បរិច្ចាក
ព័ត៌មាន

ភូមិគោលដៅផ្តល់ការយល់ព្រមលើការកែសម្រួលគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់

អត្ថបទដោយ៖ ទឹម ​ហុន

ក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ គម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់ ដែលអនុវត្តដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អ្នកពាក់ព័ន្ធនឹងគម្រោង REDD+ និងសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅក្នុង ភូមិគោលដៅចំនួន ១៦។

កិច្ចពិគ្រោះយោបល់នេះផ្តោតលើ ការកែសម្រួលគម្រោង និងទីតាំងតំបន់គម្រោងដែលបានកែសម្រួល ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាពដល់សហគមន៍ និងអ្នកពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យពួកគេចូលរួមបញ្ចេញមតិ និងផ្តល់យោបល់។

កិច្ចពិគ្រោះយោបល់មានគោលបំណង៖

🔹 ផ្តល់ព័ត៌មានដល់សហគមន៍អំពីការកែសម្រួលគម្រោង និងការផ្លាស់ប្តូរព្រំប្រទល់ទីតាំងគម្រោង។

🔹 ពន្យល់អំពីមូលហេតុ និងកត្តាសំខាន់ៗដែលពាក់ព័ន្ធនឹងការកែសម្រួលដែលបានស្នើឡើង។

🔹 ផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីវឌ្ឍនភាពរបស់គម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់ និង ដំណើរការទទួលបានវិញ្ញាបនបត្រពី Verra។

🔹 ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការសួរសំណួរ បញ្ចេញមតិ និងផ្តល់មតិយោបល់ និងអនុសាសន៍។

សរុបមានអ្នកចូលរួមចំនួន ២,៤១៩នាក់ ក្នុងនោះស្ត្រីចំនួន ១,៦៦៤នាក់ បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅតាមភូមិគោលដៅទាំង ១៦។

តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះ សមាជិកសហគមន៍បានយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្នរបស់គម្រោង ដំណើរការទទួលបានវិញ្ញាបនបត្រពី Verra នីតិវិធីផ្តល់មតិយោបល់ និងដោះស្រាយបណ្តឹងតវ៉ា (FGRP) និងការកែសម្រួលគម្រោងដែលបានស្នើឡើង។ សហគមន៍ក៏មានឱកាសពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ចដែលបានអនុវត្តកន្លងមក ព្រមទាំងទទួលបានការបំភ្លឺពីក្រុមការងារគម្រោង និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីដំណើរការពិគ្រោះយោបល់ សមាជិកសហគមន៍ក្នុងភូមិគោលដៅទាំង១៦បានផ្តល់តាមការយល់ព្រមលើការកែសម្រួលគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់តាមចំនួនអប្បរិមានៃសមាជិកសហគមន៍ដែលបានកំណត់ក្នុងភូមិនិមួយៗ។

លទ្ធផលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យពីអ្នកពាក់ព័ន្ធ តម្លាភាព និងការចូលរួមរបស់សហគមន៍ ក្នុងការបន្តអភិវឌ្ឍគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់។

🌱 រួមគ្នាជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការពារព្រៃឈើ គាំទ្រជីវភាពមូលដ្ឋាន និងពង្រឹងសកម្មភាពអាកាសធាតុនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

ពាក្យសម្គាល់៖