហគមន៍អភិរក្សទន្លេសាប ដែលទើបនឹងបានបង្កើតឡើងក្នុងសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង មានទីតាំងស្ថិតក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ តាមរយៈការគាំទ្រនេះ សហគមន៍នឹងបន្ដជំរុញលើការកែច្នៃលើផលិតផ្សេងៗទៀតនៅថ្ងៃខាងមុខឆាប់នេះ។

គាំទ្រ #ត្រីទន្លេ គាំទ្រការលើកកម្ពស់សហគមន៍ និងការការពារធនធានធម្មជាតិបឹងទន្លេសាប

អរគុណម្ចាស់ជំនួយ Critical Ecosystem Partnership Fund ដែលបានគាំទ្រលើសកម្មភាពនេះ។

ពាក្យសម្គាល់៖