ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វត្មាត

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ សមាជិក ក្រុមការងារសត្វត្មាតកម្ពុជា (CVWG) បានជួបប្រជុំដោយផ្ទាល់និងតាមប្រព័ន្ធZoom ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសម្របសម្រួលក្នុងការអភិរក្សសត្វត្មាតនៅទូទាំងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ហុង ចំណាន តំណាងប្រធានក្រុមការងារ មកពីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួងបរិស្ថាន WWF WCS NatureLife Cambodia Rising Phoenix ACCB និង CBC។

ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមការងារ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានអនុម័តរបាយការណ៍ស្តីពីការអភិរក្សសត្វត្មាតនៅកម្ពុជាឆ្នាំ២០២៥ និងបានឯកភាពរៀបចំសកម្មភាពសម្រាប់ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៦ ព្រមទាំងពន្លឿនការរៀបចំ និងបញ្ចប់ ផែនការសកម្មភាពអភិរក្សសត្វត្មាតកម្ពុជារយៈពេល ១០ ឆ្នាំបន្ទាប់។ ផែនការនេះនឹងផ្តល់ជាក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការពារសត្វត្មាតដែលមាននៅក្នុងប្រទេសកម្ពុជា និងដោះស្រាយការគំរាមកំហែងនានាដែលកំពុងប្រឈម។

ក្រុមការងារ CVWG ក៏បានឯកភាពគាំទ្រ ក្រសួងបរិស្ថានក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ី(RSC) សំរាប់ការអភិរក្សសត្វត្មាត នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំកំរិតអន្តរជាតិនេះរំពឹងថានឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកអភិរក្សមកពី កម្ពុជា ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស ភូមា និង ឡាវ ដែលជាប្រទេសមានតួនាទីសំខាន់ក្នុងការអភិរក្សប្រជាសត្វត្មាតដែលនៅសេសសល់នៅអាស៊ី។
រួមគ្នា យើងអាចការពារសត្វត្មាតពីការផុតពូជ!







