ការសិក្សាស្វែងយល់ពីសង្គម សេដ្ឋកិច្ច ជីវភាព និងមុខរបរ ដើម្បីនិរន្តរភាពដែនជម្រកសត្វព្រៃលំផាត់

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បាននឹងកំពុងមមាញឹកក្នុងការចុះអនុវត្ត ការប្រមូលទិន្នន័យសង្គម-សេដ្ឋកិច្ច ជីវភាព និងមុខរបរ (Socio-Economic Survey – SES) យ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធជុំវិញដែនជម្រកសត្វព្រៃលំផាត់។

តើអ្វីទៅជាគោលបំណងសំខាន់នៃការចុះអង្កេតនេះ?
ការសិក្សានេះ គឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ (LWS-REDD+) ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអាកាសធាតុ សហគមន៍ និងជីវៈចម្រុះ (CCB Standards)។ ទិន្នន័យដែលទទួលបាននឹងជួយឱ្យយើង៖
១. យល់ដឹងកាន់តែច្បាស់ពីជីវភាពរស់នៅ និងតម្រូវការរបស់ប្រជាសហគមន៍។
២. វាយតម្លៃពីទំនាក់ទំនងរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។
៣. រៀបចំផែនការការងារ ដើម្បីធានាថាគម្រោងផ្ដល់អត្ថប្រយោជន៍ពិតប្រាកដដល់ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងបរិស្ថាន។

រហូតមកដល់ពេលនេះ ក្រុមការងារយើងបានបញ្ចប់ការចុះប្រមូលទិន្នន័យប្រហែល ៦០% ទៅ ៧០% ហើយ នៅតាមបណ្ដាភូមិ និងឃុំគោលដៅទាំងអស់ រួមទាំងវិស័យពាក់ព័ន្ធនានាជុំវិញតំបន់ការពារផងដែរ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន បងប្អូនជាសមាជិក សហគមន៍ ជនជាតិដើមភាគតិច និងដៃគូសហការទាំងអស់ ដែលបានផ្ដល់នូវព័ត៌មានយ៉ាងមានតម្លៃ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។
រួមគ្នាដើម្បីការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព!


