កូនត្រយងយក្ស ៩ ក្បាល បានញាស់ហើរចេញដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់

សត្វត្រយងយក្ស (Giant Ibis) ដែលជាបក្សីតំណាងជាតិ និងជាប្រភេទសត្វដ៏កម្រជិតផុតពូជបំផុតលើ សកលលោក បច្ចុប្បន្នកំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាតំបន់ទេសភាពមានតម្លៃផ្នែកជីវៈចម្រុះដ៏ពិសេសនិងជាទីតាំងដែលយើងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូកលំផាត់ (Lomphat REDD+) ផងដែរ។
នៅក្នុងរដូវបន្តពូជឆ្នាំ២០២៥នេះ ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានធ្វើការស្រាវជ្រាវរកសំបុកតាមទីជម្រកសំខាន់ៗ និងបានទទួលលទ្ធផលដ៏គាប់ប្រសើ។ ក្រុមការងារបានរកឃើញនិងអង្កេតតាមដានសំបុកសរុបចំនួន ៨ សំបុក ដោយក្នុងនោះ ៦ សំបុកបានញាស់ដោយជោគជ័យ និងទទួលបានកូនត្រយងយក្សចំនួន ៩ ក្បាល។

តួលេខនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងទិន្នន័យឆ្នាំ ២០២៤ ដែលរកឃើញសំបុកត្រឹមតែ ៧ សំបុក (ញាស់ជោគជ័យ ៤ សំបុក និងបានកូន ៧ ក្បាល)។ ចំនួនសំបុករកឃើញកើននេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងការធានានិរន្តរភាពដល់បក្សីតំណាងជាតិកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែកើតមាន ក្រុមការងារបានសង្កេតឃើញថា សំបុកចំនួន ២ ត្រូវបានបរាជ័យក្នុងឆ្នាំនេះ ដោយសារកត្តារំខានពីសកម្មភាពមនុស្សពេលចូលព្រៃប្រមូលអនុផល ព្រៃឈើជាដើម។ សូមចូលរួមជាមួយពួកយើង ក្នុងកិច្ចការពារសត្វព្រៃជិតផុតពូជ និងថែរក្សាដែនជម្រកសត្វព្រៃលំផាត់ ដើម្បីធានាថាបក្សីតំណាងជាតិដ៏ស្អាតនិងមានតម្លៃរបស់យើង នៅតែបន្តមានវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ។

