គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់គាំទ្រការបោះបង្គោលព្រំតំបន់អភិរក្សនិងតំបន់ស្នូល
អត្ថបទដោយ៖ រឿន វ៉ាន់ថេត

រហូតមកដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះក្រោមការគាំទ្រគម្រោងថវិកាពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ចប់ការបោះបង្គោលព្រំតំបន់អភិរក្សនិង តំបន់ស្នូលសរុបចំនួន ៥០ បង្គោលបន្ថែមទៀត។ សកម្មភាពនេះមានគោលបំណងសំខាន់ក្នុងការកំណត់ព្រំប្រទល់រវាងតំបន់អភិរក្សនិងតំបន់ស្នូលឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលសម្គាល់នៅលើទីតាំងជាក់ស្តែងនិងធានាដល់ការគ្រប់គ្រង ការការពារឱ្យមានប្រសិទ្ធភាពក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តភាព។

ការបោះបង្គោលព្រំនេះ ក៏ជាយុទ្ធសាស្ត្រមួយក្នុងការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សហគមន៍មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ឱ្យបានជ្រាបកាន់តែច្បាស់អំពីការបែងចែកតំបន់អភិរក្ស និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។
គួរបញ្ជាក់ផងដែរថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា មកទល់ពេលនេះ ដែនជម្រកសត្វព្រៃលំផាត់បានបោះបង្គោលសរុបកើនឡើងដល់ ២៨៧ បង្គោលហើយ ដែលក្នុងនោះរួមមានបង្គោលព្រំដែនជម្រក ១០៨ បង្គោលព្រំតំបន់ស្នូល ១៥១ បង្គោល និងបង្គោលព្រំតំបន់អភិរក្សចំនួន ២៨ បង្គោល។



