បរិច្ចាក
ព័ត៌មាន

ស្វែងរកកិច្ចសហការនិងពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីមេត្រីភាពព្រៃឈើ

អត្ថបទដោយ៖ ញិន វិរិយ:

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) គណៈប្រតិភូមកពីក្រុមហ៊ុន Olam បានចុះទស្សនកិច្ចសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តម នៅស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីស្វែងរកកិច្ចសហការ និងពិភាក្សាអំពីឱកាសទិញផលិតផលស្វាយចន្ទីស្រស់ ស្ងួត និងកែច្នៃពាក់កណ្តាលសម្រេចពីសហគមន៍ក្នុងឆ្នាំ២០២៧។

ក្នុងអំឡុងពេលទស្សនកិច្ច ក្រុមហ៊ុន Olam ក៏បានចុះពិនិត្យចម្ការស្វាយចន្ទីរបស់សហគមន៍ និងសាកល្បងប្រព័ន្ធចុះបញ្ជីកសិកររបស់សហគមន៍ផងដែរ។ អ្នកជំនាញរបស់ក្រុមហ៊ុន Olam ក៏បានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់សមាជិកគណៈកម្មការសហគមន៍ចំនួន ១០នាក់ អំពីរបៀបប្រើប្រាស់ និងដំណើរការម៉ាស៊ីនកែច្នៃស្វាយចន្ទីពាក់កណ្តាលសម្រេច នៅរោងចក្ររបស់សហគមន៍។ អ្នកជំនាញមកពីប្រទេសវៀតណាមនេះបានបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនបកសំបកគ្រាប់ ប្រព័ន្ធសម្រិតគ្រាប់ស្វាយចន្ទី ឧបករណ៍ប្រើកម្លាំងខ្យល់ បច្ចេកទេសសម្ងួត និងវិធីសាស្ត្រកែច្នៃផ្សេងៗ។សមាជិកសហគមន៍បានចូលរួមយ៉ាងសកម្ម និងទទួលបានចំណេះដឹងជាក់ស្តែង ដើម្បីអាចប្រើប្រាស់ឧបករណ៍បានកាន់តែមានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់គុណភាព និងបង្កើនតម្លៃផលិតផលស្វាយចន្ទីរបស់សហគមន៍។

អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Olam សម្រាប់ការចូលរួម និងការគាំទ្រដល់សហគមន៍ ហើយសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហការដើម្បីគាំទ្រការផលិតស្វាយចន្ទីមេត្រីភាពព្រៃឈើនៅតំបន់ទេសភាពលំផាត់។

ពាក្យសម្គាល់៖