Donate
News

ព័ត៍មានសង្ខេប“សហគ្រាសសហគមន៍អភិរក្សទន្លេសាប” នៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

  • គឺជាក្រុមកែច្នៃផលិតជលផលដឹកនាំដោយក្រុមស្ដី្រ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ដែលជាសហគមន៍តំបន់ការពារតែមួយគត់ក្នុងតំបន់រ៉ាមសារស្ទឹងសែន។
  • ត្រូវបានបង្កើតឡើងក្រោមថវិកាគាំទ្រនៃមូលនិធិ Critical Ecosystem Partnership Fund (CEPF) ដែលអនុវត្ដដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)
  • សមាជិកសរុបចំនួន ១៨​​​ រូប ស្រ្ដី១០ មានទីតាំងក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ

គោលបំណងនៃការចងក្រងសហគ្រាសសហគមន៍អភិរក្សទន្លេសាប

  • លើកកម្ពស់ការចូលរួម និងដឹកនាំរបស់ស្ដ្រី
  • ពិពិធកម្មជម្រើសមុខរបរក្នុងសហគមន៍មូលដ្ឋាន
  • បង្កើនជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញការផលិតក្នុងស្រុកដោយបង្កើនអនាម័យនិងគុណភាព
  • រួមចំណែកការងារអភិរក្សធនធានធម្មជាតិក្នុងតំបន់រ៉ាមសារ និងបឹងទន្លេសាប តាមរយៈការកាត់បន្ថយនូវការដកហូតធនធានធម្មជាតិ​ហួសកម្រិត
  • បង្កើនចំណេះដឹង​ដល់ប្រជាជន​មូលដ្ឋានស្តីអំពីការកែឆ្នែផលិត​ផលនេសាទ​
  • បង្កើនសាមគ្គីភាពនៅក្នុងក្រុម និងការងារជាសហគមន៍
  • ផលិតផល
  • “ត្រីទន្លេ” ដែលជាត្រីឆ្អើរមិត្ដភាពជីវចម្រុះ
  • ផលិតផលកសិផលផ្សេងៗ (មិនទាន់រៀបចំ)
  • គោលការណ៍អនុវត្ដត្រីទន្លេ ទាំង ៩

១.​សមាជិកត្រូវមានឆន្ទះចូលរួមក្នុងក្រុមដោយស្ម័គ្រចិត្ដ ដោយគ្មានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ

២.សមាជិកត្រូវមានទីលំនៅអចិន្រ្ដៃយ៍នៅក្នុងឃុំផាត់សណ្ដាយ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ​មូលដ្ឋាន និងជាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

៣.សមាជិកមិនត្រូវប្រើប្រាស់ឧបករណ៍ខុសច្បាប់សម្រាប់នេសាទក្នុងតំបន់ការពារ ឬតំបន់អភិរក្ស ឬនេសាទ​ប្រភេទត្រីងាយរងគ្រោះ ឬនេសាទកូនត្រីសម្រាប់មកកែច្នៃឡើយ

៤.សមាជិកមិនត្រូវប្រើប្រាស់អុសដែលកាត់ចេញពីតំបន់អភិរក្សក្នុងតំបន់សហគមន៍ ឬតំបន់រ៉ាមសារឡើយ

៥.សមាជិកមិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិនានា ដូចជាការបរមាញ់សត្វព្រៃ ការប្រមូល​ពង​សត្វ​ ការទន្ទ្រានដី ឬការនេសាទខុសច្បាប់ឡើយ ហើយត្រូវចូលរួមរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន​ឲ្យបានទាន់ពេលវេលា ប្រសិនបើប្រទះឃើញមានការប្រព្រឹត្ដបទល្មើសធនធានធម្មជាតិនានា។

៦.សមាជិកត្រូវមានឆន្ទះខ្ពស់ក្នុងការចូលរួមទៀងទាត់នៅក្នុងវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំនានា ដើម្បីពង្រឹង​សមត្ថភាព​ និងជំនាញក្នុងការអនុវត្ដកែច្នៃត្រីឆ្អើរស្របទៅតាមស្ដង់ដារគុណភាព និងគោលការណ៍​អនាម័យ​ត្រឹមត្រូវ

៧.​​សមាជិកត្រូវចូលរួមសហការជាមួយអ្នកពាក់ព័ន្ធក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើការ​អនុវត្ដ​ក្នុងដំណើរការផលិតកែច្នៃត្រីឆ្អើរ ការស្ដុកទុក​និងវេចខ្ចប់ និងការគ្រប់គ្រងកាកសំណល់ស្របតាមស្ដង់ដា​គុណភាព និងគោលការណ៍អនាម័យ

៨.សមាជិកត្រូវចូលរួមជំរុញការអនុវត្ដការធ្វើវារីវប្បកម្មសុវត្ថភាពក្នុងសហគមន៍ ដើម្បីបង្កើនការផលិត​ប្រកប​ដោយ​​និរន្ដរភាព និងកាត់បន្ថយការដកហូតធនធានធម្មជាតិហួសកម្រិតក្នុងតំបន់អភិរក្ស។

៩. សមាជិកត្រូវចូលរួមផ្ដល់ប្រាក់វិភាគទានជាសមាជិកភាពនៃចំនួន​ ១,០០០ រៀល ក្នុងមួយខែ និង៥% នៃប្រាក់ចំណេញទៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង សម្រាប់គាំទ្រលើការ​គ្រប់គ្រងធនធានធម្មជាតិ​ និង ៥% នៃប្រាក់ចំណេញទៀត ចូលក្នុងសហគ្រាសសម្រាប់ជាថវិកាបម្រុង​សម្រាប់ជួសជុល ឬកែច្នៃលើដំណើរការកែច្នៃត្រីឆ្អើរ

Tagged: