បរិច្ចាក
ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ី

កម្ពុជា ក្រោមការដឹកនាំរបស់ ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការដឹកនាំថ្នាក់តំបន់អាស៊ី (RSC) ស្តីពីការអភិរក្សសត្វត្មាត ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតដែលកំពុងរងការគំរាមកំហែងនៅអាស៊ី។ កិច្ចប្រជុំនេះ ដឹកនាំនៅកម្ពុជាដោយ ក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេស បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន រួមជាមួយ IUCN, SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix និងដៃគូអភិរក្សដទៃទៀត។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ា ក៏បានចូលរួមក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ ដែលជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការចូលរួមរបស់ប្រទេសទាំងពីរ និងស្វែងរកលទ្ធភាពឆ្ពោះទៅរកការចូលជាសមាជិកផ្លូវការរបស់ RSC។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាពរួមសំខាន់ៗ រួមមាន ការគំរាមកំហែងឆ្លងដែន ការគ្រប់គ្រងឱសថសត្វ ការបំពុលដោយសារធាតុពុល ការតាមដានចំនួនសត្វត្មាត តំបន់សុវត្ថិភាពសម្រាប់សត្វត្មាត (Vulture Safe Zones) ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសដែលជាដែនជម្រករបស់សត្វត្មាត។ កិច្ចប្រជុំក៏បានឯកភាព អញ្ជើញមីយ៉ាន់ម៉ា និងឡាវឱ្យចូលជាសមាជិកថ្មីរបស់ RSC និងពង្រីកកិច្ចសហប្រតិបត្តិការឆ្លងដែនបន្ថែមទៀត រួមទាំងរវាង កម្ពុជា និងឡាវ។

ឯកឧត្តមបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានប្រសាសន៍ថា៖ «ការអភិរក្សសត្វត្មាតមិនអាចកំណត់ត្រឹមព្រំដែនប្រទេសនីមួយៗបានទេ។ តាមរយៈ RSC យើងអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រែក្លាយការប្តេជ្ញាចិត្តរួមរបស់យើងទៅជាសកម្មភាពអភិរក្សរួមគ្នានៅទូទាំងអាស៊ី»។

តាមរយៈការដឹកនាំរបស់ ក្រសួងបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងដៃគូអភិរក្សនៅទូទាំងតំបន់ កម្ពុជាកំពុងរួមចំណែកជំរុញសកម្មភាពរួមដែលចាំបាច់ ដើម្បីធានាអនាគតកាន់តែមានសុវត្ថិភាពសម្រាប់សត្វត្មាតនៅអាស៊ី។

ពាក្យសម្គាល់៖