ក្រុមសន្សំសហគមន៍តំបន់ការពារទេសភាពអន្លង់ព្រីងបង្កើនទុនបាន៩០លានរៀល
ក្រុមសន្សំត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងជំរុញការចូលរួមការអភិរក្សតំបន់ដីសើមនិងសត្វស្លាបនៅតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្រុមសន្សំចំនួន៥ក្រុម ដែលមានទីតាំងនៅភូមិកោះចំការ ភូមិកោះត្នោត និងភូមិជ្រេសត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១។ មកទល់បច្ចុប្បន្ន ក្រុមសន្សំមានសមាជិកសរុបចំនួន៧១នាក់ ស្រី៤៤នាក់ ដែលក្នុងនោះប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើកសិកម្មនិងចិញ្ចឹមសត្វ។ ក្នុងខែតុលានេះក្រុមសន្សំបានបូកសរុប និងបិទបញ្ជីសន្សំ ដោយជាលទ្ធផលក្រុមទាំង៥គិតចាប់ពីឆ្នាំចុង ២០២១ មកទល់បច្ចុប្បន្ន មានប្រាក់ទុនសរុប៩០លានរៀល ផ្តល់កម្ចីប្រមាណជា៨០លានរៀល និងការប្រាក់រកបានប្រមាណជា២០លានរៀល។ការសន្សំប្រាក់បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កម្រិតជីវភាពរបស់សមាជិកក្រុមសន្សំក្នុងសហគមន៍ដូចជាផ្តល់ជាទុនសម្រាប់ធ្វើកសិកម្ម ការចិញ្ចឹមសត្វ ការធ្វើអាជីវកម្មខ្នាតតូចនិងតម្រូវការចាំបាច់នានា។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពដឹកនាំរបស់ក្រុមនីមួយៗដើម្បីធានានិរន្តភាពជាពិសេសផ្តោតទៅលើការកត់ត្រារបាយការណ៍សន្សំ កម្ចី ការប្រាក់និងការអនុវត្តលក្ខន្តិកៈក្រុម។
ពាក្យសម្គាល់៖