លទ្ធផលជំរឿនសត្វស្លាបទឹកឆ្នាំ២០២៦ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង
អត្ថបទដោយ៖ លី សម្ភ័ស

ក្នុងខែមករា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយឧទ្យានុរក្សនៅតំបន់ការពារទេសភាពទាំង២ បានធ្វើជំរឿនសត្វស្លាបទឹកអាស៊ី និងជំរឿងត្រយ៉ងចំពុះស្លាបព្រា នៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។ សកម្មភាពអង្កេតតាមដានសត្វស្លាបនេះ ធ្វើឡើងជាប្រចាំឆ្នាំដោយមន្ត្រីឧទ្យានុរក្ស ក្រុមអង្កេតតាមដានជីវៈចម្រុះ និងក្រុមការងារបច្ចេកទេសអង្គការជីតធម្មជាតិនៅកម្ពុជា ដែលប្រចាំការក្នុងតំបន់ការពារ។
លទ្ធផលដែលយើងបានកក់ត្រា៖
• សត្វស្លាបសរុបចំនួន ៩៤ប្រភេទ ត្រូវបាន ប្រទះឃើញនិងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
•ចំណែកសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងសរុបចំនួន ៦៧ប្រភេទត្រូវបានកត់ត្រា។

សម្រាប់សត្វត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញនិងកត់ត្រាបានឡើយក្នុងឆ្នាំ ២០២៦នេះ។
កាប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួត ដោយឡែកកត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរឱ្យព្រួយបារម្ភផងដែរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជានិងឧទ្យានុរក្ស បាននឹងកំពុងបន្តការអង្កេតតាមដាន យ៉ាងយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើម ដីសណ្តរទន្លេមេគង្គ ជាពិសេសការជំរុញនិងពន្លឿនការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។









