បរិច្ចាក
ព័ត៌មាន

អបអរសាទរទីវាជនជាតិដើមភាគតិច: ពីអ្នកប្រមាញ់ ទៅជាអ្នកការពារសត្វព្រៃ

ដើម្បីចូលរួមអបអរ ទិវាជនជាតិដើមភាគតិចនៅកម្ពុជា និងពិភពលោក អង្គការជីវិតធម្មជាតិនៅកម្ពុជាមានក្ដីសោមនស្សរីករាយ ចែករំលែកនូវរឿងរ៉ាវផ្លាស់ប្ដូររបស់ជនជាតិដើមភាគតិចមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសត្វព្រៃ និងធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ដោយចីរភាពដែលជាដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ។

លោក មេត ឡាយ ជាជនជាតិដើមភាគតិចក្រោល រស់នៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លោកមានអាយុ៣៧ឆ្នាំហើយមកដល់ពេលនេះ។ មិនខុសពីជនជាតិដើមភាគតិចដទៃទៀតដែលរស់នៅក្នុងភូមិទេ ពីមុនមកលោកតែងតែចូលព្រៃបរបាញ់ (ដាក់អន្ទាក់) សម្រាប់បរិភោគក្នុងគ្រួសារ និងដកហូតអនុផលព្រៃឈើតាមទម្លាប់ប្រពៃណី។

ភូមិរវាក់ត្រូវបានជ្រើសរើសជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដោយសារមានលក្ខខណ្ឌទាំង៥យ៉ាងគឺ ទីតាំងភូមិស្ថិតនៅក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃលំផាត់ (តំបន់ការពារធម្មជាតិ) ជនជាតិដើមភាគតិចក្រោលរស់នៅ អ្នកភូមិចូលព្រៃដកហូតអនុផលព្រៃឈើ និងប្រើប្រាស់ធនធានធម្មជាតិ អ្នកភូមិកំពុងប្រើប្រាស់ដីក្នុងតំបន់ការពារ និងភូមិរវាក់បានស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ។ ដោយសារជាភូមិគោលដៅរបស់គម្រោង តាំងពីឆ្នាំ២០២៣មក ភូមិរវាក់ទទួលបានការគាំទ្រជាច្រើនដូចជា ការបង្កើតនិងរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិរវាក់ ការល្បាតប្រចាំខែ កម្មវិធីស្រូវមិត្តសង្រ្គោះសត្វព្រៃ(ស្រូវត្រយង) ការចូលរួមសកម្មភាពស្ដារត្រពាំង តាមដានជីវៈចម្រុះ និងស្វែងរកសំបុត្រសត្វជាដើម។

លោកមេត ឡាយ ត្រូវបានបោះឆ្នោតគាំទ្រជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរវាក់នៅឆ្នាំ២០២៣។ គាត់បានចូលរួមសកម្មក្នុងការអភិរក្សជីវៈចម្រុះ និងការពារធនធានធម្មជាតិ។ គាត់បានផ្លាស់ប្តូរឥរិយាបថពីព្រានព្រៃទៅជាអ្នកស្រឡាញ់ពេលឃើញសត្វព្រៃ និងសត្វស្លាប។ នៅពេលនេះ គាត់ប្រើប្រាស់ទូរស័ព្ទដៃ ឬម៉ាស៊ីនថតដើម្បីថតរូបសត្វទាំងនោះដែលគាត់បានឃើញ នោះគឺមិនដូចពេលមុនទេ គាត់ប្រើអន្ទាក់ដើម្បីចាប់សត្វព្រៃទាំងនោះដើម្បីបរិភោគ។ គាត់និយាយថា «មុនពេលចូលជាសមាជិកគណៈកម្មការគាត់ធ្លាប់ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃតាមបែបប្រពៃណីជនជាតិដើមភាគតិច។ បច្ចុប្បន្ននេះគាត់ឈប់បរិភោគសត្វព្រៃ ហើយងាកមកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅក្នុងសហគមន៍។ គាត់យល់ឃើញថាសត្វព្រៃ និងព្រៃឈើពិតជាសំខាន់ណាស់សម្រាប់ពួកគាត់ដែលជាជនជាតិដើមភាគតិច។ ព្រៃឈើបានផ្តល់អាហារ និងមុខរបរដល់គាត់ និងបងប្អូនជនជាតិដើមភាគតិចហើយវាអាចជួយកាត់បន្ថយផលប៉ះរបស់ការប្រែប្រួលអាកាសធាតុ។ គាត់ចង់ឱ្យក្មេងជំនាន់ក្រោយអាចមានឱកាសស្គាល់សត្វព្រៃដែលនៅសេសសល់ចុងក្រោយ។

ពាក្យសម្គាល់៖