កុមារតូចៗទទួលបានសម្ភារៈសិក្សាអប់រំបរិស្ថាន និង អភិរក្សសត្វក្រៀល
អត្ថបទដោយ៖ រ៉ាន់ ស្រីដែត

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife Cambodia បានប្រគល់សម្ភារៈសិក្សា បណ្ណ័សរសើរនិងសៀវភៅសិក្សាស្តីពីការអប់រំបរិស្ថាន និងការអភិរក្សសត្វក្រៀលសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីគាំទ្រដល់ការរៀនសូត្ររបស់សិស្ស និងបង្កើនភាពច្នៃប្រឌិតរបស់គ្រូបង្រៀនក្នុងវិធីសាស្រ្តបង្រៀនរបស់លោកគ្រូអ្នកគ្រូ។

សម្ភារៈទាំងនេះត្រូវបានផ្តល់ជូនដល់សាលាគោលដៅចំនួនបួនដែលមានទីតាំងជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងស្រុកកោះអណ្តែតនិងបុរីជលសាខេត្តតាកែវគឺ សាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាបន្ទាយស្លឹក សាលាបឋមសិក្សាក្តុលជ្រុំ និងសាលាបឋមសិក្សាសង្គមមានជ័យ ដែលជួយបង្កើតបរិយាកាសសិក្សាដ៏ទាក់ទាញ និងមានអត្ថន័យសម្រាប់សិស្សានុសិស្សវ័យក្មេង។ តាមរយៈការបណ្តុះអោយមានការចង់ដឹងចង់ឃើញ និងការយល់ដឹងអំពីបរិស្ថានតាំងពីវ័យក្មេង ជាផ្នែកសំខាន់មួយប្រៀបបាននឹងការដែលយើងកំពុងដាំគ្រាប់ពូជនៃការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់ចំពោះធម្មជាតិនៅក្នុងចិត្តរបស់កុមារ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) មានចក្ខុវិស័យចង់ឃើញការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យើងបានដាក់ចេញនូវបេសកកម្មអភិរក្សជីវចម្រុះ តាមរយៈការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា។ ក្នុងចំណោមកម្មវិធីយុទ្ធសាស្ត្រទាំង៥ របស់អង្គការ ការលើកកម្ពស់ជីវភាព និងការបង្កើនការចូលរួមពីសហគមន៍មូលដ្ឋាន គឺជាការងារអាទិភាពមួយ ដែលមានគោលដៅជំរុញឱ្យប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការងារអភិរក្សជីវចម្រុះ តាមរយៈការយល់ដឹង និងការកែលម្អកម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង។

កម្មវិធីអប់រំបរិស្ថាន និងការអភិរក្សសត្វក្រៀលសំរាប់កុមារតូច នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានអនុវត្តយ៉ាងសកម្មចាប់តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន។

