Donate
News

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដោយរំលេចពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ

ការបង្កាត់ពូជសត្វត្រយងចង្កំកសបានដោយជោគជ័យជាលើកដំបូង និងកំណត់ត្រាកើនឡើងនៃចំនួនចំនួនប្រជាសាស្រ្តសត្វត្រយងចង្កំកសគឺសមិទ្ធផលជោគជ័យយ៉ាងធំ

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) សូមប្រកាស អំពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ2023 ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជាគឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni) ។​ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី1 ខែមករា ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។

នៅឆ្នាំ2023 ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសម្មិទ្ឋិផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសំរាប់សកលលោកនិងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង40សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកសក៍មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន175ក្បាលបានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​ ដោយបានកត់ត្រាសត្វត្រយងចង្កំកសបានសរុបចំនួន784ក្បាល ដែលជាចំនួនច្រើនគួរអោយចាប់អារម្មណ៍ព្រោះវាស្មើនិង 87ទៅ95% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសដែលមាននៅក្នុងពិភពលោក។​ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ»។

នៅក្នុងឆ្នាំ2023 កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​(CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមានក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាបានបញ្ចាក់ថា “កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាក្នុងឆ្នាំ2023 នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកសដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននិងកំពុងដំណើរការបន្តយ៉ាងល្អ”។ “ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្សនិងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង 200ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណះដែរសត្វត្រយងចង្កំកសបាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត។ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​(CIWG) សូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះដើម្បីការពារ និងធានាថាសត្វស្លាបដ៏អស្ចារ្យទាំងនេះ មានការកើនឡើងនាពេលអនាគត។ យើងសូមលើកទឹកចិត្តដល់អ្នកធ្វើការសម្រេចចិត្ត និងអ្នកសិក្សាស្រាវជ្រាវធ្វើការពិគ្រោះជាមួយរបាយការណ៍នេះ នៅពេលដែលរៀបចំផែនការគ្រប់គ្រងតំបន់ទេសភាព យុទ្ធសាស្រ្តវិនិយោគ និងគម្រោងស្រាវជ្រាវនានា។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​ (CIWG) និងបន្តជំរុញកិច្ចសហការណ៍រួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាមួយនេះ តាមរយះកិច្ចប្រជុំទៀងទាត់ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានាថាទាំងសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ត្រូវបានការពារយ៉ាងប្រសើរ។ របាយការណ៍ប្រចាំឆ្នាំ2023 របស់ក្រុមការងារសត្វត្រយងកម្ពុជានេះ មិនត្រឹមតែគូសបញ្ជាក់ពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ដំណាក់កាលនៃសកម្មភាពអភិរក្សនាពេលអនាគតផងដែរ។

អំពីក្រុមការងារអភិរក្សសត្វត្រយ៉ងនៅកម្ពុជា (CIWG)៖

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​ (CIWG) គឺជាក្រុមការងារដែលមានសមាជិកពីអង្គភាពរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានាដែលធ្វើការផ្តោតលើការអភិរក្សប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា។ បេសកកម្មរបស់យើងគឺដើម្បីសម្របសម្រួល និងអនុវត្តយុទ្ធសាស្រ្តជាតិ ដើម្បីការពារសត្វស្លាបជានិមិត្តរូបទាំងនេះ និងការពារទីជម្រករបស់ពួកវា។

បង្កើតឡើងដើម្បីដឹកនាំសកម្មភាពអភិរក្សថ្នាក់ជាតិក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា​ (CIWG)​មាន​សមាជិកសំខាន់ៗដូចជា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB), អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS), អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក (Rising Phoenix Co. Ltd), អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF)។ ដោយឡែកសមាជិកជាស្ថាប័នរបស់រាជរដ្ឋាភិបាលរួមមាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន (MoE) និងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Tagged: