ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចសាងសង់ប៉មមើលសត្វនៅទីតាំងដីរក្សាទុកសម្រាប់អភិរក្សសត្វកម្រ
អត្ថបទដោយ៖ ម៊ួង ប៊ុនម៉ាត

ដោយមានការសម្របសម្រួលពីអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនចំការចេក (THACO AGRI) បញ្ចប់ការសាងសងប៉មមើលសត្វ នៅទីតាំងដីរក្សាទុកសម្រាប់អភិរក្សសត្វកម្រ(Endangered Species Conservation Area)មានទំហំចំនួន២៥ហិកតា ។
ប៉មមើលសត្វកម្ពស់១០ម៉ែត្រ និងមានទំហំផ្ទៃក្រឡា៧ម៉ែត្រការ៉េនេះ សាងសង់ឡើងដោយប្រើប្រាស់ដែក និងចាក់បេតុង ស្ថិតនៅទីតាំងដីរក្សាទុកសម្រាប់អភិរក្សសត្វកម្រនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការចេក (THACO AGRI)ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី។ ប៉មមើលសត្វនឹងត្រូវបានប្រើសំរាប់គាំទ្រការងារអភិរក្សនិងអង្កេតសត្វប្រចាំខែរបស់មន្រ្តីអង្គការជីវិតធម្មជាតិនៅកម្ពុជានិងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូររៃ។

សូមជម្រាបជូនថាបន្ទាប់ពីអង្គការជីវិតធម្មជាតិនៅកម្ពុជាធ្វើការបង្ហាញពីសារសំខាន់នៃការអភិរក្សសត្វកម្រជិតផុតពូជនិងការចរចាអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនចំការចេក (THACO AGRI)បានយល់ព្រមរក្សាទុកមិនឈូសឆាយផ្ទៃដីទំហំ២៥ហិកតាដើម្បីបង្ហាញការយកចិត្តទុកដាក់ក្នុងការចូលរួមអភិរក្សសត្វកម្រជិតផុតពូជជាពិសេសសត្វត្រយងយក្សនិងសត្វក្រៀលដែលមានវត្តមានក្នុងដីជួលរបស់ខ្លួន។
សូមអរគុណដល់គម្រោង Oxfam-Fair for All project ដែលបានគំាទ្រហិរញ្ញវត្ថុសំរាប់ការងារចរចាជាមួយក្រុមហ៊ុននេះ។


