សត្វត្មាតផេះវិលត្រឡប់មកកាន់ដែនជម្រកសត្វព្រៃលំផាត់វិញ បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនឆ្នាំ

អង្គការជីវិតធម្មជាតិនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកដំណឹងល្អ ពីលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ នៅអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃលំផាត់។ ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សត្វត្មាតផេះ (Gyps bengalensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុត ត្រូវបានកត់ត្រាវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃនេះ ដែលជាសញ្ញាសំខាន់នៃការវិលត្រឡប់របស់ប្រភេទសត្វដែលកំពុងរងគ្រោះជាសកលនេះ។
ការកត់ត្រាចុងក្រោយនៃវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពលំផាត់ គឺនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំពុលធ្ងន់ធ្ងរចំនួនពីរលើក។ លើកទី១ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ មានសត្វត្មាតយ៉ាងតិច ១៦ក្បាលបានស្លាប់ ហើយបន្តដោយករណីបំពុលមួយទៀតនៅខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្លាប់សត្វត្មាតយ៉ាងតិច ៣ក្បាល។ ចាប់តាំងពីពេលនោះមក មិនមានការកត់ត្រាវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពនេះទៀតឡើយ រហូតដល់ការកត់ត្រាថ្មីនេះ។

ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងតំបន់ទេសភាពលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។ លើសពីនេះ ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាល ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។

ការវិលត្រឡប់របស់សត្វត្មាតផេះ រួមជាមួយនឹងវត្តមានជាបន្តបន្ទាប់របស់សត្វត្មាតភ្លើង គឺជាសញ្ញាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងផ្តល់លទ្ធផលវិជ្ជមាន។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរេដបូក (REDD+) អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងរៀបចំអាហារដ្ឋានត្មាតយ៉ាងហោចណាស់មួយលើកក្នុងមួយខែ ដើម្បីផ្តល់អាហារបន្ថែមសម្រាប់សត្វត្មាតដែលរស់នៅក្នុងតំបន់ទេសភាពលំផាត់ ជាពិសេសសត្វត្មាតភ្លើង។
ពាក្យសម្គាល់៖
