គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់បានជួយផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វគោក្របីនៅនៅភូមិរយ៉

អត្ថបទដោយ៖ ហ៊ឹម រតនា
គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ អនុវត្តន៍ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក និងអ៊ុតក្តាមលើសត្វ គោ ក្របី ដោយឥតគិតថ្លៃ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការរវាងមន្ត្រីជំនាញផ្នែកបសុពេទ្យនៃការិយាល័យកសិកម្មស្រុកកោះញែក អាជ្ញាធរភូមិ-ឃុំ ក្រុមជនបង្គោលរេដបូកភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍។
កម្មវិធីបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋចំនួន ៥៩ គ្រួសារ ដោយបានចាក់វ៉ាក់សាំងលើសត្វសរុប ៣៤៨ ក្បាល ក្នុងនោះមាន សត្វគោ ៣០១ ក្បាល និង សត្វក្របី ៤៧ ក្បាល។ កម្មវិធីនេះបានរួមចំណែកការពារសុខភាពសត្វ បង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺសារទឹក និងអ៊ុតក្តាម ព្រមទាំងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើការព្យាបាលសត្វ ដែលជាប្រភពចំណូលដ៏សំខាន់របស់គ្រួសារ។

ក្នុងអំឡុងពេលអនុវត្តកម្មវិធី ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្ម និងសម្តែងការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលបានបន្តគាំទ្រសកម្មភាពអភិវឌ្ឍន៍ជីវភាពរស់នៅរបស់សហគមន៍។
ជាមួយគ្នានេះ អាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលបានសម្របសម្រួល និងគាំទ្រការអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព។ ការចាក់វ៉ាក់សាំង បានជួយការពារសុខភាពសត្វ កាត់បន្ថយការខាតបង់សេដ្ឋកិច្ចរបស់គ្រួសារ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ជារួម កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក និងអ៊ុតក្តាមលើសត្វគោ ក្របី នៅភូមិរយ៉ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានកិច្ចសហការយ៉ាងល្អពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ក្រុមជនបង្គោលរេដបូក និងប្រជាពលរដ្ឋ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសត្វ និងការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។



