បរិច្ចាក
ព័ត៌មាន

សហគមន៍នៅតំបន់ការពារទេសភាពអន្លង់ព្រីងចូលរួមគ្រប់គ្រងសំណល់គីមីកសិកម្មយ៉ាងសកម្ម

ការគ្រប់គ្រងសំណល់គីមីកសិកម្មគឺជាសកម្មភាពចម្បងក្នុងការធានាថាសុខមាលភាពមនុស្សនិងអេកូឡូស៊ីមានភាពប្រសើរឡើងស្របតាមគោលបំណងរបស់គម្រោងស្រូវមិត្តក្រៀលនៅតំបន់ទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ នៅចុងខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយឧទ្យានុរក្សនិងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥នាក់ បានចុះប្រមូលសំបកកំប៉ុង និងថង់ប្លាស្ទិកថ្នាំពុលគីមីកសិកម្មដែលប្រជាសហគមន៍នៅភូមិគោលដៅទាំង៤បានយកទៅរក្សាទុកនៅលូសុវត្ថិភាពដែលត្រូវបានកសាងនៅតាមក្បាលស្រែ។

ក្នុងឆ្នាំ២០២៦ ក្រុមការងារបានប្រមូលសំបកកំប៉ុងថ្នាំពុលចំនួន ១,៣៤៥កំប៉ុង និងថង់ប្លាស្ទិកចំនួន ១,២៩៦ថង់ មានទម្ងន់សរុប ៣៩១គីឡូក្រាម។ បូករួមជាមួយលទ្ធផលប្រមូលក្នុងឆ្នាំ២០២៥ សរុបមានចំនួន ៣,០៦៨កំប៉ុង និង ២,៦៦៣ថង់ ស្មើនឹង ៨២៨គីឡូក្រាម។ សំណល់ដែលប្រមូលបានទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងគ្រប់គ្រង និងប្រពន្ធរំលាយកាកសំណល់គីមីដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកែបដើម្បីធ្វើការរំលាយ។

ការប្រមូលសំណល់គីមីកសិកម្មបានយ៉ាងច្រើនបានឆ្លុះបញ្ចាំងថាប្រជាកសិករមានការយល់ដឹងនិងចូលរួមគ្រប់គ្រងសំណល់កសិកម្មពីស្រែរបស់ខ្លួលដើម្បីរួមចំណែកកាត់បន្ថយការបំពុលដល់មនុស្សនិងសត្វ ការពារជម្រកសត្វក្រៀល និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

យើងគាំទ្រការដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀលនិងលើកកំពស់ការគ្រប់គ្រងការសំណល់គីមីកសិកម្មដើម្បីថាតំបន់អន្លង់ព្រីងជាតំបន់មេត្រីភាពសត្វក្រៀល។

ពាក្យសម្គាល់៖