សិក្ខាសាលាបិទគម្រោង ពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវភាពសហគមន៍នៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

អត្ថបទដោយ៖ សាន ស៊ីនាង
កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានរៀបចំ សិក្ខាសាលាបិទគម្រោង និងពិធីប្រគល់សម្ភារៈ នៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នៃតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះស្ត្រី ១០នាក់ រួមមាន ក្រុមប្រឹក្សាឃុំផាត់សណ្តាយ មេភូមិទាំង៥ មន្ត្រីឧទ្យានុរក្ស គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ គណៈកម្មការនិងសមាជិកក្រុមកែច្នៃត្រីទន្លេ ក្រុមសន្សំប្រាក់ និងក្រុមល្បាតស្ត្រី។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកអំពី សមិទ្ធផល និងមេរៀនដែលទទួលបាន ពីការអនុវត្តគម្រោង “ពង្រីកវិសាលភាពត្រីទន្លេជាផលិតផលអភិរក្សជីវចម្រុះ ដើម្បីលើកកម្ពស់ការចូលរួមគ្រប់គ្រងបឹងទន្លេសាប” ដែលទទួលបានការគាំទ្រពីមូលនិធិខ្នាតតូច UNDP GEF SGP ព្រមទាំងពិភាក្សាអំពីការបន្តការងាររបស់សហគមន៍ឲ្យមាននិរន្តរភាព បន្ទាប់ពីគម្រោងបញ្ចប់។

ក្នុងអំឡុងពេលអនុវត្ត គម្រោងបានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន ជាពិសេសក្នុងការងារអភិរក្ស ជីវភាពប្រកបដោយចីរភាព ការសន្សំប្រាក់ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី រួមមាន៖
ពង្រីកវិសាលភាពត្រីទន្លេពីសមាជិក ៣៥ នាក់ ដល់ ៤៥នាក់ ក្នុងនោះមានស្ត្រី ៣៥នាក់ និងកែលម្អការអនុវត្តគោលការណ៍អភិរក្ស ព្រមទាំងបានបំពាក់ប្រព័ន្ធចម្រោះទឹក និងសម្ភារៈចាំបាច់សម្រាប់បង្កើនស្ដង់ដាអនាម័យលើដំណើរការកែច្នៃ។
បង្កើនប្រាក់ចំណូលចំនួនជាង ២៥ លានរៀល (USD 6,300) តាមរយៈការផលិតត្រីទន្លេ និងចូលរួមផ្ដល់បដិភាគចំនួន ១២៣,០០០ រៀល (USD 30) ក្នុងរយៈពេល ១០ ខែដល់សហគមន៍សម្រាប់ការងារគ្រប់គ្រង និងអភិរក្ស។
ពង្រឹងក្រុមសន្សំប្រាក់ និងបង្កើនដើមប្រាក់សន្សំប្រមាណ ១៣,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់តម្រូវការគ្រួសារ និងជីវភាពរបស់សមាជិក។
លើកកម្ពស់ការយល់ដឹងអំពីយេនឌ័រ ដល់សមាជិក CPA ចំនួន ១១៣នាក់ ក្នុងនោះស្ត្រី ៧៦នាក់ តាមរយៈការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។
គាំទ្រការអភិរក្សធនធានធម្មជាតិ តាមរយៈការសាងសង់ផ្លូវភ្លើងប្រវែង ២,០០០ម៉ែត្រ និងដាក់ជម្រកត្រីសិប្បនិម្មិតចំនួន ៦២កន្លែង នៅក្នុងបឹងអភិរក្ស ដើម្បីការពារធនធានធម្មជាតិ និងជួយពង្រឹងការអភិរក្សនៅក្នុងសហគមន៍។

កំឡុងពេលសិក្ខាសាលា អង្គការជីវិតធម្មជាតិនៅកម្ពុជាក៏បានប្រគល់សម្ភារៈ និងដើមទុនជូនសហគមន៍តំបន់ការពារធម្មជាតិ រួមមាន សម្ភារៈកែច្នៃត្រី ទូកនិងម៉ាស៊ីនទូក ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធសូឡា ស៊ីទែនទឹក និងសម្ភារៈគាំទ្រផ្សេងៗទៀត។ ក្នុងនោះ ៤,០០០ ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនក្រុមកែច្នៃត្រី និង ១,០០០ ដុល្លារអាមេរិក ជូនក្រុមសន្សំប្រាក់ ដើម្បីប្រើប្រាស់ជាដើមទុនបង្វិល។
លោកស្រី ហ៊ុន ឆេងគា ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង បានថ្លែងអំពីការផ្លាស់ប្តូរមួយចំនួនដែលកើតមានក្នុងសហគមន៍ ដូចជាការកើនឡើងនៃការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសហគមន៍ជាដើម។ បច្ចុប្បន្ន ស្ត្រីបានចូលរួមយ៉ាងសកម្ម និងកាន់តួនាទីដឹកនាំក្នុងក្រុមសន្សំប្រាក់ ក្រុមកែច្នៃត្រី ក្រុមយេនឌ័រ និងក្រុមល្បាតស្ត្រី។
សិក្ខាសាលាបិទគម្រោងនេះមិនត្រឹមតែជាការបញ្ចប់សកម្មភាពគម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការ ពង្រឹងភាពជាម្ចាស់របស់សហគមន៍ និងការបន្តការងារអភិរក្ស និងលើកកម្ពស់ជីវភាពប្រកបដោយចីរភាព។
អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងបន្តប្តេជ្ញាធ្វើការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនៃតំបន់រ៉ាមសារស្ទឹងសែន ព្រមទាំងគាំទ្រជីវភាពប្រកបដោយភាពធន់ និងចីរភាពរបស់ប្រជាសហគមន៍។



